វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ មេសា ២៥
អន្តរជាតិ៖ ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសដ៏ សាហាវរបស់សហរដ្ឋអាមេរិកទៅលើរដ្ឋធានីសាណា និងខេត្តសាដារបស់យេម៉ែន រួមទាំងមជ្ឈមណ្ឌល មួយដែលជនចំណាកស្រុកអាហ្វ្រិកត្រូវបានរក្សាទុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសបានថ្កោលទោស នូវការទម្លាក់ គ្រាប់បែកកាលពីថ្ងៃអាទិត្យ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់រួមទាំងជនចំណាកស្រុក អាហ្វ្រិកចំនួន ៦៨នាក់ ដែលឃុំឃាំងនៅមជ្ឈមណ្ឌលឃុំឃាំងសាដា និងរាប់សិបនាក់ផ្សេងទៀតបាន រងរបួស។ លោកបានពណ៌នាការវាយប្រហាររបស់យោធាអាមេរិកប្រឆាំងនឹងគោលដៅជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងផ្ទះប្រជាជននៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសយេម៉ែនថាជា "ឧក្រិដ្ឋកម្មសង្គ្រាម" "ដែលបានសម្លាប់មនុស្សស្លូតត្រង់អស់រាប់រយនាក់"។ លោកបានរិះគន់អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សអន្តរជាតិចំពោះ "ភាពស្ងៀមស្ងាត់ និងភាពព្រងើយកន្តើយចំពោះការបំពានច្បាប់នេះ និងការរំលោភជាញឹកញាប់នៃអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ប្រទេសយេម៉ែន"។ លោកក៏បានអំពាវនាវឱ្យរដ្ឋអ៊ីស្លាមចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបញ្ឈប់ការសម្លាប់ប្រជាជនមូស្លីមរបស់យេម៉ែន និងបញ្ឈប់ការបន្តនៃ "អំពើប្រល័យពូជសាសន៍" របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងតំបន់ West Bank៕