«ប្រជាពលរដ្ឋសប្បាយ រីក រាយទទួលអំណរឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩»

Narith | ថ្ងៃទី 14 ខែ មេសា ឆ្នាំ 2025

 

 

វិទ្យុជាតិកម្ពុជា៖ 

 

MC:  នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ គឺជាថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយសង្កេតឃើញថា  បងប្អូនប្រជាពលរដ្ឋខ្មែរមិនថាទំាងនៅទីក្រុង និងជនបទស្រុកស្រែចម្ការទេ ម្នាក់ៗសុទ្ធតែមានអារម្មណ៍ សប្បាយរីករាយ ស្លៀកពាក់ស្អាតបាត និងការជួបជុំក្នុងក្រុមគ្រួសារជាទីស្រឡាញ់រៀងៗ ខ្លួន។  រីឯលំនៅឋានវិញក៏បាន រៀបចំតុបតែងយ៉ាងស្រស់ស្អាតផងដែរ ដោយ មានចងទង់ជាតិ ទង់សាសនាទង់ជ្វាលាលម្អដោយអំពូលភ្លើងចម្រុះពណ៌ គោមផ្កាយ បដាពាក្យសោ្លកសួស្តីឆ្នាំថ្មី  នៅមុខផ្ទះរៀងៗខ្លួនដើម្បី ទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ខែមេសា។

 

តាមតម្រា មហាសង្ក្រាន្ត ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ បានចូលមក នៅក្នុងថ្ងៃចន្ទ ២រោច ខែចែត្រត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៤និង ៤៨នាទី ទៀបភ្លឺ ដែលរំលងអាធ្រាតនៃយប់ថ្ងៃទី១៣ ដែលត្រូវនឹងវេនទេពធីតាមួយអង្គ ជាមគ្គនាយិកាព្រះនាមគោរាគទេវីគង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង សៀតផ្កាអង្គាបុស្ស អាភរណៈ កែវមុក្តា (គុជខ្យង)ភក្សាហារ តេលំ (ប្រេងល្ង ប្រេងដូង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ឈើច្រត់គង់លើខ្នងព្យគ្ឃ (សត្វខ្លាធំ) ជាពាហនៈ ។

ដើម្បីទទួលបានអំណរក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ប្រជាពលរដ្ឋខ្មែរគ្រប់លំនៅឋានបានរៀបចំ ផ្លែឈើ ផ្ភ្កា បាយសី ទឹក នំនែកមួយចំនួន ដើម្បីទទួលទេវតាឆ្នាំថ្មី ទៅតាមគន្លងប្រពៃណីជាតិ។ ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជារៀងរាល់ឆ្នាំ ព្រោះប្រជាពលរដ្ឋយើងយល់ថាបុណ្យចូលឆ្នាំថ្មីមានអត្ថន័យជ្រាលជ្រៅដោយមានការជួបជុំសប្បាយរីករាយក្នុងក្រុមគ្រួសារ បណ្ដុះស្មារតីស្រឡាញ់រាប់អានគ្នារវាងអ្នកភូមិស្រុកជិតខាងគ្នា  ថែរក្សាប្រពៃណីវប្បធម៌ជាតិនិងសាមគ្គីភាពជាតិ។ 

ឯកឧត្ដម រ័ត្ន សណ្ដាប់ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីបានថ្លែងប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរម្តងៗ ប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែមានអារម្មណ៍សប្បាយ រីករាយជួបជុំក្រុមគ្រួសារ និងគោរពប្រតិបត្តិទៅតាមគន្លងប្រពៃណីសាសនា ទំនៀមទម្លាប់តំាងពីបុរាណរៀងមក។

«ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ យើងទូទាំងប្រទេស ក៏ដូចជាក្រៅប្រទេសផងដែរ គឺបង្ហាញអំពី ប្រជាជាតិយើង គឺជាប្រជាជាតិមួយ ដែលមានអរិយធម៌ខ្ពង់ខ្ពស់ ឧត្ដុងឧត្ដម ហើយនៅក្នុងពិធីបុណ្យចូលឆ្នាំ យើងឃើញហើយថា ក្រៅពីទៅវត្តវ៉ានិងរបស់របរលុយកាក់ ជូនដល់អ្នកមានគុណ ឪពុកម្តាយ និងឧទិស កុសលដល់ញាតិកាទាំងប្រាំពីរសន្ដានដែលបានចែកឋានទៅ  ហើយបងប្អូនយើងហ្នឹងគឺមានលេងល្បែង របាំប្រជាប្រិយថែមទៀតក្នុងការបង្កលក្ខណៈសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

