វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៩ ០៣ ២៥
ភ្នំពេញ៖ លោក Gagan Malik តារាបូលីវូតដែលមានប្រជាប្រិយសម្តែងជាតួព្រះពុទ្ធ នឹងជួយផ្សព្វផ្សាយវិស័យទេសចរណ៍វប្បធម៌ និងវិស័យទេសចរណ៍សាសនានៅកម្ពុជាទៅប្រទេសឥណ្ឌា និងពិភពលោក ដើម្បីមកទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យពុទ្ធសាសនានៅកម្ពុជាកាន់តែទូលំទូលាយ ។
ក្នុងឱកាសដែលឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោក Gagan Malik តារាបូលីវូតដែលមានប្រជាប្រិយសម្តែងជាតួព្រះពុទ្ធ ក្នុងឱកាសបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការចាប់អារម្មណ៍ ចំពោះវិស័យព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា ដោយលោកបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ចមកកាន់កម្ពុជានាឱកាសនេះ គឺ៖
១.ដើម្បីជួយផ្សព្វផ្សាយវិស័យទេសចរណ៍វប្បធម៌ និងវិស័យទេសចរណ៍សាសនាជាដើម។ ២.សំណើសុំកិច្ចសហប្រតិបត្តិការជាមួយក្រសួង ធម្មការនិងសាសនាលើការសិក្សា ព្រះសង្ឃ តាជីយាយជី ពិសេសសមាធិ និង៣.សំណើសុំដង្ហែព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់ ពីកម្ពុជាយកទៅតម្កល់នៅប្រទេសឥណ្ឌា ដើម្បីគោរពបូជា ជាការបញ្ជាក់បង្ហាញពីចំណងទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌា និងដើម្បីផ្សព្វផ្សាយព្រះសារីរឹកធាតុព្រះពុទ្ធជាម្ចាស់របស់ប្រទេសកម្ពុជាទៅកាន់ប្រជាជនឥណ្ឌាដែលចង់មកទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យពុទ្ធសាសនានៅកម្ពុជាកាន់តែទូលំទូលាយ ។
ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី បានអរគុណដល់ លោក Gagan Malik តារាបូលីវូតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) ដែលបានផ្ញើសារជូនដល់ពិភពលោក អំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរក្សាបាន នូវវប្បធម៌ដ៏សម្បូរបែប នៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្តប្រកបដោយសុខសុវត្ថិភាពនៅកម្ពុជា ។
ឯកឧត្តម ចាយ បូរិន
សង្ឃឹមថា លោក Gagan Malik នឹងជួយផ្សព្វផ្សាយបន្ថែម ពីសមិទ្ធផលរបស់ប្រទេសកម្ពុជា ពីវិស័យសាសនា វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យបរិស្ថានៅកម្ពុជា ទៅប្រទេសឥណ្ឌា និងពិភពលោក៕