បទយកការណ៍៖ កសិករវ័យក្មេងនៅខេត្តបាត់ដំបង បានពង្រីកសិប្បកម្មកែច្នៃដូងក្រអូបកាន់តែធំ បន្ទាប់ពីមានតម្រូវការទីផ្សារខ្ពស់

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ផលិតដោយលោកស្រី សន សាវិន 
  លោកអ្នកនាងជាទីមេត្រី !
  បច្ចុប្បន្នដូងក្រអូបនៅកម្ពុជា កាន់តែមានសន្ទុះកើនឡើង និង មានទីផ្សារខ្ពស់ ខណៈដែលប្រជាពលរដ្ឋបានចាប់អារម្មណ៍ងាកមកដាំដំណាំមួយនេះជាបន្តបន្ទាប់។ ម្ចាស់ចម្ការដូងក្រអូបDaling Farm នៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានកែច្នៃផលិតផលដូងក្រអូបទៅជាផលិតផលជាច្រើនប្រភេទដែលមាន គុណភាពខ្ពស់ និងអនាម័យ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដោយមិនចាញ់ផលិតផលដែលនាំចូលនោះឡើយ ។
  ថ្ងៃនេះនាទីបទយកការណ៍របស់វិទ្យុជាតិកម្ពុជាសូមលើកយកប្រធានបទស្ដីពី កសិករវ័យក្មេងនៅខេត្តបាត់ដំបង បានពង្រីកសិប្បកម្មកែច្នៃដូងក្រអូបកាន់តែធំ បន្ទាប់ពីមានតម្រូវការទីផ្សារខ្ពស់។
សំឡេងទី១«ញ៉ាំដូងដោយមិនប្រើកាំបិតចិត តើយើងធ្វើម៉េចទើបបានដូងញ៉ាំដោយមិនប្រើកាំបិតចិត?  គ្រាន់តែយើងទះមួយដៃបានដូងផឹកបាត់ នេះជាវិធីងាយបំផុតក្នុងការញ៉ាំដូង គ្រាន់តែទាញទុយោចេញមកជាមួយផ្លែដូង ហើយទះមួយដៃដោតទុយោចូល គឺជាការសម្រេច នេះហើយជាវិធីងាយក្នុង ការញ៉ាំទឹកដូងដោយមិនចាំបាច់ប្រើកាំបិត របស់Daling farm »។
Daling farm ជាឈ្មោះនិមិត្តសញ្ញាសម្គាល់ផលិតផល ម្ចាស់ចម្ការដូងក្រអូបបាត់ដំបង ដែលបានចាប់ផ្ដើមច្នៃផ្លែដូងស្រស់ទៅជា ដូងកែច្នៃចំនួន៤ប្រភេទ ដែលកំពុងតែចរាចរ នៅលើទីផ្សារ មួយចំនួនក្នុងប្រទេសកម្ពុជា។
ក្នុងវ័យជាង៣០ឆ្នាំ កញ្ញាកេង សុចិន្ដា ជាកូនអ្នកចម្ការដែលបានចាប់យករបបដាំដូងក្រអូបតឿ ក្នុងរយៈពេលជាង៤ឆ្នាំមកហើយ។ កញ្ញាបានលើកឡើងថា៖ បច្ចុប្បន្នផ្ទៃដីដាំដូងក្រអូបមានចំនួន៥ ហិកតា ដែលឆ្នាំនេះជាឆ្នាំទី២ ក្នុងការប្រមូលផល ដោយមួយខែប្រមូលបានជាង៧ពាន់ផ្លែ ហើយរហូតចុងឆ្នាំអាចឈានទៅដល់១ម៉ឺនផ្លែក្នុង១ខែ។ម្ចាស់ដូងក្រអូបDaling Farm បានលើកឡើងថា៖ បច្ចុប្បន្នការកែច្នៃដូងក្រអូបរបស់ចម្ការ Daling Farm សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺនៅមានតម្រូវការច្រើនណាស់ពីទីផ្សារ។
