វិទ្យុជាតិកម្ពុជា៖អត្ថបទឈឿន ថៃកឿ វិទ្យុជាតិចម្ការចេកខេត្តបាត់ដំបង
បាត់ដំបង៖ ព្រះសង្ឃអាចារ្យគណៈកម្មការវត្តសោមនស្ស ស្ថិតនៅ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចាប់ផ្ដើម សម្អាតបរិវេណទីធ្លាវត្ត ចងទង់ជាតិទង់សាសនា តុបតែង ភ្នំសិប្បនិម្មិត ដាក់តាំងរទេះគោខ្មែរ សង់ខ្ទមស្បូវ និងរៀបចំលម្អភ្លើងចាប់ពីខ្លោងទ្វារវត្តរហូតដល់ព្រះវិហារ ដើម្បីត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ។
លោកស្រី ញឹក ស៊ីនួន អាយុ៦២ឆ្នាំ គណៈកម្មការវត្តសោមនស្សនៃស្រុកឯកភ្នំបានប្រាប់ឱ្យដឹងថា វត្តសោមនស្សយើងនេះបានរៀបចំជា ទង់ជ័យ ទង់ជាតិជ្វាលា ទង់សាសនា ដាក់តាំងរូបផ្កាយ រូបគោម រៀបចំភ្លើងបំភ្លឺផ្លូវ លម្អភ្លើងចម្រុះពណ៌ ។ ក្នុងនោះវត្តក៏បានតុបតែងដាក់តាំង ចង្អេរ អង្រុត រំពាក់ ខ្ទម ស្បូវ ភ្នំសិប្បនិម្មិត រទេះគោខ្មែរជាដើម ។ ការរៀបចំមុននេះ ទៀតសោត ដើម្បីឱ្យពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋបានមកចូលរួមលេងកម្សាន្ដ ថតរូបអនុសាវរីយ៍ទាំងមុននិងអំឡុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ។
លោកស្រីគណៈកម្មការបានបន្ដថា ចំពោះការតុបតែងនិងតាំងបង្ហាញវត្ថុទាំងអស់នេះឡើង គោលបំណងដើម្បីថែរក្សាប្រពៃណីជាតិខ្មែរយើង និងចង់ឱ្យកូនខ្មែរបានស្គាល់វត្ថុទាំងនោះ ព្រោះរបស់ខ្លះ ត្រូវបានបាត់បង់ និងមិនសូវមានអ្នកស្គាល់នោះទេ។
លោកស្រីសង្ឃឹមថានិងមាន ពុទ្ធបរិស័ទ និង បងប្អូនប្រជាពលរដ្ឋជាច្រើន អញ្ជើញចូលរួម អបអរសាទរ ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ។
សូមជម្រាបជូនថាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ជាបុត្រីទី២ របស់កបិល មហាព្រហ្ម គង់នៅឋានចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អភរណទ្រង់ ពាក់កែវមុតា ភក្សាហារទ្រង់សោយ តេលំ(ប្រេង) ព្រះហស្ត ស្តាំ ទ្រង់ ព្រះខ័ន ព្រះ ហស្ត ឆ្វេង ទ្រង់ ឈើច្រត់ ទ្រង់ផ្ទំបិទ ព្រះនេត្រ លើ ខ្នង ស្ដេចខ្លា ជាពាហនៈ។ ទេវតាឆ្នាំថ្មី យាងចុះនៅ០៤:៤៨ព្រឹកត្រូវនឹងថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ៕