វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ៣ ២០២៥
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅរក្សាបាននិរន្តរភាពកញ្ចប់ថវិកាជាតិសម្រាប់ចំណាយការអភិវឌ្ឍប្រទេសនិងបើកប្រាក់បៀវត្សជូនមន្ត្រីរាជការតាមតម្រូវការ ដែលបានសបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងខែមេសាឆ្នាំ២០២៥នេះ ការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សសរុប ប្រចាំខែមេសា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ និងត្រូវរៀបចំបើកផ្តល់ប្រាក់បៀវត្សលើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៥ ឱ្យបានក្នុងសប្តាហ៍ទី១នៃខែឧសភា និងលើកទី២ឱ្យបាន ក្នុងសប្តាហ៍ទី៣នៃខែឧសភា ជូនមន្ត្រីរាជការរបស់ខ្លួន។ ចំពោះប្រាក់ឧបត្ថម្ភចំនួន ៥០០០០រៀលសម្រាប់ចូលឆ្នាំ ក៏នឹងត្រូវបើករួមជាមួយនឹងប្រាក់ខែផងដែរ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះការដាក់ចេញក្រដាសប្រាក់ថ្មី ២សែនរៀល ប្រភេទថ្មីនេះ គឺគ្រាន់តែជំនួស ក្រដាស់ប្រាក់ចាស់ ទក់ រហែក ដែលដកចេញពីចរាចរណ៍ក្នុងសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនមែនបានន័យថា ធនាគារជាតិនៃកម្ពុជា ឬរាជរដ្ឋាភិបាល ខ្វះលុយ ហើយបានជាត្រូវបោះផ្សាយលុយ ដាក់ឱ្យប្រើប្រាស់បន្ថែមនោះទេ។ បន្ថែមពីនោះទៀត ដើម្បីអបអរសាទរ ខួបលើកទី២០ នៃការគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញ នូវក្រដាសប្រាក់ប្រភេទ ២សែនរៀលនេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបើកប្រាក់ខែនិងប្រាក់ឧបត្ថម្ភនេះបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការបើកប្រាក់ខែជូនមន្ត្រីរាជការ មិនដូចការលើកឡើងរបស់ពួកជ្រុលនិយមនោះទេ។
« អ្នកខ្លះថារដ្ឋាភិបាលអស់លុយហើយ បានទៅបោះពុម្ភក្រដាសប្រាក់២០ម៉ឺន ក្រដាសប្រាក់២០ម៉ឺនគឺដើម្បីអបអរសាទរពិធីឡើងគ្រងរាជគ្រប់២០វស្សារបស់ព្រះមហាក្សត្រ ដែលធានាគារជាតិគាត់បោះ។ ឥលូវប្រសិនបើយើងដាច់យ៉ៃមែន យើងឃើញក្រដាស២០ម៉ឺនចរាចរណ៍ពេញក្រុងហើយ ប៉ុន្តែវាអត់មាន។ បើគេខ្វះលុយ គេមិនបោះក្រដាស២០ម៉ឺនឱ្យពិបាកចាយធ្វើអី គេបោះក្រដាសតូច ប៉ុន្តែមិនមានការចាំបាច់ទេ ហើយបើរដ្ឋអស់សាច់ប្រាក់ក្នុងរតនាគារគ្មានលទ្ធភាពណាបើកប្រាក់ឌុបខែ៤ ហើយបើកទាន់ពេលវេលា បើកឌុបហើយទាំងប្រាក់ឧបត្តម្ភមិនឱ្យដាច់នោះទេ ទាំងមន្ត្រី មន្ត្រីចូលនិវត្តន៍ បើកឱ្យអត់មានដាច់ទេ លុយយើងនូវធានាបាន យើងមិនកញ្ជើធ្លុះទេគ្រប់គ្រងប្រព័ន្ធថវិកាហិរញ្ញវត្ថុបានច្បាស់លាស់»៕