បាត់ដំបង៖គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការ ស្វីសខន់ថាក់ និងអនុវត្តគម្រោងដោយមន្ទីរទេសចរណ៍ខេត្តបាត់ដំបងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាលវិក្រឹត្យការ “គ្រូបង្គោល ហូកា លើវិធីសាស្ត្របង្រៀនសកម្ម (High Impacts Training-HIT) និងវិធីសាស្ត្រធ្វើតេស្តសមត្ថភាព” ដល់គ្រូបង្គោល ហូកា សរុបចំនួន ២០រូប មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី។
បើតាមលោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង និងបង្រៀនដោយគ្រូបង្គោលឆ្នើមអាស៊ាន។
លោក ហម អរុណ បញ្ជាក់ថា ដើម្បីប្រសិទ្ធភាព គុណភាព និងនិរន្តរភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចថ្នាក់ក្រោមជាតិ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បន្តយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល តាមរយៈការបណ្តុះបណ្តាលជំនាញគ្រូបង្គោល វគ្គវឹក្រឹត្យការគ្រូបង្គោល និងបានរៀបចំកម្មវិធីហ្វឹកហាត់អាជីវកម្មជូនដល់គ្រូបង្គោលផងដែរ។
លោក ហម អរុណ បញ្ជាក់បន្ថែមថា គ្រូបង្គោលទាំងនេះ បានចូលរួមចំណែកយ៉ាងសកម្មជាធនធានបណ្តុះបណ្តាលបដិសណ្ឋារកិច្ចបន្ត នៅតាមខេត្តគោលដៅរបស់ខ្លួន ដោយកន្លងមកក្នុងដំណាក់កាលទី២ (២០២០-២០២៤) នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ គម្រោងបានបណ្តុះបណ្តាលអ្នកជំនាញសរុបប្រមាណជាង ៥,៤០០រូប លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ គេហកិច្ច ចុងភៅ មគ្គុទ្ទេសក៏ហគមន៍ទេសចរណ៍ និងជំនាញឆុងកាហ្វេ៕
អត្ថបទ លោក នឿ សុភ័ក្រ្ត មន្ទីរព័ត៌មានខេត្តបាត់ដំបង