វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៩ មីនា ២០២៥
អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីបានយល់ព្រមបញ្ឈប់ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនជាបណ្ដោះអាសន្ន តែមិនទទួលយកបទឈប់បាញ់ពេញ លេញមួយមានរយៈពេល៣០ថ្ងៃ ដែលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ សង្ឃឹមថានឹងក្លាយជាជំហានដំបូង ដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍មួយនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ អ៊ុយក្រែនបាននិយាយថា ខ្លួននឹងគាំទ្រដល់បទឈប់បាញ់មិនពេញលេញខាងលើ ដែលតម្រូវឱ្យទាំងរុស្ស៉ី និងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារទៅលើហេដ្ឋារចនា សម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកក្នុងរយៈពេលមួយខែ។ ក្រុមអ្នកជំនាញយល់ថា លោក ពូទីន មិនព្រមទទួលយកបទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃ ដែលស្នើឡើងដោយសហរដ្ឋអាម៉េរិក គឺអាចជាចេតនាមួយក្នុងការកេងចំណេញពេលវេលា ក្នុងពេលដែលកងទ័ពរុស្ស៉ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែន។ សេតវិមានក៏បានឱ្យដឹងដែរថា កិច្ចចរចាស្ដីពីផែនការសន្តិភាពនឹងត្រូវចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន កាលពីថ្ងៃអង្គារ។ តែមិនទាន់ច្បាស់ថាតើកិច្ចចរចាទាំងនោះនឹងមានវត្តមានអ៊ុយក្រែនចូលរួមដែរឬក៏យ៉ាងណានោះទេ។ ចំណែក វិមានក្រឹមឡាំងវិញបាននិយាយថាលោក ពូទីន បានចេញបញ្ជាឱ្យយោធារុស្ស៉ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្រោយឈានដល់ការឯកភាពគ្នាជាមួយលោក ត្រាំ៕