  ឯកឧត្តមបានបញ្ជាក់ថា  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំនៅខេត្តសៀមរាប រួមទំាងនៅតាមបណ្តារាជធានីខេត្តផ្សេងទៀតៗ បានរៀបចំឱ្យមានកម្មវិធីសង្ក្រាន្តនៅក្នុងមូលដ្ឋានរៀងៗផងខ្លួននោះ បានបង្កលក្ខណៈឱ្យប្រជាពលរដ្ឋ បានចូលលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅទូទំាងប្រទេសព្រមៗគ្នា។

ឯកឧត្តមបន្តថា ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ទំាងការជួបជុំគ្រួសារ ការរាំលេងកម្សាន្ត និងការដើរកម្សាន្តនៅតំបន់ទេសចរណ៍នានានៅទូទំាង ប្រទេសនេះ បានកើតឡើងដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

«ការចូលរួមរបស់ប្រជាពលរដ្ឋយើងក្នុងពីធីបុណ្យចូលឆ្នាំហ្នឹងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពល្អប្រសើរឡើងត្រង់ការរីកចម្រើនទៅផ្នែកសេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ អ៊ីចឹងជាភាពស៊ីវិល័យរបស់សង្គមជាតិយើងកាលណាបងប្អូនប្រជាពលរដ្ឋលោករស់នៅក្នុងជីវភាពសមរម្យ ហើយការស្លៀកពាក់ដើរហើរសព្វបែបយ៉ាងហ្នឹងវាបង្ហាញពីអរិយធម៌ហើយការស្លៀកពាក់បង្ហាញពីអរិយធម៌មួយដែលស្អាតបាតដូចជាពិធីបុណ្យចូលឆ្នាំសកលយើងបានចូលរួមអបអរសាទរជាមួយប្រជាជាតិទូទាំងប្រទេសយើងក៏រៀបបានល្អផូរផង់នេះហើយជាអរិយធម៌ជាតិសាសន៍យើងផងដែរ»។

សូមបញ្ជាក់ថា តាមទំនៀមទម្លាប់បុរាណខ្មែរបានឱ្យដឹងថា ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានឈ្មោះថា ថ្ងៃសង្ក្រាន្ត ដែលប្រជាពលរដ្ឋតែងតែរៀបចំគ្រឿងសក្ការៈ ដើម្បីទទួលទេវតាឆ្នាំថ្មី ហើយបន្ទាប់ពីរៀបចំកម្មវិធីបួងសួងសុំសេចក្តីសុខពីទេវតាឆ្នាំថ្មីរួចរាល់ហើយនោះ គឺប្រជាពលរដ្ឋខ្មែរតែងនាំគ្នាទៅវត្តអារាម ដើម្បីបង្សុកូល ពូនភ្នំខ្សាច់ ស្តាប់ធម៌ទេសនា លេងល្បែងប្រជាប្រិយផ្សេងៗជាដើម ។

សម្រាប់ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី គេហៅថា ថ្ងៃវារៈវ័នបត ដែលប្រជាពលរដ្ឋខ្មែរ រៀបចំជូនទេយ្យវត្ថុ និងសម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់មាតាបិតាឬអ្នកមានគុណ សម្រាប់ទុកប្រើប្រាស់ និងនាំគ្នាទៅវត្តអារាមដូចថ្ងៃទី១ដែរ ។ ចំណែកថ្ងៃទី៣ គេហៅថា ថ្ងៃឡើងស័ក គឺប្រជាពលរដ្ឋខ្មែរតែងតែនិមន្តព្រះសង្ឈសូត្រមន្ត ប្រោះព្រំ សុំសេចក្តីសុខចម្រើន ជាពិសេសមានរៀបចំពិធីស្រង់ព្រះ ដើម្បីទទួលពរជ័យសិរីសួស្ដីសម្រាប់ឆ្នាំថ្មី និងលាងជម្រះបាបកម្មដែលបានសាងកាលពីឆ្នាំចាស់ ៕

«ប្រជាពលរដ្ឋសប្បាយ រីក រាយទទួលអំណរឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩»
«ប្រជាពលរដ្ឋសប្បាយ រីក រាយទទួលអំណរឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩»
«ប្រជាពលរដ្ឋសប្បាយ រីក រាយទទួលអំណរឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩»
«ប្រជាពលរដ្ឋសប្បាយ រីក រាយទទួលអំណរឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩»
«ប្រជាពលរដ្ឋសប្បាយ រីក រាយទទួលអំណរឆ្នាំថ្មី ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩»