កាតា នឹងខិតខំប្រមូលអ្នកវិនិយោគិនរវាងកម្ពុជា កាតាឱ្យបានកាន់តែច្រើនលើវិស័យស្បៀង

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៨ ៥ ២៤
ភ្នំពេញ៖ កាតា នឹងខិតខំប្រមូលអ្នកវិនិយោគិនរវាងកម្ពុជា កាតាឱ្យបានកាន់តែច្រើនលើវិស័យស្បៀង ដោយមើលឃើញកម្ពុជាគឺជាប្រទេសដែលមានសកត្ដានុពលលើការផលិតស្បៀង។

ក្នុងឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar)ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការប្ដេជ្ញាថា នឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀងដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។

ឯកឧត្ដម សន្យាថា នឹងខិតខំប្រមែប្រមូលអ្នកវិនិយោគិន ពីកាតា មកកម្ពុជាក៏ដូចជានាំវិនិយោគិន ពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ។  ឯកអគ្គរាជទូតកាតាបានបន្ដទៀតថា ឯកឧត្ដមកំពុងតែស្វែងយល់ពីកត្តាអនុគ្រោះអ្វីខ្លះដែលធានាដល់ការវិនិយោគរបស់កាតានៅកម្ពុជា។ កាតាមានលទ្ធភាពនៃការវិនិយោគលើវិស័យច្រើនដូចជា វិស័យថាមពលប្រេង ឧស្ម័ន វិស័យហេដ្ឋារចនាសម្ព័ន្ធ ការកសាងមន្ទីរពេទ្យ ព្រលានយន្តហោះ និងវិស័យផ្សេងៗជាច្រើនទៀត ហើយកាតាក៏កំពុងពិនិត្យសិក្សាពីQatar Airline ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ។

ឯកឧត្ដម Khalid Ali Abdullah Abel បានថ្លែងអំណរគុណចំពោះសម្តេចដែលបានពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាសវិនិយោគ ដោយឯកឧត្ដមបានបញ្ជាក់ថា មូលហេតុដែលឯកឧត្ដមមកទីនេះគឺដើម្បី គាស់នូវអ្វីៗដែលជាផលប្រយោជន៍ប្រទេសទាំងពីរឱ្យមានដំណើរការឡើងវិញ។  

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើនដោយសារថាកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយកម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន ជាពិសេសគឺស្រូវនិងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ហើយកម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃវេចខ្ចប់ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតឱ្យនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស។
 ក្នុងឱកាសនោះដែរ សម្ដេចតេជោមានប្រសាសន៍បន្ថែមថា កាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារជំងឺកូវីដកន្លងទៅ ដើម្បីឱ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុបមកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជា និងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសពីរ គឺពឹងផ្អែកទៅលើទំនាក់ទំនងខាងសេដ្ឋកិច្ច ពេលណា ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាងនយោបាយក៏រឹងមាំទៅតាមនោះដែរ ។ សម្ដេចតេជោ ជំរុញឱ្យពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរ ទី១. ធ្វើយ៉ាងណាឱ្យវិនិយោគិនមានទំនុកចិត្ត គឺត្រូវឱ្យមានកិច្ចព្រមព្រៀងការពារវិនិយោគ ទី២. ឱ្យមានកិច្ចព្រមព្រៀងមិនមានពន្ធត្រួតស៊ីគ្នា ហើយកាន់តែប្រសើរជានេះទៅទៀតបើអាចធ្វើបាន គឺបង្កើតកិច្ចព្រមព្រៀងតំបន់សេដ្ឋកិច្ចសេរី(Free TradeZone) ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសាអូឌីត។
សម្ដេចតេជោក៏បានធ្វើការសំណេះសំណាលគ្នាអំពីស្ថានភាព នៅមជ្ឈឹមបូព៌ាផងដែរ៕21BE7175-8025-4A87-86A7-9B2F83DB9A64B49D9C54-FE8D-4A66-9DF8-605E41A97E3AD14C8C4B-186B-4934-9DC5-69B8B37EA1004FD66E46-EB60-4037-A81A-50A5A238FAB9

Comments

Related posts