សំឡេងទី២«ខ្ញុំផ្គត់ផ្គង់អត់ទាន់ទេសម្រាប់អតិថិជនដែលគាត់កម្មង់ គឺត្រូវការច្រើនមែនទែន ទាំងផ្លែដូង និងផលិតផលដែលច្នៃហើយ ។ ដោយខ្ញុំបានច្នៃជាដូងរំលីង ដូងចិតស្អាត ដូងដុត និងដូងអុក ដោយយើងអុកញ៉ាំភ្លាមៗបានដោយមិនបាច់ប្រើកាំបិតចិត»។
កញ្ញា បានបន្តថា៖ សម្រាប់ផ្ទៃដីដាំដុះដូងក្រអូប បច្ចុប្បន្នមានទំហំ ៥ ហិកតាដែលមាន២ពាន់ដើមបរិមាណនៃការផ្គត់ផ្គង់ក្នុងមួយខែចំនួន ៧ពាន់ផ្លែទៅ៨ពាន់ផ្លែ និងចែកចាយទៅទីផ្សារភ្នំពេញ ខេត្តព្រះសីហនុ បាត់ដំបង និងក្រុងប៉ោយប៉ែត បាន៤ដងក្នុងមួយខែ។ ដោយមើលឃើញថា មានការគាំទ្រច្រើនពីទីផ្សារ ក្នុងស្រុក កញ្ញាកេង សុចិន្ដា នឹងពង្រីកទីតាំងកែច្នៃឱ្យបានធំជាង នេះ ដោយបច្ចុប្បន្ន សិប្បកម្មកែច្នៃរបស់កញ្ញាប្រើកម្លាំងពលកម្មជាង៤០នាក់។ 
សំឡេងទី៣«បច្ចុប្បន្នខ្ញុំកំពុងពង្រីកទីតាំងកែច្នៃ ហើយខ្ញុំប្រាប់បងប្អូនខ្មែរយើងនាំគ្នាដាំ ហើយពេលបានផលហើយដែលយកពូជដូងពីខ្ញុំទៅ ខ្ញុំទទួលទិញផ្លែខ្ចីមកកែច្នៃវិញ គ្រាន់តែអ្នកយកពូជពីខ្ញុំទៅ អត្រាពូជសុទ្ធខ្ពស់ ហើយយកពីណា ខ្ញុំពិបាកក្នុងការទិញ»។
កញ្ញាសុចិន្ដា បានរៀបរាប់ថា៖ ដោយសារគ្រួសារប្អូនធ្លាប់ដាំដំណាំ ដូងប្រេង ហើយអាស្រ័យនៅក្នុងកាលៈទេសៈកូវីដ-១៩ ទីផ្សារដូងប្រេងក៏ជួបបញ្ហា ទើបកញ្ញា បានសិក្សាស្រាវជ្រាវដាំដំណាំដូងតឿក្រអូប ដោយនាំពូជពីប្រទេសថៃ។ ដោយហេតុថាបច្ចុប្បន្ន ទីផ្សារដូងក្រអូបនៅកម្ពុជាមានតម្រូវការច្រើន ដែលត្រូវនាំចូលពីប្រទេសជិតខាង ដូច្នេះហើយទើបគ្រួសារ កញ្ញាបានបង្កើតកន្លែងកែច្នៃដូងក្រអូបស្រស់ទៅជាដូងក្រអូបកែច្នៃច្រើនប្រភេទដែលបានវេចខ្ចប់ត្រឹមត្រូវនិងមានអនាម័យខ្ពស់ទៅតាមស្តង់ដារ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាជំហានដំបូង។
សំឡេងទី៤«ខ្ញុំជាមនុស្សស្រីម្នាក់កើតនៅស្រុកខ្មែរ ជាកូនកសិករ ហើយក៏ជាអ្នកកែច្នៃចេញពីដៃកូន ខ្មែរ ហើយដូងដែលចែកចាយជូនបងប្អូនក៏ទទួលមកវិញជាលុយខ្មែរ ។ខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្របែបនេះ។ ខ្ញុំជាកសិករខ្មែរ នឹងខិតខំធ្វើឱ្យផលិតផលខ្មែរកាន់តែរីកចម្រើន ។ខ្ញុំគិតថាបើខ្មែរយើង ងាកមកប្រើប្រាស់ផលិតផលក្នុង ស្រុក វានឹងកាត់បន្ថយការចំណាយហូរចេញទឹកប្រាក់ទៅស្រុកគេច្រើន ហើយអ្វីដែលសំខាន់ជួយឱ្យកសិករក្នុងស្រុកមានប្រាក់ចំណូល»។
