គម្រោងធំៗ១៤ និងមានទុនវិនិយោគ ៤៨០លានដុល្លារបានបណ្ដាក់ទុននៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា

 

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចចុះហត្ថលេខាអនុម័តលើគម្រោងធំៗ១៤ ជាមួយទុនវិនិយោគ ៤៨០លានដុល្លារអាមេរិក ដើម្បីបើកឱកាសវិនិយោគ និងទាក់ទាញអ្នកវិនិយោគមកថ្មីៗនៅកម្ពុជាបន្ថែមទៀត។

  ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណា ចក្រកម្ពុជា មានប្រសាសន៍ថា គិតត្រឹមខែមេសា ឆ្នាំ២០២៤ កម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ ដែលមានទុនវិនិយោគសរុបជាង ២.៥ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាង ១៣០ពាន់កន្លែង។ នេះជាលទ្ធផលខិតខំប្រឹងប្រែង៨ខែមកនេះ  ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានចុះហត្ថលេខាអនុម័តលើគម្រោងធំៗចំនួន១៤ ជាមួយទុនវិនិយោគ ៤៨០លានដុល្លារអាមេរិកផងដែរ កាលពីថ្ងៃទី៨ ខែឧសភាឆ្នាំ២០២៤។

ក្នុងនោះ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤កន្លងទៅ សម្តេចបានសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលមានទុនវិនិយោគ៣៧ លានដុល្លារ។ 

សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលសុខចិត្តកាត់បន្ថយពន្ធគយ ដើម្បីកម្ពុជាទទួលបានការវិនិយោគរយៈពេលវែង និងចង់ឃើញពលរដ្ឋទទួលបានជំនាញវិជ្ជាជីវៈបន្ថែម និងទទួលបានរបស់របរប្រើប្រាស់ថ្មី គុណភាពល្អ និងតម្លៃសមរម្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា អភិក្រមនៃការវិនិយោគរបស់កម្ពុជា គឺរក្សាឱ្យបាននូវគម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា ដូចពាក្យស្លោកថា រក្សាចាប៥ក្នុងដៃ ប្រសើរជាងចាប២០នៅក្នុងព្រៃ យកលលកធ្នាក់ ទាក់លលកព្រៃ។

សម្តេចធិបតីថា ការជួយឱ្យរោងចក្រនៅកម្ពុជាទទួលបានភាពរីកចម្រើន គឺជាការធ្វើទីផ្សារដ៏ល្អក្នុងការទាក់ទាញអ្នកវិនិយោគមកថ្មីៗបន្ថែមទៀត៕DBE50D9C-C759-4FC2-ACD8-161B1F53DF05ACF172B4-3286-47C2-8F36-5593DC64066D4E735482-73DF-4B47-8B13-E0FEE540374B915A4814-999F-4D5D-AA08-1870CB957110E9F56875-753F-4605-B0CE-F9D9DCE3590F

Comments

Related posts