វិទ្យុជាតិកម្ពុជាលោកគឹមហឿន
ខេត្តស្ទឹងត្រែង៖ កសិករ ដាំពោតធ្វើជាភូមិមួយមានផលិតផលមួយ នៅចុងឆ្នាំនេះដំណាំពោតរបស់ពួកគាត់ជួបប្រទះជំងឺក្រាភ្លើង ឬស្វាយក្រហម បង្កឱ្យពោតខាតបង់ទិន្នផល ដោយសារតែផ្លែវាដាក់គ្រាប់មិនបានពេញលេញ ខ្លះស្វិត គ្មានអ្នកបញ្ជាទិញ ចំណែកដើមធ្វើចំណីគោក៏ស៊ីមិនកើត ។
ក្នុងសកម្មភាពចុះពិនិត្យដំណាំពោតនៅចំណុចខេ ភូមិខាំផាន់សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ថ្ងៃទី២៦វិច្ឆិកាឆ្នាំ២០២៤ លោកទំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានទទួលស្គាល់ថា៖បញ្ហាប្រឈមនេះបង្កជាគ្រោះចង្រៃ និងបានធ្វើឱ្យកសិករយើងរងខាតបង់ថវិកា ដែលបានខិតខំដាំដុះទៅតាមក្នុងចំការនិមួយៗ ។
លោកបន្តថា៖ដំណាំភាគច្រើនកសិករយើងបានអនុវត្តន៍តាមបច្ចេកទេសហើយ តែខ្វះការថែទាំ និងការជ្រើសរើសពូជមិនបានត្រឹមត្រូវ គួបផ្សំនិងអាកាសធាតុប្រែប្រួលផង បង្កឱ្យដំណាំពោតជួបប្រទះជំងឺក្រហមនេះ ។
លោកបញ្ជាក់ថា៖ « យើងនឹងបញ្ជូនមន្ត្រីបច្ចេកទេស ដើម្បីមកបណ្ដុះបណ្ដាលដល់មូលដ្ឋានផ្ទាល់ អ៊ីចឹងអាចទំនាក់ទំនងជាមួយមន្ត្រីយើងខ្ញុំ ដើម្បីរកពេលវេលា សមរម្យណាមួយជួបគ្នា ដើម្បីសិក្សារៀនសូត្របន្ថែមពីបច្ចេកទេសដែលវាសមស្រប ដើម្បីឲ្យបងប្អូនធ្វើនៅពេលក្រោយៗ ទទួលបានទិន្នផលប្រសើរជាងពេលបច្ចុប្បន្ននេះ។ »
លោកហ្វយប៊ុនវី ម្ចាស់ចម្ការពោតរស់នៅចំណុចខេ ក្នុងភូមិខាំផាន់ បានបញ្ជាក់ថា៖កសិករប្រមាណជាង៧០គ្រួសារនៅក្នុងភូមិនេះបានព្យាយាមដាំពោតប្រចាំរដូវកាល ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រយោជន៍រួមគ្នាថែរក្សាឱ្យបានកេរ្ត៍ឈ្មោះភូមិមានផលិតផលមួយ ។
លោកបន្តថា៖ ឆ្នាំនេះកសិករខាតបង់ដើមទុនទៅលើការចំណាយ ព្រោះដំណាំពោតដាំដុះមិនល្អដូចបំណង និងឈានទៅបង្កឱ្យខូចឈ្មោះដល់សហគមន៍ទៀត។
លោកបញ្ចាក់ដូច្នេះថា៖ « រាល់ថ្ងៃនេះវាមានបញ្ហាទៅលើជំងឺ ប្រសិនបើជាយើងមានថ្នាំល្អ ព្រោះវាឡើងក្រហមអ៊ីចឹងសាច់វាអត់ល្អទេវាអត់សូវផែ្អម ហើយស្នៀតវាអត់សូវធំទេ កាលណាវាមានជំងឺហ្នឹង ធ្វើឱ្យខាតបង់។»
លោកយ៉ាថា មន្ត្រី ការិយាល័យក្សេតសាស្ត្រនិងផលិតភាពកសិកម្មបានបញ្ចាក់ថា៖ការធ្វើដំណាំកសិកម្ម វាតែរងទៅនិងកត្តាអាកាសធាតុប្រែប្រួល កើតមានជំងឺផ្សេងៗ ឬសត្វល្អិត មកស៊ី ផលដំណាំ ដូចជាពោត ស្រូវ និងដំឡូងមី ជាដើម។
លោកបានពន្យល់បន្ថែមថា ៖កសិករយើងត្រូវបន្ថែមការស្វែងយល់ពីកត្តាថែទាំឱ្យបានច្រើន ចូរធ្វើតាមការណែនាំពីមន្តី្រជំនាញកសិកម្ម ដែលបងប្អូនបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលកន្លងមករួចមកហើយនោះ
លោកបន្ថែមថា ៖ «អ៊ីចឹងទេចង់ឱ្យកសិករ យើងត្រូវប្រើជីត្រប់បាទ ដូចជាៗ ជីអាប៉េអាបេ នៅពេលដែលពោតនិងចាប់ផ្ដើមផ្កា រៀបចេញផ្លែយើងឲ្យប្រើជីពពួក ជីខាលីវាធ្វើឲ្យ មានសាច់ណែន ហើយជីវជាតិផ្អែម ហើយមួយទៀតមក ជីប៉េពោ តាស្យូមវាជួយពេលដែលយើងដាក់ ទៅលើដំណាំហ្នឹងទៅវាការពារដងដើម ឲ្យរឹងមាំ ចំនួនមួយទៀតមកអាចការពារសត្វល្អិតបានមួយចំនួន។
សូមបញ្ជាក់ថា៖នៅចំណុចខេភូមិខាំផាន់សង្កាត់សាមគ្គីខេត្តស្ទឹងត្រែងមានប្រជាពលរដ្ឋរស់នៅជាង២០០គ្រួសារ បានប្រកបមុខរបរដាំដំណាំរួមផ្សំ ជាពិសេសដំណាំពោត នៅតាមជួរដងទន្លេមេគង្គ ឬនៅលើដីកោះ ដែលមានផ្ទៃដីលាតសន្ធឹងជាង៨គីឡូម៉ែត្រ ចាប់ពីអូរ(ម៉មកើត)ទៅដល់អូរឈើទាល(កោះកី) ហើយបច្ចុប្បន្នដំណាំពោតជាង១៥ហិកតា កំពុងរងការថមថយទិន្នផលដោយសារ តែកើតជំងឺក្រាភ្លើងឬស្វាយក្រហមនេះ៕