ដោយធ្លាប់មានបទពិសោធន៍ជាអ្នកចម្ការតាំងពីជំនាន់ជីដូនជីតាមក ការដាំដំណាំដោយពឹងផ្អែកទៅលើឈ្មួញកណ្ដាល គឺតែងតែជួបប្រទះពីតម្លៃធ្លាក់ចុះជាប្រចាំ ដែលធ្វើឱ្យអ្នកចម្ការមាន ការខាត បង់ជារៀងរាល់ឆ្នាំ។ កញ្ញាសុចិន្ដា បានលើកឡើងថា៖ ការកែច្នៃនូវផលិតផលរបស់ខ្លួនជារឿង មួយល្អ ដោយមិនចាំបាច់ពឹងទៅលើឈ្មួញកណ្ដាល។
សំឡេងទី៥«ខ្ញុំទទួលបានបទពិសោធន៍តាំងពីដាំដូងប្រេងមកម្ល៉េះ ដោយសារយើងមិនកែច្នៃ អ្វីដែល យើងជួប គឺការរកទីផ្សារអត់បាន ហើយរងការកៀបសង្កត់ដោយឈ្មួញកណ្ដាល។ ចឹងខ្ញុំជាកូនកសិករ ជំនាន់ថ្មី ខ្ញុំចង់ដាំ កែច្នៃ ដោយខ្លួនឯង រកទីផ្សារដោយខ្លួនឯង  ខ្ញុំរត់រកទីផ្សារមុន ទើបឱ្យទីផ្សាររត់មករកខ្ញុំវិញ។ ខ្ញុំរកទីផ្សារឱ្យហើយមុននឹងខ្ញុំដាំដូង ព្រោះខ្ញុំធ្លាប់ជួបបញ្ហាអស់ហ្នឹង ហើយខ្ញុំចង់ឱ្យខ្មែរយើង មានអ្វីដែលថ្មី  យើងមិនអាចធ្វើកសិកម្មបែបចាស់ៗទៀតទេ ព្រោះចឹងយើងមិនអាចទាន់គេទេ  បើយើងមិនទាន់គេ យើងនឹងបរាជ័យ ដាំអ្វីចេះតែខ្លាចរហូត»។ 
បច្ចុប្បន្នតម្លៃផ្លែដូងក្រអូប ដែលមិនទាន់បានកែច្នៃនិងវេចខ្ចប់នោះមានតម្លៃចន្លោះពី ១៥០០រៀលទៅ២៥០០រៀល ក្នុងមួយផ្លែទៅតាមរដូវកាល។

កញ្ញាសុចិន្តាបានបន្តថា៖បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាច្រើនចាប់ផ្ដើម ដាំដុះដូងក្រអូបតឿ ដោយសារដូងប្រភេទនេះ ប្រើប្រាស់រយៈពេលតែជាង ២ឆ្នាំ ប៉ុណ្ណោះអាចប្រមូលផលបាន។
សំឡេងទី៦«តាមពិតទៅបច្ចុប្បន្នយើងលក់តែផ្លែស្រស់ក៏បាន តែយើងមិនធ្វើ ដោយខ្ញុំគិតពីអនា គត ៥ទៅ១០ឆ្នាំខាងមុខទៀតតើវាទៅជាយ៉ាងណា វាត្រឡប់មកដូចស្វាយទេ ដូចដូងប្រេងទេ ចឹងខ្ញុំបង្ខំកែច្នៃធ្វើឱ្យហើយៗបងប្អូននៅក្នុងស្រុកខ្ញុំគាត់មានការងារធ្វើ ខ្ញុំឱ្យកម្លាំងពលកម្មខ្ពស់ ។ លើស ហ្នឹងទៅទៀតខ្ញុំសូមគាំទ្រឱ្យបងប្អូនយើងដាំដូង ដាំដោយមានបច្ចេកទេស កុំចេះតែដាំតាមតែគេថា មើលឱ្យ ច្បាស់ចាំដាំ ហើយដាំធ្វើយ៉ាងម៉េចរៀបចំប្រព័ន្ធទឹកឱ្យហើយជាមុន ដើម្បីដាំទៅបានផលជាក់ស្ដែង ហើយពូជ ដូងក៏វាសំខាន់ បើយើងនាំគ្នាជួយគាំទ្រ នោះលុយនឹងវិលជុំក្នុងប្រទេស ដោយមិនចេញទៅ ក្រៅ»។photo_2024-05-08_20-43-56 (3)
