វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០៣ ២០២៥
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អះអាងថា ការដាក់ប្រាក់រៀលសន្សំក្នុង ធនាគាររបស់ប្រជាជនកម្ពុជា មានតែចំនួន១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះ គឺជាប្រាក់ដុល្លារអាមេរិក ទាំងអស់។
អំណះអំណាងនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និង ខេអេចឃ្យូអរ ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅវិមានរដ្ឋសភា ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងការគាំទ្រ ប្រាក់រៀល ក៏ដូចជាជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិបតេយ្យជាតិ ធ្វើឱ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើង និងពង្រឹងនូវ អត្តសញ្ញាណជាតិ និងភាពធន់។
លោកជំទាវ ជា សិរី បានបន្តថា សម្រាប់ឥណទានដែលប្រជាជនកម្ពុជាខ្ចីជាប្រាក់រៀលពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏មានចំនួនតិចតួចដែរ ដែលក្នុងនោះមានតែ១៣ភាគរយប៉ុណ្ណោះ ជាប្រាក់រៀល ហើយសល់ ពីនេះសុទ្ធសឹងជាប្រាក់ដុល្លារអាមេរិក។ ទោះជាយ៉ាងនេះក្តី លោកជំទាវ បញ្ជាក់ថា កំណើនចរាចរប្រាក់ រៀល ក៏បានកើនឡើង ទន្ទឹមគ្នានឹងការចរាចរប្រាក់ដុល្លារ ដែលធ្វើឱ្យកម្រិតដុល្លារូបនីយកម្មនៅទ្រឹង ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។
ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា លើកទឹកចិត្តដល់ក្រសួងស្ថាប័ន សាធារណៈ និងវិស័យឯកជន បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រែក្លាយប្រាក់រៀលទៅជារូបិយវត្ថុ ចម្បងនៅគ្រប់សកម្មភាពសេដ្ឋកិច្ច និងវិស័យទាំងអស់ ដោយឯកឧត្តម បានលើកឡើងថា ការប្រើប្រាស់ រូបិយវត្ថុជាតិតែមួយ នឹងអាចឈានទៅជួយកាត់បន្ថយផលប៉ះពាល់ពីកត្តាខាងក្រៅ ហើយនឹងធ្វើឱ្យប្រទេស កម្ពុជានឹងមានឯករាជ្យផ្នែកសេដ្ឋកិច្ចខ្ពស់ជាងមុន។ ឯកឧត្តម បានបញ្ជាក់ថា «សភាលើកទឹកចិត្តដល់ ធនាគារជាតិនៃកម្ពុជា បន្តធ្វើការផ្សព្វផ្សាយស្តីពីការប្រើប្រាស់ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចហ្សូអរ (KHQR) ឱ្យបានទូលំទូលាយដល់សាធារណជនទាំងស្ត្រី និងបុរស ជាពិសេសក្នុងចំណោមវិស័យឯកជន និងអ្នកទេសចរ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែខ្លាំង និងកាត់បន្ថយផលប៉ះពាល់នៃអតិផរណា ដែល បណ្តាលមកពីអត្រាប្តូរប្រាក់ពីរូបិយប័ណ្ណបរទេស»។
