វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៣.១២.២០២៤
ឯកឧត្តម ងឿន ចន្ទ័លីនប៉ូឡែន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មានថ្លែងថា ការចូលរួមរបស់សមាជិក ស.ស.យ.ក បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈនិងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបន្តចលនា២ធ្នូ ដែលជាចលនាមួយបានបន្សល់ទុកពីបុព្វបុរស ដែលបានពលីសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងដើម្បីដណ្តើមសន្តិភាពជូនប្រជាជាតិ ដែលជាកេរិ៍មរតកដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបាន ។
ការថ្លែងបែបនេះរបស់ឯកឧត្តម ងឿន ចន្ទ័លីនប៉ូឡែន បានធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនិងលើកទិសដៅបន្តរបស់ក្រុមការងារ ស.ស.យ.ក វិស័យព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពី លោក តូច ណារត្ន័ អនុប្រធានប្រចាំការ លោក ប៉ោ ពុទ្ធារិទ្ធ ប្រធានលេខាធិការដ្ឋាន សសយក វិស័យព័ត៌មាន អនុប្រធាន សមាជិក និងសមាជិកា សរុបប្រមាណ៣២រូប ។
ឯកឧត្តម ងឿន ចន្ទ័លីនប៉ូឡែន បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនានាដែលក្រុមការងារយុវជនស.ស.យ.ក វិស័យព័ត៌មាន សម្រេចបានរួមគ្នា ដែលនេះជាម៉ែត្រវាស់កម្រិត និងចលនានៃការចូលរួមរបស់បងប្អូនទាំងអស់ ដែលជាសមាជិក សមាជិកា ស.ស.យ.ក វិស័យព័ត៌មាន បើទោះបីជាបងប្អូនទាំងអស់ស្ថិតនៅក្នុងពេលវេលាដ៏មមាញឹក ក្នុងការបំពេញការងារស្នូលជូនក្រសួងព័ត៌មាន នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដោយ ។
« សមិទ្ធផលដែលយើងបានកសាងកន្លងមកនេះ គឺសុទ្ធសឹងតែកើតចេញពីការចូលរួមរបស់បងប្អូនសមាជិក សមាជិកាទាំងអស់ មិនថាតិចឬច្រើននោះទេ ដូចដែលយើងដឹងស្រាប់ហើយថា ការងារស្នូលគឺដាច់ខាតត្រូវតែបំពេញជូនរាជរដ្ឋាភិបាល ហើយអ្វីដែលសំខាន់ គឺបងប្អូនបានលះបង់ទាំងពេលវេលា ទាំងថវិកាផ្ទាល់ខ្លួនរបស់បងប្អូន ដែលនេះគឺជាឆន្ទៈដ៏មោះមុតរបស់បងប្អូន ហើយបានកសាងសមិទ្ធផលជាច្រើន ដែលបានចងក្រងនៅក្នុងខ្សែវីដេអូ ជាពិសេសនោះគឺសូមកោតសរសើរទៅដល់ការលះបង់ខ្ពស់របស់បងប្អូន ដោយរាល់កិច្ចប្រជុំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី តែងតែលើកឡើងកោតសរសើរពីការលះបង់របស់បងប្អូនសមាជិក សមាជិកា វិស័យព័ត៌មានរបស់យើង» ។
ឯកឧត្តម ងឿន ចន្ទ័លីនប៉ូឡែន បានមានប្រសាសន៍បន្តថា សម្ដេចតេជោ និងសម្ដេចមហាបវរធិបតី តែងតែលើកឡើង ថាបើប្រទេសជាតិមិនមានសុខសន្តិភាពពេញលេញនោះទេ គឺប្រជាពលរដ្ឋមិនមានអ្វីៗទាំងអស់ ដូចសព្វថ្ងៃនេះឡើយ ។ ដូចនេះហើយ ឯកឧត្តម ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គឺតែងតែរំលឹកដល់សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ ដែលជាយុវជនជំនាន់ក្រោយ ដាច់ខាតត្រូវការពារសុខសន្តិភាពពេញលេញ ដែលកម្ពុជាមានសព្វថ្ងៃនេះឱ្យបានគង់វង្ស និងបន្តថែរក្សាទុកដល់កូនចៅជំនាន់ក្រោយទៀតជាដាច់ខាត មិនថានៅក្នុងតម្លៃណាក៏ដោយ ។
ក្នុងនោះ ឯកឧត្តមប្រធាន ក៏បានលើកទឹកចិត្តទៅដល់សមាជិក សមាជិកា ស.ស.យ.ក វិស័យព័ត៌មាន ឱ្យបន្តចូលរួមអនុវត្តការងារឱ្យកាន់តែសកម្មនិងរស់រវើកបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាស្របទៅនឹងចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។
សូមបញ្ជាក់ថា ចក្ខុវិស័យរបស់សហភាពសហព័ន្ធយុវជនកម្ពុជា គឺការកសាងចលនាយុវជនគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និងនិន្នាការនយោបាយ ឱ្យធ្វើការប្រមូលផ្ដុំនិងប្រែក្លាយកម្លាំងយុវជន ដូចជាសសរស្ដម្ភ និងជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិមាតុភូមិ និងប្រជាជនក្នុងភាពជាខ្មែរ ចូលរួមពូនជ្រុំ កសាងសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ និងមានវឌ្ឍនភាពគ្រប់វិស័យ ៕