Daling farm  មិនត្រឹមតែកែច្នៃផលិតផលដូងក្រអូបប៉ុណ្ណោះទេ តែម្ចាស់ចម្ការរូបនេះក៏ទទួល រៀបចំប្រព័ន្ធស្រោចស្រព និងបច្ចេកទេសក្នុងការដាំដុះដូងក្រអូបនេះផងដែរ។កញ្ញាកេង សុចិន្ដា បានផ្ដល់ជាគំនិតយោបល់ដល់បងប្អូនប្រជាពលរដ្ឋពីទំហំដីដែលចង់ដាំដូងក្រអូបជាលក្ខណៈអាជីវកម្ម ដើម្បីងាយស្រួលក្នុងការលក់ដូរថា៖
សំឡេងទី៧«បងប្អូនដែលចង់ដាំពូជដូងល្អ ជាលក្ខណៈអាជីវកម្ម បងប្អូនគួរតែដាំដូងចាប់ពី១ហិកតា ឡើងទៅ  យើងអាចមានទុនល្មមធ្វើបាន។ ទី២ នៅពេលប្រមូលផល យើងនឹងបានចំនួនដែលគ្រប់ជើងឡាន ។អ្វីទៅដែលគ្រប់ជើងឡាន  ក្នុង១ខែយើងកាត់ចំនួន២ដង  ដោយកាត់ម្ដង អាចបានចំនួន២ពាន់ផ្លែ ដែលចំនួននេះយើងអាចដឹកជញ្ជូនដោយខ្លួនឯងមកកាន់កន្លែងកែច្នៃ។ ដូចជា Daling farm កំពុង បង្កើនកន្លែងកែច្នៃធំ ដើម្បីឱ្យបងប្អូនដែល បានទិញដូងក្រអូបពី Daling farm យកមកលក់ផ្លែវិញ ឱ្យ Daling farmកែច្នៃ ។ ១ហិកតា គួរដាំចំនួន៤០០ដើម ដោយ៦គុណនិង៤ម៉ែត្រ យើងងាយក្នុងការគ្រប់គ្រង ងាយក្នុងការប្រមូលផល »។
  លោកអ្នកស្តាប់នាងជាទីមេត្រី!
  ដូងក្រអូបតឿជាដំណាំមួយប្រភេទដែលអាចផ្ដល់ផលពេញមួយឆ្នាំតែម្ដង ប្រសិនបើមានការថែទាំត្រឹមត្រូវតាមក្បួនខ្នាត ជាពិសេសត្រូវការជី និងទឹកឱ្យបានគ្រប់គ្រាន់។ កញ្ញាកេង សុចិន្ដា បានសង្កត់ធ្ងន់ថា៖ ការដាំដុះដូងក្រអូបមិនងាយស្រួលប៉ុន្មានទេ  គឺតម្រូវឱ្យម្ចាស់ចម្ការមានការមើលថែឱ្យបានដិត ដល់ នោះវានឹងផ្ដល់ផ្លែផ្កាឱ្យយើងវិញ រហូតដល់ ២០ទៅ៣០ឆ្នាំ ហើយកម្ពស់របស់វាក៏មានការលូត លាស់ខ្ពស់ផងដែរ។
  បច្ចុប្បន្នទីផ្សារដូងក្រអូបក្នុងស្រុកមានតម្រូវការខ្ពស់ ហើយការផ្គត់ផ្គង់របស់កសិករខ្មែរនៅមិន ទាន់គ្រប់គ្រាន់នៅឡើយទេ ដែលធ្វើឱ្យមានការនាំចូលពីប្រទេសវៀតណាម និងប្រទេសថៃជារៀងរាល់ថ្ងៃ។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២២ នៅប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន ៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន ៨ពាន់តោន៕photo_2024-05-08_20-43-28photo_2024-05-08_20-43-56photo_2024-05-08_20-43-56 (2)photo_2024-05-08_20-43-57 (2)photo_2024-05-08_20-43-55photo_2024-05-08_20-43-55 (4)photo_2024-05-08_20-43-55 (3)photo_2024-05-08_20-43-55 (2)photo_2024-05-08_20-43-54photo_2024-05-08_20-43-54 (2)

Comments

Related posts