ឪឡឹកលឿងនិងត្រសក់ផ្អែមជាដំណាំលេចធ្លោមានទីផ្សារជាងគេនៅក្នុងខេត្តឧត្តរមានជ័យ

 

វិទ្យុជាតិកម្ពុជា លោក អេង យូ ថ្ងៃទី២៦  ខែមេសា ឆ្នាំ២០២៤

IMG_1310-1

IMG_1312-1

IMG_1311-1

IMG_1316

IMG_1319-2

IMG_1314-1

IMG_1315

MC. មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ មានផែនការជំរុញការងារដាំដុះដំណាំត្រសក់ផ្អែម និងឪឡឹកលឿងឱ្យបានកាន់តែច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារនាំចេញទៅភ្នំពេញ ខណៈដំណាំទាំងពីរប្រភេទខាងលើកំពុងមានភាពលេចធ្លោនិងមានទីផ្សារជាងគេនៅក្នុងតំបន់នេះ។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ឧត្តរមានជ័យស្ថិតនៅតំបន់ខ្ពង់រាប ប្រជាកសិករក្នុងមូលដ្ឋាននេះប្រមាណ៩០ភាគរយ បានពឹងអាស្រ័យលើវិស័យកសិកម្ម ខណៈផ្ទៃដីដាំដុះក្នុងទូទាំងខេត្ត មានប្រមាណ៣០ម៉ឺនហិកតាជាង។ លោកថា ក្រៅពីដំណាំស្រូវ ស្វាយចន្ទី ដំឡូងមី ស្វាយកែវរមៀត និងកៅស៊ូ ដែលជាដំណាំមានសក្តានុពលប្រចាំតំបន់ហើយនោះ នៅមានដំណាំរួមផ្សំចម្បងៗពីរប្រភេទទៀត គឺឪឡឹកលឿងនិងត្រសក់ផ្អែម កំពុងមានភាពលេចធ្លោ មានការទទួលស្គាល់ពីគ្រប់ទិសទី បាននាំទៅកាន់ទីផ្សារជាច្រើននៅទូទាំងប្រទេស ជាពិសេសរាជធានីភ្នំពេញ។
លោកបន្តថា ដោយសារស្ថានភាពដីមានអំណោយល្អពីធម្មជាតិ រួមផ្សំនិងពូជដំណំា ការដាំដុះស្របតាមបច្ចេកទេសដែលជំនាញបានផ្តល់ជូន ធ្វើឱ្យត្រសក់ផ្អែម និងឪឡឹកលឿងរបស់កសិករនៅក្នុងតំបន់នេះ មានរសជាតិផ្អែមឆ្ងាញ់ មានកេរ្តិ៍ឈ្មោះល្បីល្បាញទទួលស្គាល់ពីមជ្ឈដ្ឋានទូទាំងប្រទេស និងមានការបញ្ជាទិញយកទៅលក់នៅតាមផ្សារទំនើបគ្រប់ទិសទី។ លោកថា បច្ចុប្បន្នកសិករនៅតាមសហគមន៍បានរៀបចំផែនការដាំដុះដំណាំទាំងពីរប្រភេទនេះ ដើម្បីផ្គត់ផ្គង់យ៉ាងទៀងទាត់ទៅឱ្យក្រុមជាដៃគូ ក្នុងមួយសប្តាហ៍អាចនាំទៅកាន់ទីផ្សារនៅរាជធានីភ្នំពេញបានចំនួន៧តោន។
 អ៊ីចឹង៧តោនគឺកសិករយើងរៀបចំវេនដាំ ប៉ុន្មាននាក់ដែលអាចធានាការផ្គត់ផ្គង់បាន គឺយើងរៀបចំក្រុមហើយយើងធ្វើកិច្ចសន្យារវាងក្រុមហ៊ុន និងសហគមន៍កសិកម្មដែលមានតំណាងកសិករអ្នកដាំឪឡឹកទៅ ហើយមន្ទីរជាអ្នកសម្របសម្រួលធ្វើកិច្ចសន្យា ជាអាជ្ញាកណ្តាល មានន័យថាភាគីទាំងពីរ ធ្វើការដោយការ ទទួលខុសត្រូវដូចគ្នា អ្នកដាំធានាថាមានឪឡឹកលឿង ឱ្យអ្នកទិញ រៀងរាល់តាមកិច្ចសន្យា រឿងនេះ យើងធ្វើបានជោគជ័យរយៈពេលប៉ុន្មានឆ្នាំហើយ កសិករក៏សប្បាយចិត្តឈ្នួញឬក្រុមហ៊ុនក៏គាត់សប្បាយចិត្ត គាត់មិនបារម្ភថាដាំឬកំពុងលក់ដាច់លើទីផ្សារ ស្រាប់តែដាច់អត់មានឪឡឹកលក់ អត់មានត្រសក់ផ្អែមលក់គឺអត់ទេ គឺមានទៀងទាត់នៅពេលគាត់ធ្វើកុងត្រាជាមួយយើងនៅក្នុងសហគមន៍យើងជួយសម្របសម្រួលឱ្យទាំងអស់ ។បន្តបន្ទាប់ទៀតយើងកំពុងពង្រីកទៅកន្លែងផ្សេងៗទៀត ពង្រីកកសិករយើងឱ្យខិតខំដាំទៀត យើងពង្រីកបច្ចេកទេស ពង្រីកវិសាលភាព ដើម្បីឱ្យយើងមានទីផ្សារច្រើនជាងហ្នឹង ផែនការខ្ញុំបើសិនអាចទៅរួចយើងចង់បានមួយថ្ងៃ១០០តោនយ៉ាងតិច សម្រាប់ឱ្យកសិករយើងមានការងារធ្វើនេះជាគោលដៅរបស់ខ្ញុំ។
លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ បានបញ្ជាក់ទៀតថា កសិករនៅក្នុងខេត្តចំនួនប្រមាណជាង១០០គ្រួសារ កំពុងសហការគ្នាដាំដុះដំណាំត្រសក់ផ្អែម និងឪឡឹកលឿង លក្ខណៈវិលជុំ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ គ្រប់រដូវកាល។ ជាបន្តបន្ទាប់មន្ទីរកំពុងពង្រីក ចំនួនកសិករឱ្យខិតខំដាំដុះ និងពង្រីកការទទួលយកនូវបច្ចេកទេសថ្មីៗ ដើម្បីឱ្យការផ្គត់ផ្គង់បានកាន់តែច្រើន៕

Comments

Related posts