កម្ពុជាបញ្ជូននិស្សិតចំនួន៤រូបទៀត ទៅបន្តការសិក្សាវគ្គនាយទាហានសកម្ម និងវគ្គអនុបណ្ឌិត នៅសាលាបណ្ឌិតសភាយោធាជប៉ុន

Narith | ថ្ងៃទី 19 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ១៩-០៣-២០២៥

ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី  ប្រធានព្រឹទ្ធសភា រដ្ឋាភិបាលជប៉ុនបានទទួលនិស្សិតកម្ពុជាទៅបន្តការសិក្សាវគ្គនាយទាហានសកម្ម និងវគ្គអនុបណ្ឌិតនៅប្រទេសជប៉ុនជារៀងរាល់ឆ្នាំ និងបានបង្កើនចំនួននិស្សិតជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់ឆ្នាំនេះនិស្សិតចំនួន៣នាក់នឹងទៅសិក្សានៅវគ្គនាយទាហានសកម្ម និង ម្នាក់ទៀតត្រូវទៅសិក្សាវគ្គ អនុបណ្ឌិតនៅសាលាបណ្ឌិតសភាយោធាជប៉ុនក្នុងខែមេសាខាងមុខនេះ។

   ថ្លែងនៅក្នុងពិធីជូនដំណើរសិក្ខាកាមទាំង៤រូបនៅឆ្នាំ២០២៥ និងពិធីជួបជុំអតីតនិស្សិតយោធា ដែលបានបញ្ចប់កាសិក្សានៅប្រទេសជប៉ុន ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ទំនាក់ទំនងរវាងសាលាបណ្ឌិត សភាយោធាជប៉ុន និងប្រទេសកម្ពុជា បានចាប់ផ្តើមនៅពេលដែលនិស្សិតកម្ពុជា២នាក់ដំបូងមកសិក្សានៅវគ្គនាយទាហានសកម្ម ក្នុងខែមេសាឆ្នាំ២០០១ ហើយនិស្សិតម្នាក់ទៀតបានមកសិក្សានៅវគ្គទី១ នៃវគ្គអនុបណ្ឌិតរបស់សាលាបណ្ឌិតសភាយោធាជប៉ុននៅឆ្នាំ២០០២។ ចាប់តាំងពីពេលនោះមកនិស្សិតកម្ពុជា២នាក់ ត្រូវបានបញ្ជូនទៅសាលាបណ្ឌិតសភាយោធាជប៉ុនជារៀងរាល់ឆ្នាំ ដែលគិតមកដល់ពេលនេះ មាននិស្សិតកម្ពុជាសរុបចំនួន៥២នាក់ហើយបានទៅសិក្សាវគ្គនាយទាហានសកម្ម និងវគ្គ អនុបណ្ឌិត នៅសាលាបណ្ឌិតសភាយោធាជប៉ុន។ ចាប់ពីឆ្នាំ២០២៤មកបានបង្កើនចំនួននិស្សិតកម្ពុជា ដែលទទួលចូលរៀនក្នុងវគ្គសិក្សាទៀងទាត់ នៃសាលាបណ្ឌិតសភាយោធាជប៉ុន ពី២ទៅ៣នាក់ ដោយសារនិស្សិតកម្ពុជាជំនាន់មុនៗធ្វើបានល្អក្នុងការសិក្សា។
ឯកឧត្តម ឯកអគ្គរាជទូតសង្ឃឹមថា និស្សិតទាំង៤នាក់ ដែលនឹងត្រូវទៅចាប់ពីខែក្រោយ នឹងដើរតាមគន្លងរបស់និស្សិតជំនាន់មុន ដោយខិតខំសិក្សានៅសាលាបណ្ឌិតសភាយោធាជប៉ុន និងកសាងមិត្តភាព មិនត្រឹមតែជាមួយនិស្សិត បេក្ខជនមន្ត្រី កងកម្លាំងស្វ័យការពារជាតិ  ជប៉ុនប៉ុណ្ណោះទេ ថែមទាំងជាមួយនិស្សិតអន្តរជាតិមកពីប្រទេសនានាផងដែរ ដើម្បីទទួលបានបទពិសោធសិក្សាប្រកបដោយផ្លែផ្កា។
  ឯកឧត្តមបានបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ រវាងប្រទេសជប៉ុន និងកម្ពុជា ក្នុងវិស័យការពារជាតិមានភាពសកម្មខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមជឿជាក់ថា នេះគឺមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ហើយក៏ជាអតីតមេបញ្ជាការកងទ័ពជើងគោកផងដែរ”។
នាឱកាសនោះដែរ ឯកឧត្តម ភឿង ស៊ីផាន រដ្ឋលេខាធិការក្រសួង ការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអតីតនិស្សិតដែលបានសិក្សានៅសាលាបណ្ឌិតសភាយោធាជប៉ុន បានកត់សម្គាល់នូវវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងស្អិតល្មួត ជាពិសេសក្នុងវិស័យការពារជាតិ ដែលបានផ្លាស់ប្តូរដំណើរទស្សន កិច្ចជាផ្លូវការរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាញឹកញាប់និងប្រកបដោយជោគជ័យ។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥នេះ គឺជាឆ្នាំវិសេសវិសាលមួយ ដែលក្រសួងការពារជាតិជប៉ុន បានតែងតាំងលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាអនុព័ន្ធយោធាជប៉ុន លើកដំបូង ប្រចាំនៅកម្ពុជាផ្ទាល់ ដែលនេះគឺជាដំណឹងដ៏ល្អ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ក៏បានសង្កេតឃើញមានការកើន ឡើងជាបន្តបន្ទាប់ នូវសកម្មភាព កិច្ចសហប្រតិបត្តិការយោធា នៃប្រទេសទាំងពីរ ដែលរួមមាននាវាជប៉ុនចំនួន២គ្រឿង ដែលនឹងទទួលបានការអនុញ្ញាតឱ្យចូលសំចតនៅមូលដ្ឋានសមុទ្ររាម ក្នុងខែមេសាខាងមុខនេះ ក្រោយមូលដ្ឋានសមុទ្ររាមធ្វើទំនើបកម្មរួច ដែលបង្ហាញឱ្យឃើញអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (MCCG)និងក្រុមការងារស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ដើម្បីទៅសិក្សាវគ្គផ្សេងៗនៅប្រទេសជប៉ុន ដូចជាវគ្គបណ្ឌិតសភាយោធា វគ្គអនុបណ្ឌិតនិងវគ្គបញ្ជាការសេនាធិការ ជាដើម។ ចំពោះសមិទ្ធផលជាង២០ឆ្នាំកន្លងមកនេះ ការជ្រើសរើសសិក្ខាកាមទៅសិក្សានៅប្រទេសជប៉ុន គឺប្រកបដោយតម្លាភាព បេក្ខជនដែលមានសមត្ថភាព ឆន្ទៈ វិន័យ និងសីលធម៌ល្អ៕