បាត់ដំបង៖ ក្រុមមន្រ្តីកសិកម្មឃុំនៅក្នុងខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាកសិករទាំងអស់ឱ្យរួមគ្នាចងក្រងជាក្រុមសមកាលកម្មដើម្បីផលិតស្រូវឱ្យមានគុណភាព និងបរិមាណច្រើនតាមតម្រូវការទីផ្សារទើបធ្វើឱ្យតម្លៃឡើងខ្ពស់។
លោក នៅ អង ជាមន្រ្តីកសិកម្មឃុំអំពិលប្រាំដើម នៃស្រុកបរវេល តំណាងឱ្យមន្រ្តីកសិកម្មឃុំនៅក្នុងមូលដ្ឋានខេត្តបាត់ដំបង បានពន្យល់ថា ការចងក្រងជាក្រុមសមកាលកម្ម គឺមានន័យថាការរៀបចំរចនាសម្ព័នកសិករតាមក្រុមដែលផលិតពូជដូចគ្នា ដាំដុះព្រមគ្នា និងប្រមូលផលក្នុងរយៈពេលតែមួយ។
លោក នៅ អង គូសបញ្ជាក់ថា ចងក្រងកសិករជាក្រុមសមកាលកម្មនេះសំដៅជំរុញឱ្យកសិករផលិតស្រូវដែលគុណភាព និងមានបរិមាណច្រើនស្របតាមតម្រូវការរបស់អ្នកបញ្ជាទិញទើបធ្វើឱ្យស្រូវមានតម្លៃទីផ្សារល្អ។
ជាមួយគ្នានេះដើម្បីងាយស្រួលក្នុងការរកទីផ្សារ និងអាចឱ្យកសិករទទួលបានតម្លៃសមរម្យ មន្រ្តីកសិកម្មឃុំបានណែនាំដល់កសិករឱ្យដាំដុះពូជដែលមានតម្រូវការទីផ្សារ ជាពិសេសសម្រាប់រដូវប្រាំងនេះ គឺពូជសែនក្រអូប,ផលិតស្រូវដែលមានគុណភាពល្អដូចជាភាពសុទ្ធ និងគ្មានហានិភ័យជាប់កាកសំណល់ថ្នាំកសិកម្ម
,រៀបចំឱ្យបានបរិមាណស្រូវដែលឆ្លើយតបនឹងតម្រូវការទីផ្សារនិងមានផែនការកិច្ចសន្យាមុនច្បាស់លាស់ជាមួយអ្នកទិញ ហើយនាំគ្នាគោរពកិច្ចសន្យាឱ្យបានល្អ៕អត្ថបទ លោក នឿ សុភ័ក្រ្តមន្ទីរព័ត៌មានខេត្តបាត់ដំបង