វិទ្យុជាតិកម្ពុជា ឈួន សំអាត ០៧-០៤-២០២៥
ភ្នំពេញ៖ កម្ពុជាបានបង្កើតមជ្ឈមណ្ឌលសិក្សា ចិន-អាស៊ាន ក្នុងគោលដៅពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាង ចិន និង អាស៊ាន ដើម្បីជំរុញ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្ដូរនូវគំនិតឬទស្សនទានថ្មីៗទៅវិញទៅមក ក៏ដូចជាការផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជនទាំងក្នុងតំបន់និងពិភពលោក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសម្ពោធ បើកមជ្ឈមណ្ឌលសិក្សា ចិន អាស៊ាន នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាសភាជាតិ និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន បានមានប្រសាសន៍ឱ្យដឹងថា ការបង្កើតនូវមជ្ឈមណ្ឌលសិក្សាចិនអាស៊ាននេះ ក្នុងទិសដៅពង្រឹងទំនាក់ទំនងទ្វេភាគីចិន-អាស៊ាន អាស៊ាន-ចិន ក្នុងបរិបទថ្មី ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្ដូរនូវគំនិតចែករំលែកបទពិសោធថ្មីៗ ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសិក្សា ស្រាវជ្រាវទាំងក្នុងប្រទេស តំបន់ និងពិភពលោកផងដែរ។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា មជ្ឈមណ្ឌលនេះ នឹងដើរតួជាវេទិកាមួយ ដើម្បីឱ្យអ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវ ឬក៏អ្នកតាក់តែងគោលនយោបាយយុទ្ធសាស្ត្រផ្សេងៗ មកពិភាក្សាគ្នាត្រង់ទៅត្រង់មក និងមានលក្ខណៈបើកចំហ ដើម្បីពង្រឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមក រវាងអាស៊ាន ចិន ក៏ដូចជាចិននិងកម្ពុជា។ ការបង្កើតឱ្យមានមជ្ឈមណ្ឌលសិក្សាចិនអាស៊ាននេះគឺស្របពេលដែលប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីន ពីង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។ ឯកឧត្តមបណ្ឌិតអះអាងថា មជ្ឈមណ្ឌលនេះ ក៏ជាចំណុចចាប់ផ្ដើមមួយ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងចិននិងអាស៊ានផងដែរ។ មិនតែប៉ុណ្ណោះមជ្ឈមណ្ឌលសិក្សាចិនអាស៊ាននេះ ក៏នឹងផ្ដល់លទ្ធភាពទៅលើការស្រាវជ្រាវក្នុងតំបន់អាស៊ានជាមួយចិន ក៏ដូចជាជំរុញការស្រាវជ្រាវដល់និស្សិត និងវប្បធម៌ រវាងប្រជាជននិងប្រជាជន ជាពិសេសធុរកិច្ចជនកម្ពុជា ចិន ដើម្បីជំរុញ ពាណិជ្ជកម្ម ការវិនិយោគផ្សេងៗ ឬការវិភាគដ៏ស៊ីជម្រៅបែបវិទ្យាសាស្ត្រ ធ្វើយ៉ាងណាឱ្យតំបន់ទាំងពីរយល់ពីគ្នាកាន់តែខ្លាំងឡើងថែមទៀត។
ឯកឧត្តមប្រធានមានសុទិដ្ឋិនិយមថា នៅថ្ងៃខាងមុខ នឹងយកមជ្ឈមណ្ឌលនេះឱ្យក្លាយជាទីតាំងសម្រាប់ស្រាវជ្រាវស៊ីជម្រៅ ទៅតាមបរិបទរបស់ពិភពលោក ដែលមានការប្រែប្រួលឥតឈប់ឈរ ព្រមទាំងមានការប្រកួតប្រជែងគ្នា ការមិនយល់គ្នាខាងផ្នែកពាណិជ្ជកម្ម ក៏ដូចជាពន្ធគយដែលកំពុងវិវត្តទៅយ៉ាងស្មុគស្មាញបំផុតនោះ។
មជ្ឈមណ្ឌលនេះក៏កំពុងស្វែងរកដៃគូ និងអ្នកគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមទាំងនៅកម្ពុជានិងក្រៅប្រទេស ដើម្បីទ្រទ្រង់នូវការប្រព្រឹត្តទៅនៃមជ្ឈមណ្ឌលនេះឱ្យកាន់តែមានប្រសិទ្ធភាពនិងមានលទ្ធភាពផ្ដល់សម្រាប់អ្នកស្រាវជ្រាវ អ្នកសិក្សាទូទាំងប្រទេសជាសមាជិក អាស៊ាន ដោយសម្រេចយកសាកលវិទ្យាល័យខេមតិចធ្វើជាទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវឱ្យស៊ីជម្រៅរវាងចិននិងអាស៊ាននេះ។
សូមបញ្ជាក់ផងដែរថាមជ្ឈមណ្ឌលសិក្សាចិនអាស៊ាននេះ បន្ទាប់ពីដំណើរការ នឹងបើកចំហឱ្យនិស្សិតមកពីសាកលវិទ្យាល័យនានាទាំងក្នុងនិងក្រៅប្រទេសមកសិក្សាស្រាវជ្រាវលើមុខជំនាញទំនាក់ទំនងអន្តរជាតិសេដ្ឋកិច្ចសង្គមបច្ចេកវិទ្យាវិទ្យាសាស្ត្រដែលជាផ្នែកមួយដ៏សំខាន់ក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ។ជាពិសេសមជ្ឈមណ្ឌលនេះនឹងជួយដល់និស្សិតកម្ពុជាក្នុងការស្រាវជ្រាវលើការទំនាក់ទំនងអន្តរជាតិនិងភូមិសាស្ត្រនយោបាយភូមិសាស្ត្រសេដ្ឋកិច្ចនិងបច្ចេកវិទ្យាផ្សេងៗអាចមកធ្វើកម្មសិក្សានៅទីនោះឬក៏ដាក់មកធ្វើជាជំនួយការក្នុងការស្រាវជ្រាវក្នុងមជ្ឈមណ្ឌលនេះ៕