វិទ្យុជាតិកម្ពុជា
ព្រះវិហារ៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះធម្មជាតិ ចំនួន ៣៥០គ្រួសារ នៅស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ទទួលបានអំណោយជាស្បៀងអាហារ ពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត។ ពិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅបរិវេណវត្តទួលអណ្ដែត ស្ថិតក្នុងភូមិសាស្ដ្រភូមិសង្គមថ្មី ឃុំទឹក ក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលលោកទាំងទ្វេតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក មានជីវភាពខ្វះខាត ស្ដ្រីមេម៉ាយមានកូនច្រើនក្នុងបន្ទុក ជនមានពិការភាព ជាពិសេសគឺប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ពោលគឺ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយសាអត់ស្បៀងអាហារបរិភោគឡើយ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលស្រុកជាំក្សាន្តដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រហូតសម្រេចបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ជាពិសេស គឺការចូលរួមគិតគូរដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តម គីម រិទ្ធី បានគូសបញ្ជាក់ថា ក្នុងនាមឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ហើយគម្រោងនេះ គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបន្សល់ទុកជាកេរមរតកប្រវត្តិសាស្ត្រ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ។
ឯកឧត្ដមបានថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងរដ្ឋបាលស្រុកជាំក្សាន្ត ដែលបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនរហូតសម្រេចបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ជាពិសេសគឺការចូលរួមគិតគូរដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជាចុងបញ្ចប់ឯកឧត្ដមបានផ្ដាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមប្រុងប្រយ័ត្នខ្ពស់នារដូវភ្លៀងនេះ ចូលរួមថែទាំសុខភាពប្រុងប្រយ័ត្នអំពីជំងឺឆ្លងនានា គ្រោះថ្នាក់ធម្មជាតិខ្យល់កន្ត្រាក់ផ្គររន្ទះ សត្វអាសិរពឹសជាពិសេសក្មេងៗ កុំបណ្តោយឱ្យលេងទឹក ប្រយ័ត្នលង់។ យកចិត្តទុកដាក់អប់រំ ណែនាំ ចិញ្ចឹមបីបាច់កូន ចៅឱ្យក្លាយជាពលរដ្ឋល្អ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គម និងបន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សំដៅបង្ការទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសព្រៃឈើ ធនធានធម្មជាតិ ក្មេងទំនើង គ្រឿងញៀន និងការលួចឆ្លងដែនជាដើម។ចូលរួមថែរក្សាអនាម័យ ដូចជាការហូបចុកប្រកបដោយរស់នៅស្អាត ដើម្បីទប់ស្កាត់រាល់ជំងឺផ្សេងៗ ជាពិសេសជំងឺគ្រុនឈាមសូមសម្រាកក្នុងមុងជានិច្ច ត្រៀមបង្ការរាល់គ្រោះមហន្តរាយជាយថាហេតុ ដូចជា៖ អគ្គីភ័យ ខ្យល់កន្ទ្រាក់ ទឹកជំនន់ជាដើម អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសិទ្ធភាព ឆាប់រហ័ស ពេលវេលា ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