គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើស អើងពូជសាសន៍ (ICERD) នៅខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេស រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ សិក្ខាសាលានេះធ្វើឡើង នាព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទព្រះវិហារជាន់ទី៣ នៃអគាររដ្ឋបាល សាលា ខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងនគរបាល កងកម្លាំង អាវុធហត្ថ អយ្យការ ពន្ធនាគារ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល ស្ថាប័នពាក់ព័ន្ធ និងជាពិសេស អ្នកនាំពាក្យតាមអង្គភាពនីមួយៗនៃរដ្ឋបាលខេត្តព្រះវិហារ។
លោក មិន ស៊ីថា អភិបាលរងខេត្ត បានសម្ដែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្ត អនុសញ្ញាអន្តរជាតិលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD) ដ៏មានសារៈសំខាន់នេះនៅខេត្តព្រះវិហារ។ លោកថាសិក្ខាសាលានេះមិនត្រឹមតែជាវេទិកាដ៏មានតម្លៃ សម្រាប់ ការចែករំលែកចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសដ៏សំខាន់ សម្រាប់ការពិភាក្សា និងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជ សាសន៍នៅកម្ពុជាផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី មានប្រសាសន៍ថា សិក្ខាសាលានាឱកាសនេះ ត្រូវបាន រៀបចំឡើង ក្រោមកិច្ចសហការរវាងគណ:កម្មាធិការសិទ្ធមនុស្សកម្ពុជា ជាមួយរដ្ឋបាលខេត្ត ព្រះវិហារ ដែលជាវេទិកាដ៏សំខាន់មួយធ្វើឡើង ក្នុងគោលបំណងសំខាន់ចំនួន៤ រួមមាន៖ ទី១. បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើក កម្ពស់សិទ្ធមនុស្សនៅកម្ពុជា , ទី២.បង្ហាញនូវការអនុវត្តយ៉ាងទៀតទាត់ចំពោះកាតព្វកិច្ច អន្ដរ ជាតិ របស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ, ទី៣. បញ្ជ្រាបការយល់ដឹងអោយកាន់តែច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង ទី៤. ជម្រុញការចូលរួមរាល់អង្គភាពនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តនូវ សេចក្ដីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ជាតិ ស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការលុបបំ បាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)។
បន្ថែមពីនេះ សិក្ខាសាលានេះក៏ជាឱកាសដ៏ល្អមួយសម្រាប់អ្នកចូលរួមទាំងអស់បាន លើកឡើងជាសំណួរ និងផ្លាស់ប្តូរយោបល់ និងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយ នានាពាក់ព័ន្ធ នឹងការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា និងជាវេទិកា ផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដល់អ្នកចូលរួមទាំងអស់ ដើម្បីរួមគ្នាលើកកម្ពស់សិទ្ធិមនុស្ស និងភាពសុខដុមរមនាក្នុងសង្គម៕