កម្ពុជា ទីម័រខាងកើត រួមគ្នាលើកកម្ពស់វិស័យ TVET

Narith | ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ១៩ ០៣ ២៥

ភ្នំពេញ៖  រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា និងឯកអគ្គរដ្ឋទូតទីម័រខាងកើតបានបង្ហាញពីការរួមគ្នាលើកកម្ពស់វិស័យ TVET តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងកម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
 នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៊ឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស(Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥  ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការស្វាគមន៍និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងទីម័រខាងកើត លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ។
ក្នុងន័យនេះឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ឱ្យមានកិច្ចសហប្រតិបត្តិការក្នុងកម្រិតនៃការចុះអនុស្សរណៈយោគយល់រួមគ្នា រវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនៃប្រទេសទីម័រខាងកើត ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) របស់កម្ពុជា។ 
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត មានទំនាក់ទំនងការទូតជាមួយគ្នារយៈពេល២៣ឆ្នាំមកហើយ ដូចនេះឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថាតាមរយៈបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំនៅកម្ពុជា នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ 
ជាការឆ្លើយតប ឯកឧត្តម Ermenegildo Krupa Lopes បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងជួយគាំទ្រដល់រដ្ឋាភិបាលទីម័រខាងកើត ជាពិសេសឯកឧត្តម បានកោតសរសើរចំពោះប្រទេសកម្ពុជាដែលមានការអភិវឌ្ឍលើគ្រប់វិស័យ មានចក្ខុវិស័យច្បាស់លាស់ ប្រជាជនរស់នៅក្នុងសន្តិភាព។ 
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បានសម្តែងការគាំទ្រចំពោះការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទីម័រខាងកើត និងប្រទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនិងកម្លាំងពលកម្មជំនាញរវាងប្រទេសទាំងពីរ ហើយក៏នឹងជំរុញដល់កិច្ចសហប្រតិបត្តិការលើវិស័យការងាររួមគ្នា ផងដែរ៕

កម្ពុជា ទីម័រខាងកើត រួមគ្នាលើកកម្ពស់វិស័យ TVET
កម្ពុជា ទីម័រខាងកើត រួមគ្នាលើកកម្ពស់វិស័យ TVET
កម្ពុជា ទីម័រខាងកើត រួមគ្នាលើកកម្ពស់វិស័យ TVET
កម្ពុជា ទីម័រខាងកើត រួមគ្នាលើកកម្ពស់វិស័យ TVET
កម្ពុជា ទីម័រខាងកើត រួមគ្នាលើកកម្ពស់វិស័យ TVET