អ្នកសារព័ត៌មានជាស្ត្រីបានចូលរួមយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់ស្រ្តី

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៩.០៥.២០២៤

IMG_1422

IMG_1421-1

IMG_1424-1

IMG_1425-1

IMG_1423

IMG_1426-1

IMG_1427

IMG_1428-1

IMG_1429

 

អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ការចូលរួមរបស់អ្នកសារព័ត៌មានជាស្ត្រីគឺជាធាតុមួយដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាប្រឈមរបស់ស្រ្តី ខណៈដែលបច្ចុប្បន្ននេះចំនួនអ្នកសារព័ត៌មានជាស្ត្រីនៅមានចំនួនតិចតួចនៅឡើយដែលទាមទារឱ្យអ្នកពាក់ព័ន្ធ ចូលរួមលើកទឹកចិត្ត ដើម្បីមានឱកាសចូលរួមក្នុងវិស័យព័ត៌មាននិងពង្រឹងភាពក្លាហានរបស់ស្រ្តី រួមទាំងការទំនាក់ទំនងផងដែរ ។ 

  

   ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា គិតត្រឹមឆ្នាំ២០២៣ អ្នកសារព័ត៌មានមានចំនួនសរុបប្រមាណ១ម៉ឺននាក់ ក្នុងនោះវត្តមានស្រ្តីនៅក្នុងវិស័យសារព័ត៌មានមានត្រឹមតែ៣២០នាក់ប៉ុណ្ណោះ ដែលស្មើនឹង៩ភាគរយនៃចំនួនសរុប ។ បើទោះបីជាចំនួននេះមានតិចតួចនៅឡើយ ក៏ប៉ុន្តែក៏បានបង្ហាញពីវត្តមាននៃការចូលរួមយ៉ាងសកម្ម ពីអ្នកសារព័ត៌មានជាស្ត្រីនៅក្នុងវិស័យព័ត៌មាន ថាការចូលរួមរបស់ស្ត្រីគឺពិតជាមិនអាចខ្វះបាននោះឡើយ ។ 

ឯកឧត្តម បានបន្តថា វត្តមានស្រ្តីក្នុងវិស័យសារព័ត៌មាន ត្រូវការចាំបាច់នៅក្នុងការលើកទឹកចិត្តបន្ថែម ពីសំណាក់សមាជិកគ្រួសារ សង្គម និងក្រសួងស្ថាប័ន ដើម្បីជំរុញធ្វើយ៉ាងណាឱ្យមានស្រ្តីមានឱកាសចូលរួមក្នុងវិស័យនេះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះមានតែស្រ្តីទេដែលអាចដឹងអំពីស្រ្តី បានច្បាស់ជាងនរណាទាំងអស់ ហើយនៅពេលដែលស្រ្តីអាចសរសេរព័ត៌មានអំពីស្រ្តី មានតួនាទី និងមានសិទ្ធិសម្រេចចិត្តនៅក្នុងស្ថាប័នរបស់ខ្លួន គឺនាំឱ្យការបញ្ជូនព័ត៌មានកាន់តែមានសុក្រឹតភាព ហើយឈានទៅដល់ការរៀបចំផែនការការងារសម្រាប់ស្រ្តីបានកាន់តែល្អប្រសើរថែមទៀតផង ។

« បើសិនជាក្រុមគ្រួសារ សមាជិកនៅក្នុងសង្គមបានដឹងថា មានមិត្តភក្តិ កូន ឬក្មួយ មានចំណាប់អារម្មណ៍ខាងវិស័យសារព័ត៌មាន ខ្ញុំសូមសំណូមពរថា គួរតែលើកទឹកចិត្តដើម្បីមានការចូលរួមពីស្ត្រី ឱ្យបានកាន់តែច្រើន ពីព្រោះឥឡូវនេះកម្ពុជាមានសន្តិភាពពេញលេញហើយ អ្នកសារព័ត៌មានមិនថាស្ត្រីឬបុរសទេបើសិនជាជួបបញ្ហាគឺដូចតែគ្នា ប៉ុន្តែឥឡូវនេះអ្នកសារពព័ត៌មានយើងអាចចូលយកព័ត៌មានបានគ្រប់ទិសទី បានគ្រប់ទីកន្លែងដោយសមត្ថភាព ដោយមិនមានសម្ពាធអ្វីមួយនោះទេ លើកលែងតែយើងទៅធ្វើអ្វីមួយដែលខុសក្រមសីលធម៌ ដូច្នេះខ្ញុំគិតថាគួរត្រូវបានលើកទឹកចិត្ត ហើយក៏ជាកត្តាមួយដែលអាចពង្រឹងស្មារតីស្ត្រីបន្ថែមទៀត កាលណាយើងអាចបណ្តុះការស្រឡាញ់លើវិស័យមួយនេះបានច្រើនគ្នា ខ្ញុំគិតថាវាជួយឱ្យសន្ទុះនៃការអភិវឌ្ឍវិស័យព័ត៌មានរបស់កម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត» ។ 

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា នៅក្នុងបេសកកម្មអាទិភាពការងាររបស់ក្រសួងព័ត៌មាន គឺក្រសួងនឹងរៀបចំនូវប្រព័ន្ធកូតាមួយដែលកំណត់អំពីចំនួនស្ត្រី ដោយការកំណត់នេះ នឹងធ្វើឱ្យទាំងក្រសួង ទាំងវិស័យរដ្ឋ និងឯកជនត្រូវចូលរួមអនុវត្ត ។ ក្នុងនោះ ចំពោះការបង្កើតកូតាស្ត្រីនៅក្នុងក្រសួង-ស្ថាប័នរដ្ឋនិងឯកជន ពាក់ព័ន្ធជាមួយនឹងវិស័យព័ត៌មាននេះ គឺជាកត្តាមួយដ៏ចាំបាច់ត្រូវចូលរួមចំណែក ដោយមានន័យថា ប្រធានអង្គភាព ឬក្រសួង-ស្ថាប័នទាំងអស់  ទាំងរាជធានី-ខេត្ត ដោយចាប់ផ្តើមចេញពីក្រសួងព័ត៌មាន ក៏ដូចជាមន្ទីរព័ត៌មាន គឺនឹងអាចឈានទៅកំណត់ពីចំនួនស្ត្រីក្នុងការបម្រើការងារ ដែលនេះគឺជាផ្នែកមួយក្នុងការបង្កើនការលើកកម្ពស់យេនឌ័រក្នុងវិស័យព័ត៌មាន ដើម្បីឱ្យមានសំឡេងចម្រុះពីស្ត្រីក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសធ្វើយ៉ាងណាបង្កឱកាស ក៏ដូចជាបរិយាកាសសមស្រប ដើម្បីឱ្យស្ត្រីអាចមានភាពរឹងមាំក្នុងការចូលរួមឱ្យបានកាន់តែច្រើនបន្ថែមទៀត ៕

Comments

Related posts