មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ ជំរុញកសិករឱ្យដាំដំណាំស្រូវ និងដំឡូងមីលើផ្ទៃដីតែមួយ ក្នុងមួយឆ្នាំបាន២ដង

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤

IMG_1310-1

IMG_1312-1

IMG_1311-1

IMG_1316

IMG_1319-2

 

IMG_1315

MC. មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ កំពុងជំរុញកសិករផលិតពូជស្រូវ និងដំឡូងមី ធ្វើយ៉ាងណាដំាដុះដំណាំទាំងពីរខាងលើ ឱ្យបានពីរដងក្នុងមួយឆ្នាំ ដើម្បីបង្កើនទិន្នផល និងជំរុញការនាំ ចេញ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ លោកសូត្រ ស៊ីសុខឃាង បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជាថា ឧត្តរមានជ័យជាខេត្តមួយ ដែលពឹងផ្អែកជាចម្បងទៅលើវិស័យកសិកម្ម ខណៈប្រជាកសិករក្នុងមូលដ្ឋាននេះប្រមាណ៩០ភាគរយ បានពឹងអាស្រ័យលើវិស័យកសិកម្ម និង មាន ផ្ទៃដីដាំដុះដំណាំទូទាំងខេត្ត ប្រមាណជាង៣០ម៉ឺនហិកតា។ លោកថា ដំណាំមានសក្តានុពលសំខាន់ៗ ចំនួន៧ប្រភេទ ដែលកសិករកំពុងដាំដុះ និងផលិតបាន អាចនាំចេញទៅកាន់ទីផ្សារទាំងក្នុងនិង ក្រៅប្រទេស មានដូចជា៖ ដំណាំស្រូវ ចំនួនប្រមាណ១០ម៉ឺនហិកតា ដំឡូងមី ប្រមាណ៧ម៉ឺនហិកតា ស្វាយចន្ទី ប្រមាណ២ម៉ឺនហិកតា ស្វាយកែវរមៀត ប្រមាណ២ម៉ឺនហិកតា និងដំណាំកៅស៊ូ ប្រមាណ ១៨,០០០ហិកតា ក្រៅពីនោះក៏មានដំណាំត្រសក់ផ្អែម ឪឡឹកលឿង និងដំណាំរួមផ្សំជាច្រើនប្រភេទទៀត។
លោកបានបន្តថា ក្នុងចំណោមដំណាំមានសក្តានុពលទាំងនោះ ស្រូវជាស្បៀងអាហារដ៏មានសារៈសំខាន់ មួយ សម្រាប់ផ្គត់ផ្គងជីវិតមនុស្សនិងសត្វ ក្រៅពីការផលិតសម្រាប់ហូបចុក ផលិតជាចំណីសត្វ និង ផលិតពូជ ក្នុងខេត្តហើយនោះ ក្នុងមួយឆ្នាំៗស្រូវវស្សាប្រមាណជាង២០ម៉ឺនតោន ជាពិសេសស្រូវផ្ការំដួល ត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេស និងបណ្តារោងម៉ាស៊ីននានាក្នុងខេត្តមួយចំនួន។ ចំណែកដំណាំដំឡូងមីវិញ គឺជាដំណាំផលិតសម្រាប់ការនាំចេញទៅកាន់ទីផ្សារនៅក្រៅប្រទេស។ លោកថា ដើម្បីបង្កើនផលិតភាពនៃដំណាំទាំងនោះ ឱ្យកាន់តែប្រសើរ ជាពិសេសសម្រាប់នាំចេញទៅលក់នៅតាម ទីផ្សារស្របតាមតម្រូវការជាបន្តបន្ទាប់  មន្ទីរ កំពុងជំរុញកសិករឱ្យខិតខំផលិតពូជដំណាំទាំងពីរប្រភេទ ខាងលើ ដោយបានចងក្រងជាក្រុម ឬសហគមន៍ ឱ្យកសិករខិតខំផលិតពូជថ្មីៗ សម្រាប់ចែកចាយដាំដុះ ក្នុងសហគមន៍។ ធ្វើបែបនេះអាចជំរុញកសិករ ឱ្យដាំដុះបានពីរលើក ក្នុងមួយឆ្នាំ ពោលគឺ ៦ខែអាចដាំ ដំណំាស្រូវ និង៦ខែអាចដាំដំដំឡូងមី។
 យើងគិតថាអ្វីដែលផ្តល់ចំណូលសេដ្ឋកិច្ចខ្ពស់ដល់កសិករ បានទិន្នផលខ្ពស់ដែរ យើងត្រូវ ពង្រីកឱ្យគាត់ អ៊ីចឹងយើងចាប់ផ្តើមផលិតពូជស្រូវ បង្កើតក្រុម យើងធ្វើនៅក្នុងក្របខណ្ឌទាំង៥ស្រុកហ្នឹង ឱ្យគាត់ធ្វើទៅគាត់លក់ក្នុងសហគមន៍ ហើយកន្លងមកយើងធ្លាប់ធ្វើដល់ក្រៅខេត្តទៀត។ទី២. ទាក់ទង ដំឡូងក៏អ៊ីចឹងដែរ យើងកំពុងតែបង្វែរទិសឱ្យកសិករផលិតពូជ យើងឃើញថាពូជមួយល្អ យើងចាប់ផ្តើម បង្វែរថា ពីមុនដាំដំឡូងយើងប្រើពេល១១ខែ ប៉ុន្តែឥឡូវនេះមានពូជដែលធ្វើនៅប្រទេសថៃគេធ្វើតែ៦ខែ ហើយទិន្នផលបាន២០តោនដែរ អ៊ីចឹងកសិករអាចយកដី៦ខែដាំដំឡូង ពេលច្រូតស្រូវហើយ ក្នុងខែ១២ គាត់ដាំដំឡូង អ៊ីចឹងគាត់ដាំ៦ខែ ក្រោយពេលច្រូតស្រូវគាត់ដាំដំឡូង ក្រោយប្រមូលផលដំឡូង គាត់អាច ផលិតស្រូវឡើងវិញ យើងកំពុងគិតគូររឿងនេះ យើងធ្វើបានមក២ឆ្នាំហើយ មិនមែនទើបតែឥឡូវទេ ឱ្យគាត់ផលិតពូជហ្នឹងឱ្យបានច្រើន ចែកចាយដល់កសិករ តាមផែកហ្វេសប៊ុកមន្ទីរចេះតែរុញ ផ្តល់ព័ត៌មាន ថា យើងបានធ្វើអាហ្នឹង ចែកឱ្យកសិករយើងដាំ យើងជួយគាំទ្របច្ចេកទេស។
ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បញ្ជាក់ថា កសិករក្នុងខេត្តមានផ្ទៃដីដំាដុះដំណាំកសិកម្ម ក្នុងមួយ គ្រួសារមិនក្រោម៥ហិកតាឡើយ ដូច្នេះអ្វីជាការគិតគូររបស់មន្ទីរ មកដល់ពេលនេះ គឺអាកាសធាតុមានការ ប្រែប្រួលច្រើន ការយកចិត្តទុកដាក់លើការផលិតពូជ និងបច្ចេកទេសដាំដុះ ទាមទាឱ្យកសិករទទួលយក និងតាមដាននូវព័ត៌មានថ្មីៗ ដែលមន្ត្រីកសិកម្មបានផ្តល់ជូន ដើម្បីឱ្យការងារដាំដុះដំណាំគ្រប់ប្រភេទ ទទួល បានទិន្នផលខ្ពស់ អាចនាំចេញទៅកាន់ទីផ្សារបានយ៉ាងទូលំទូលាយ៕

Comments

Related posts