វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២០ ០៣ ២៥
ភ្នំពេញ៖សម្តេចធិបតីហ៊ុន ម៉ាណែតបានណែនាំឱ្យស្រង់បញ្ជីឈ្មោះមន្រ្ដីដែលមានអតីតភាពការងារលើសពី១០ឆ្នាំ ត្រូវផ្ដល់មេដៃ និងប័ណ្ណសរសើរ ដើម្បីលើកទឹកចិត្ដជូនមន្រ្ដីដែលបានខិតខំពេញការងារជូនពួកគាត់។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ដែលពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌល ដឹ ព្រីមៀ សែនសុខ នៅព្រឹកថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០២៥នេះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការងារពិសេស ធ្វើការងារសហការជាមួយខាងជំនាញរបស់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ស្រង់ឈ្មោះមន្រ្ដី ដែលបានធ្វើការងារយ៉ាងតិច ១០ ឆ្នាំឡើង ដើម្បីរៀបចំផ្ដល់មេដាយជូនមន្រ្ដីរាជការតែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ។
សម្ដេចធិបតីបានបញ្ជាក់ថា ការជូនមេដាយមន្រ្ដីនេះ គឺជាយន្តការពិសេស ដោយត្រូវពិនិត្យទាំងមន្រ្ដីក្របខណ្ឌ និងមន្រ្ដីកិច្ចសន្យា ដែលធ្វើការលើសពី ១០ឆ្នាំ ហើយមិនទាន់ទទួលបានមេដាយសោះ ដើម្បីរៀបចំមេដាយជូនពួកគាត់។
ទន្ទឹមនឹងនេះ សម្ដេចធិបតីអះអាងថា ការផ្ដល់មេដាយជូនមន្រ្ដីនេះ គឺត្រូវពិនិត្យមើលឱ្យច្បាស់ថា មន្រ្ដីដែលទទួលបានមេដាយនេះ គឺជាមន្រ្ដីដែលសកម្ម និងមានវត្តមានធ្វើការ មិនមែនមន្រ្ដីដែលអត់មានមុខមកធ្វើការ ឬមួយក៏មានបញ្ហាអ្វីផ្សេងៗនោះទេ គឺត្រូវពិនិត្យឱ្យចំគោលដៅតែម្ដង លើការផ្ដល់ជូនមេដាយជូនដល់មន្រ្ដីរបស់យើង។