ក្នុងឆ្នាំ២០២៤ ចំនួនប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមរយៈប្រព័ន្ធបាគងបានកើនឡើង៤,៣ដង ហើយ ទំហំទឹកប្រាក់បានកើនឡើង ២,២ដង ធៀបនឹងឆ្នាំ២០២៣ ដែលច្រើនជាងកំណើននៃប្រតិបត្តិការ និងទំហំទូទាត់ជាប្រាក់ដុល្លារអាមេរិក ដែលបានកើនឡើង២,៣ដង និង១,៩ដង រៀងគ្នា។
បើតាមធនាគារជាតិនៃកម្ពុជា អះអាងថា ការប្រើប្រាស់លុយរៀលច្រើននឹងពង្រឹងអធិបតេយ្យ និងបង្កើន ភាពម្ចាស់ការលើការគ្រប់គ្រងសេដ្ឋកិច្ច។ ការណ៍នេះ ដោយសារនៅពេលលុយរៀលអាចដើរតួនាទីសំខាន់ ក្នុងការកំណត់ថ្លៃទំនិញ និងសេវា គឺកម្ពុជាអាចរក្សាស្ថិរភាពថ្លៃបានប្រសើរជាងមុន។ ជាមួយគ្នានេះ ធនាគារជាតិ អាចជួយសម្រាល ឬបន្ថយអត្រាការប្រាក់បានមួយកម្រិត តួយ៉ាងដូចជាការឱ្យខ្ចីបច្ចុប្បន្ន ភាគច្រើនជាដុល្លារអាមេរិក អត្រាការប្រាក់ត្រូវបានកំណត់ដោយប្រទេស ដែលបោះពុម្ពប្រាក់ដុល្លារ អាមេរិក។ ដូចនេះ អត្រាការប្រាក់ត្រូវប្រែប្រួលទៅតាមនយោបាយរូបិយវត្ថុនៅសហរដ្ឋអាមេរិក។
ធនាគារជាតិនៃកម្ពុជា បន្តថា រដ្ឋនឹងទទួលបានចំណូលបន្ថែមពីការបោះពុម្ពប្រាក់៖ ការបោះពុម្ពលុយ ត្រូវមានការចំណាយទៅលើក្រដាស និងទឹកថ្នាំ។ ឧទាហរណ៍ ក្រដាសប្រាក់១ម៉ឺនរៀលមួយសន្លឹក ចំណាយថ្លៃផលិត៣០០រៀល។ ប៉ុន្តែ ពេលបោះពុម្ពហើយ យើងទទួលបានចំណូលពីតម្លៃចារឹកនៃក្រដាស ប្រាក់នោះ ពោលគឺ ១ម៉ឺនរៀល។ ដូចនេះ គម្លាតនៃតម្លៃចារឹក និងការចំណាយលើការបោះពុម្ព គឺជាចំណូល ពីការបោះពុម្ពប្រាក់ក្នុងឧទាហរណ៍ គឺ៩៧០០រៀល ដែលនេះជាផលចំណេញ សម្រាប់រដ្ឋាភិបាលអាចប្រើ ប្រាស់ ក្នុងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ ផ្ទុយទៅវិញ នៅពេលចាយលុយ ដុល្លារអាមេរិកច្រើន ជាការជួយរកចំណូលឱ្យសហរដ្ឋអាមេរិកផងដែរ។ ការចាយលុយរៀល អាចអនុញ្ញាត ឱ្យរដ្ឋអាចបោះផ្សាយមូលបត្ររដ្ឋ សម្រាប់ផ្តល់ហិរញ្ញប្បទានរយៈពេលវែង ដល់គម្រោងវិនិយោគ សាធារណៈធំៗ៖ ដូចជាសាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យ។ ការខ្ចីជាលុយដុល្លារអាមេរិក អាចបង្កជា ហានិភ័យក្នុងការសងត្រឡប់ ប្រសិនបើលុយដុល្លារអាមេរិកមានការប្រែប្រួលខ្លាំង និងបង្កផលរំខាន ប្រសិនបើម្ចាស់បំណុលមិនអនុញ្ញាតឱ្យយើងខ្ចីក្នុងរយៈពេលវែង។ ប៉ុន្តែ ការខ្ចីជាលុយរៀលពីសាធារណជន និងភ្នាក់ងារសេដ្ឋកិច្ចនៅក្នុងប្រទេសតាមរយៈការបោះផ្សាយមូលបត្ររដ្ឋ ផ្តល់នូវភាពបត់បែនខ្ពស់ ពីព្រោះលុយរៀលជាលុយរបស់យើង ដែលមានភាពងាយស្រួលក្នុងការគ្រប់គ្រងទាំងតម្លៃ និងរយៈពេល ក្នុងការសង៕