កម្ពុជា និងកាតា ឯកភាពគ្នាបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៩ ៥ ២០២៤

IMG_1272-2

IMG_1271-1

IMG_1268-2

IMG_1270-2

 

ភ្នំពេញ ៖ កម្ពុជា និងកាតា ឯកភាពគ្នាបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម ខាលីដ អាលី អាប់ឌុលឡា អាប៊ែល (Khalid Ali Abdullah Abel) ឯកអគ្គរាជទូតនៃរដ្ឋកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងកាតា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០០៨ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នានៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។
បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានឯកភាពលើសារៈសំខាន់នៃការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលវេទិកានេះនឹងបម្រើ ជាកម្លាំងចលករប្រកបដោយប្រសិទ្ធភាពមួយ ក្នុងការស្វែងរកមធ្យោបាយបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី   បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដោយស្មោះ  និងទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅកាតា ពីឯកឧត្តម ហ្សេក មហាម៉េដ ប៊ីន អាប់ឌុលរ៉ាហ្សម៉ាន់ ប៊ីន ចាសស៊ីម អាល់-ថានី (Sheikh Mohammed bin Abdulrahman bin Jassim Al Thani) នាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស នៃរដ្ឋកាតា តាមពេលវេលាសមស្របសម្រាប់ភាគីទាំងពីរ នាពេលឆាប់ៗខាងមុខ៕

Comments

Related posts