វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៩ មេសា ២០២៥
អន្តរជាតិ៖ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មបាននិយាយថា ប្រទេសហុងគ្រីនឹងរង់ចាំមើលពីរបៀបដែលស្ថានភាពភូមិសាស្ត្រនយោបាយកើតឡើង មុនពេលដែលខ្លួនធ្វើការសម្រេចចិត្តលើគោលជំហរនៅក្នុងការបោះឆ្នោតបន្ទាប់របស់ EU ស្តីពីការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជាពិសេសកិច្ចពិភាក្សាដែលកំពុងបន្តដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបាននិយាយថា "ការសម្រេចចិត្តរបស់យើងនឹងពឹងផ្អែកច្រើនទៅលើស្ថានភាពភូមិសាស្ត្រនយោបាយ។ យើងនឹងឃើញថាតើជោគជ័យរបស់សហរដ្ឋអាម៉េរិក និងប្រធានាធិបតី Donald Trump ផ្ទាល់នឹងទៅជាយ៉ាងណារហូតដល់ការសម្រេចចិត្តបន្ទាប់" ។ "យើងនឹងធ្វើការសម្រេចចិត្តរបស់យើងដោយផ្អែកលើកាលៈទេសៈជាក់ស្តែងនៅពេលនោះ។" លោកបានសង្កត់ធ្ងន់ថា គ្រប់ភាគីដែលចូលរួមក្នុងការចរចាអំពី អ៊ុយក្រែន គឺចង់បានសន្តិភាព។ ខ្ញុំគិតថាពិភពលោកបានក្លាយជាកន្លែងមានសុវត្ថិភាពក្នុងរយៈពេលពីរបីសប្តាហ៍ចុងក្រោយនេះ ដោយសារការចរចា។ ទោះបីជាយើងមិនដឹងថាតើសន្តិភាពនឹងមានរយៈពេលខ្លី មធ្យម ឬរយៈពេលវែងក៏ដោយ ប៉ុន្តែអ្វីដែលយើងដឹងគឺហានិភ័យនៃសង្គ្រាមដែលកើនឡើងត្រូវបានថយចុះដោយសារការពិតដែលថារុស្ស៊ី និងអាម៉េរិកកំពុងចរចាដោយផ្ទាល់៕