សន្តិភាព ស្ថេរភាពនយោបាយបាននាំឱ្យប្រជាជនកម្ពុជាមានឱកាស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៩.០៥.២០២៤

IMG_1375-1

IMG_1372

IMG_1376-1

IMG_1377-1

IMG_1373-1

IMG_1374-1

 

ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងថា សន្តិភាព ស្ថេរភាពនយោបាយបាននាំឱ្យប្រជាជនកម្ពុជាមានឱកាស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន ជាមួយនឹងការធ្វើឱ្យប្រទេសជាតិមានឈ្មោះបោះសំឡេងនៅលើឆាកអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធំៗ ដែលមានទាំងថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចនៅលើពិភពលោក បានមកចូលរួមប្រជុំដល់កម្ពុជា ហើយកម្ពុជារក្សាបាននូវសន្តិសុខពេញលេញ សម្រាប់ថ្នាក់ដឹកនាំទាំងនោះផងដែរ ។

  

  ការថ្លែងបែបនេះរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីសោភា (ហៅវត្តអង្គតាមិញ) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផងដែរ ។ 

  ឯកឧត្តម ហ៊ុន ម៉ានី បានមាន ប្រសាសន៍ថា សមិទ្ធផលដែលសម្ពោធនៅពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ ។ ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវចងចាំថា ការដែលអាចជួបជុំគ្នាកសាងនូវសមិទ្ធផលនៅក្នុងទីនេះបាន គឺដោយសារប្រជាពលរដ្ឋរស់នៅក្រោមដំបូលសន្តិភាព ដែលបានផ្ដល់ឱកាសឱ្យប្រជាជនបានជួបជុំគ្នា ធ្វើបុណ្យរួមគ្នាបាន ។

ឯកឧត្តមបានបន្តទៀតថា កត្តាសុខសន្តិភាពទាំងនេះ គឺបានមកពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសម្ដេចបានប្ដូរជីវិតចំពោះជាតិតាំងពីឆ្នាំ១៩៧៧ រហូតទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេសនៅឆ្នាំ១៩៩៨ ។

ឯកឧត្តមហ៊ុន ម៉ានី ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ មហាជន សិស្ស និស្សិតទាំងអស់ រួមគ្នាគាំទ្រការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យគម្រោងនេះ សម្រេចបានជោគជ័យសម្រាប់ជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានមាន ប្រសាសន៍លើកឡើងថា ទីតាំងវត្តអង្គតាមិញ ពីមុនជាវាលស្រែ ដែលម្ចាស់ដីស្រែនោះ ឈ្មោះលោកតាមិញ ។ តាមិញគាត់បានប្រគល់ដីនេះជូនព្រះសង្ឃហើយព្រះសង្ឃក៏បានសម្រេចដាក់ឈ្មោះវត្តនេះជាអង្គតាមិញ ក្នុងឆ្នាំ១៨៩៨ ។ បច្ចុប្បន្ន វត្តអង្គតាមិញបានប្រើឈ្មោះមួយទៀត គឺវត្តគោកចំបក់ ។ ការដាក់ឈ្មោះវត្តគោកចំបក់នេះ ដោយសារទីវត្តអារាមនេះមានដើមចំបក់ដ៏ធំមួយ។ វត្តអង្គមិញ គិតមកដល់ពេលនេះមានអាយុកាល១២៦ឆ្នាំហើយ ជាវត្តមានបារមីស័ក្តិសិទ្ធដែលធ្វើឱ្យពុទ្ធបរិស័ទនិងប្រជាពលរដ្ឋមានជំនឿ ជឿងជាក់យ៉ាងខ្លាំងផងដែរ ។

   ឯកឧត្ដមបានបន្ថែមទៀតថា ចំពោះសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នានាពេលនេះ មានដូចជាការកសាងប្រាសាទ ការពង្រីកសាលាធម្មសភា ការកសាងព្រះពុទ្ធរូបអង្គធំកម្ពស់១៥ ម៉ែត្រមួយអង្គជាមួយនឹងព្រះពុទ្ធរូប តូចៗចំនួន១៤អង្គ គំនូរ និងសមិទ្ធផលផ្សេងៗទៀត ដែលសរុបជាទៅប្រាក់ប្រមាណ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ៕

Comments

Related posts