វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោក ភី សុខ វិទ្យុជាតិចំការចេកខេត្តបាត់ដំបង
បាត់ដំបង ៖ ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានជំរុញលើកទឹកចិត្តដល់មន្រ្តីការិយាល័យទាំងប្រាំ នៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ឲ្យបន្តពង្រឹងសមត្ថភាព និងប្រើប្រាស់ធនធានចំណេះដឹងរបស់ខ្លួន ឱ្យអស់សក្កានុពល ក្នុងការបំពេញភារកិច្ចក្នុងអង្គភាពឱ្យកាន់តែរីកចម្រើនថែមទៀត ។
ក្នុងកិច្ចប្រជុំនាថ្ងៃទី៣០ខែមេសា ឆ្នាំ២០២៥ លោក សុវណ្ណវីទិត្យា បានបញ្ជាក់ថា មន្រ្តីដែលបម្រើការងារ យូរឆ្នាំ នឹងមានសមត្ថភាព ត្រូវបន្តចែករំលែកចំណេះដឹងដល់មន្រ្តីផ្សេងទៀត តាមរយៈការចុះអនុវត្តន៍ ការងារផ្ទាល់ និងចែករំលែកចំណេះដឹងតាមរយៈការបណ្តុះបណ្តាលផ្ទៃក្នុង ដើម្បីធ្វើយ៉ាងណាឱ្យដំណើការ ផ្សព្វផ្សាយព័ត៌មានកាន់តែមានគុណភាព និងមានវិជ្ជាជីវៈ បានដល់សាធារណជនកាន់តែទូលំទូលាយ ស្របតាមទិសដៅរបស់ក្រសួងព័ត៌មាន ។
លោក ប្រធានមន្ទីរព័ត៌មាន ក៏បានកោតសរសើរមន្រ្តីនៃមន្ទីរព័ត៌មាន ដែលបានខិតខំបំពេញការងារ ផ្សព្វផ្សាយព័ត៌មាន ទាក់ទងបច្ចុប្បន្នភាព វឌ្ឍនភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ហើយជាពិសេសការផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គម ឲ្យបានសកម្មនិង ទូលំទូលាយ។ លទ្ធផលស្នាដៃការងារទាំងនេះបានទទួលការកោតសរសើរ និងទទួលស្គាល់ ពីថ្នាក់ ដឹកនាំក្រសួង និង ថ្នាក់ដឹកនាំខេត្ត និងពីមន្ទីរស្ថាប័ននានាផងដែរ ។
បន្ថែមពីនោះលោកប្រធានមន្ទីរព័ត៌មានក៏បានឱ្យថ្នាក់ដឹកនាំនិងមន្រ្តីការិយាល័យទាំង៥របស់មន្ទីរព័ត៌មាន មានការិយាល័យវិទ្យុជាតិ ទូរទស្សន៍ជាតិ និងទីភ្នាក់ងារសារព័ត៌មានAKPខេត្តបាត់ដំបងជាដើម ត្រូវបន្ត ពង្រឹងកិច្ចការងារផលិតព័ត៌មានឱ្យបានច្រើនបន្ថែមទៀត និងពង្រឹងកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព និងស្ថាប័នពាក់ព័ន្ធ ក្នុងទិសដៅបម្រើដល់សាធារណជនលើវិស័យព័ត៌មាន ឱ្យបាន ល្អប្រសើរថែមទៀត ដើម្បីចូលរួមចំណែករក្សាសន្តិសុខ និងការអភិវឌ្ឍសង្គមជាតិ ៕