វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០៣ ២០២៥
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្ត ក៏ដូចជាអំពាវនាវដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តចូលរួមចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍ នានា ដែលរាជរដ្ឋាភិបាលបាននិងបន្តរៀបចំផ្តល់ជូន ដើម្បីអភិវឌ្ឍខ្លួនឯង ក៏ដូចជាសេដ្ឋកិច្ច និងសង្គម។
ក្នុងយុទ្ធនាការផ្សព្វផ្សាយពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមាន អ្នកចូលរួមប្រមាណ៣៥០០នាក់ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី លើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូលរួមរបស់អ្នកសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ព្រមទាំងចូលរួម ដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។
ឯកឧត្តមបានគូសរំលេចពីអត្ថប្រយោជន៍សំខាន់ៗនៃការចុះឈ្មោះដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបាន រួមមានវិញ្ញាបនបត្របញ្ជាក់អត្តសញ្ញាណ ការអភិវឌ្ឍជំនាញ អត្ថប្រយោជន៍សន្តិសុខសង្គម លទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ សេវាគាំពារសង្គមសម្រាប់ប្រជាពលរដ្ឋក្រីក្រ ការមិនជាប់កាតព្វកិច្ចពន្ធ និង ការអនុគ្រោះពន្ធជាដើម។
ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការអភិឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលជាខេត្តធំជាងគេទី៤ របស់ កម្ពុជា មានប្រជាជនជាង១,២លាននាក់។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្មវិធីគោលនយោបាយ អាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ឯកឧត្តមក៏បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តសៀមរាប ស្វែងយល់អំពី អត្ថប្រយោជន៍ និងចុះឈ្មោះចូលរួមឱ្យបានច្រើន ដើម្បីរាជរដ្ឋាភិបាលអាចកសាងមូលដ្ឋានទិន្នន័យសម្រាប់ ផ្តល់ការគាំទ្រ និងអន្តរាគមន៍បានចំគោលដៅ។
គិតត្រឹមថ្ងៃ១៧ ខែមីនា ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលសំណើចុះឈ្មោះ ចំនួន ៣៣.៨០៤ ដោយក្នុងនោះមានកម្មករនិយោជិតចំនួន១.៨៥៥នាក់, សហគ្រាសធុនមីក្រូចំនួន១.១៦៩ និងបុគ្គលស្វ័យនិយោជន៍ចំនួន៣០.៧៨០នាក់។ ខេត្តសៀមរាប ស្ថិតនៅលេខរៀងទី៧ ដែលមានការ ស្នើសុំចុះឈ្មោះចំនួន១.៤៦៦សំណើ ហើយយុទ្ធនាការនេះគឺដើម្បីពន្លឿនការចុះឈ្មោះក្នុងខេត្តសៀមរាប ឱ្យបានកាន់តែច្រើន៕