វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ មីនា ២០២៥
អន្តរជាតិ៖ ទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា លោក Essam al-Daalis នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនៅតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយចលនាហាម៉ាស់រ៉ាឌីកាល់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយដែលបានធ្វើឡើងដោយកងកម្លាំងអាកាសអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ យោងតាមប្រភព "នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលហាម៉ាស លោក al-Daalis ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនាពេលថ្មីៗនេះដោយកងកម្លាំងអាកាសអ៊ីស្រាអែល" ខណៈដែលគ្រាប់ផ្លោងបានវាយប្រហារផ្ទះដែលលោក al-Daalis ស្ថិតនៅនៅពេលនោះ។ បើយោងតាមប៉ុស្តិ៍ទូរទស្សន៍នេះបានឱ្យដឹងទៀតថា លោកអនុប្រធានក្រសួងមហាផ្ទៃ ក្នុងរដ្ឋាភិបាលក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ក៏ត្រូវបានសម្លាប់ក្នុងអំឡុងពេលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនោះដែរ ប៉ុន្តែនៅមិនទាន់មានការអធិប្បាយជាផ្លូវការពីចលនារ៉ាឌីកាល់នៅឡើយទេ។ គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ចុងក្រោយរបស់ទូរទស្សន៍ខាងលើបានឱ្យដឹងទៀតថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៥៦ នាក់ ខណៈមនុស្ស ១,០០០ នាក់បានរងរបួស៕