វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៨ មីនា ២០២៥
អន្តរជាតិ៖ អ៊ីស្រាអែល បានពិគ្រោះយោបល់ជាមុនជាមួយរដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មុននឹងដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយលើតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធីរបស់ទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ ទី១៧ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា "អ៊ីស្រាអែលបានពិគ្រោះយោបល់ជាមុនជាមួយរដ្ឋបាលត្រាំ និងសេតវិមានអំពីការវាយប្រហាររបស់ពួកគេ"។ លោកស្រីបានបន្ថែមថា "ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗថា ហាម៉ាស ហ៊ូទី អ៊ីរ៉ង់ និងអ្នកទាំងឡាយដែលចង់ធ្វើភេរវកម្មប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកនោះពួកគេនឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម"។ គួរបញ្ជាក់ថា នៅក្នុងការវាយប្រហារនេះមានមនុស្សយ៉ាងហោចណាស់ ១០០នាក់បានស្លាប់ ក្នុងនោះមានទាំងកុមារជាច្រើននាក់ និងមន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់របស់ហាម៉ាស និងជាង ១៥០នាក់ផ្សេងទៀតបានរងរបួស៕