សហគមន៍កសិកម្មចំនួន៣ក្នុងចំណោមសហគមន៍សរុបចំនួន៧៤ក្នុងខេត្តបាត់ដំបង គ្រោងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៨.០៥.២០២៤

IMG_1230

IMG_1229

IMG_1232

IMG_1231

មន្ត្រីជំនាញកសិកម្មខេត្តបាត់ដំបង បានថ្លែងថា សហគមន៍កសិកម្មចំនួន៣ក្នុងចំណោមសហគមន៍សរុបចំនួន៧៤ក្នុងខេត្តបាត់ដំបង គ្រោងប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងធ្វើឱ្យសហគមន៍ទាំងនេះ កាន់តែមានភាពរីកចម្រើនជាងមុន ។ 

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា សហគមន៍កសិកម្មទំនើប គឺសំដៅទៅលើ ការផ្លាស់ប្តូរផ្នត់គំនិតរបស់កសិករ ពីទម្លាប់នៃការធ្វើកសិកម្មបែបប្រពៃណី មកជាការធ្វើផលិតកម្មរួមក្នុងសហគមន៍, ផ្តោតលើការដំាដុះបែបសុវត្ថិភាព , មានផែនការផលិតកម្មរួមច្បាស់លាស់, មានការគ្រប់គ្រងស្តង់ដារបច្ចេកទេសត្រឹមត្រូវ, មានការទិញធាតុចូល (ជី ថ្នាំ សម្ភារកសិកម្ម) សម្រាប់ប្រើប្រាស់រួម, មានការគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សាររួម, មានថ្នាក់ដឹកនាំ ដែលមានសមត្ថភាព មានប្រព័ន្ធគ្រប់គ្រង និងបទពិសោធន៍ច្បាស់លាស់ ជាពិសេសមានគោលការណ៍បែងចែកភាគលាភ ដែលមានតម្លាភាព និងគណនេយ្យភាពដល់សមាជិកទាំងអស់ ។ 
លោកបានបន្តថា ចំណុចទាំងនេះ មន្ត្រីជំនាញបានចុះធ្វើការត្រួតពិនិត្យនិងតាមដានរាល់សកម្មភាពទាំងអស់នៅតាមសហគមន៍ជាង៧០សហគមន៍ ដោយសង្កេតឃើញថាបច្ចុប្បន្ននេះមានសហគមន៍ដែលអាចកែលម្អនិងជំរុញបន្ថែមឱ្យក្លាយទៅជាសហគមន៍កសិកម្មទំនើបបាន មានចំនួន៣សហគមន៍កសិកម្ម ដែលនឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀតដល់សមាជិកក្នុងសហគមន៍ ។ 
 « ក្នុងនោះដែរមន្ទីរកសិកម្មខេត្តបាត់ដំបង គ្រោងសហគមន៍ចំនួន៣សម្រាប់ធ្វើការកែលម្អទៅជាសហគមន៍កសិកម្មទំនើប រួមមាន៖ សហគមន៍តាសី សហគមន៍មៀនប៉ៃលិន និងសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្ដា តាមរយៈកម្មវិធី អាស្ប៉ាយ ។ ហើយដែលអាចជំរុញទៅជាសហគមន៍កសិកម្មទំនើបនោះ គឺទីមួយទាក់ទងនឹងសកម្មភាពផលិតបែបជាទំហំផលិតធំ ទីពីរទាក់ទិនជាមួយនឹងបច្ចេកទេសដែលប្រកបដោយសុវត្ថិភាព ស្របតាមស្តង់ដារGAP ក្នុងការចូលរួមផលិតឆ្លើយតបទៅនឹងការផ្គត់ផ្គង់ទីផ្សារ ជាងនេះទៅទៀត ទាក់ទិនជាមួយនឹងសមត្ថភាពនៃការគ្រប់គ្រងសម្រាប់ការដាំដុះបានល្អជាងគេ សន្ទុះនៅក្នុងការចូលរួមរបស់សមាជិកក្នុងសហគមន៍មានភាពល្អប្រសើរ ដែលនេះគឺជាចំណុចដែលមន្ទីរកសិកម្មមើលឃើញ »។ 
បើយោងតាមប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើប គឺជាគោលនយោបាយដែលក្រសួងកសិកម្មត្រូវជំរុញ ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការដាក់ដីប្រើប្រាស់រួមក្នុងសហគមន៍ និងកម្លាំងពលកម្ម ក្រោមការដឹកនាំ គ្រប់គ្រងបែងចែកកម្មវិធីដាំដុះ និងប្រមូលទិញដោយសហគមន៍ផ្ទាល់ ៕

Comments

Related posts