វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៦ ០៣ ២០២៥
ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN-ESCAP) ដើម្បីសិក្សាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងដើម្បីរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរួមមួយរបស់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ មានឈ្មោះថា «The Community of Practice» ដែលជាអភិក្រមថ្មីមួយផ្តល់អាទិភាពដល់ការផ្លាស់ប្តូរចំណេះដឹង និងការបង្កើតរួមគ្នានូវយុទ្ធសាស្ត្រដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមបរិបទប្រទេស តំបន់ និងពិភពលោក ដោយមានការចូលរួមពីក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ (UN) និងដៃគូផ្សេងទៀតទាំងក្នុងនិងក្រៅប្រទេស។
នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៣ ដែលធ្វើឡើងក្រោមប្រធានបទ «បណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា «ដោយឃើញពីសារៈសំខាន់ និងការទទួលខុសត្រូវសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនេះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាននិងកំពុងសស្រាក់សស្រាំសិក្សា និងវាយតម្លៃពីផលប៉ះពាល់របស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតលើការអភិវឌ្ឍរបស់កម្ពុជា និងរៀបចំបង្កើតក្របខ័ណ្ឌគោលនយោបាយពាក់ព័ន្ធ ព្រមទាំងការតាក់តែងព្រាងជាយុទ្ធសាស្ត្រជាតិស្តីពី បញ្ញាសិប្បនិម្មិត ស្របតាមអាទិភាពជាតិ និងឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាក់ស្តែងរបស់កម្ពុជា»។ ឯកឧត្តម បន្តថា នៅក្នុងបរិបទតំបន់ និងសកល ដែលមានភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍យ៉ាងឆាប់រហ័ស បច្ចេកវិទ្យាដែលលេចធ្លោ ហើយបាននិងកំពុងមានវត្តមាន គឺបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាឧទាហរណ៍មួយ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រែប្រួលយ៉ាងទូលំទូលាយ ទាំងក្នុងសេដ្ឋកិច្ច ឧស្សាហកម្ម និងសង្គមទាំងមូលនៅជុំវិញពិភពលោក។ បច្ចេកវិទ្យានេះ ក៏មានសក្តានុពលក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ច លើកកម្ពស់សេវាកម្មសាធារណៈ និងដោះស្រាយបញ្ហាប្រឈមដែលសង្គមជាតិបានកំពុងនឹងជួបប្រទះផងដែរ។ ប៉ុន្តែបច្ចេកវិទ្យានេះ ក៏បានផ្តល់នូវក្តីបារម្ភ និងបញ្ហាប្រឈមដែលមានលក្ខណៈស្មុគស្មាញមួយចំនួនផងដែរ ដូចជាតម្រូវការធនធានហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគធនធានមនុស្ស ក្រមសីលធម៌ និងក្របខ័ណ្ឌគតិយុត្តមួយចំនួន ដើម្បីធានាបាននូវការអភិវឌ្ឍ សន្តិសុខ សុវត្ថិភាព តម្លាភាព គណនេយ្យភាព និងសមភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ។
ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ AI ត្រូវបានរំពឹងថា នឹងមានឥទ្ធិពលលើការងារចំនួន១,២ពាន់លាននាក់ និងប្រាក់ឈ្នួលប្រមាណ១៤,៦ លានដុល្លារអាម៉េរិក នៅទូទាំងពិភពលោក ដែលនឹងប៉ះពាល់៥០ភាគរយ នៃសេដ្ឋកិច្ចពិភពលោក។ AI នឹងធ្វើឱ្យអាស៊ានផ្លាស់ប្តូរ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយ ជាមួយនឹងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបពី១០ ទៅ ១៨ភាគរយ ដែលមានតម្លៃប្រមាណ១ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០៣០៕