វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៣០ មេសា ២០២៥
MC៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការ អភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបែបនេះ នៅក្នុង សេចក្ដីប្រកាសព័ត៌មាន ស្តីពីការផ្សព្វផ្សាយរបាយការណ៍ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ឆ្នាំ២០២៥។
ជាលទ្ធផលនៃការស្ទង់មតិលើកទី២ ដែលក្រសួងព័ត៌មានបានរៀបចំឡើង ក្នុងក្របខណ្ឌនៃការសិក្សា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ហើយលទ្ធផលនៃការសិក្សានេះ ត្រូវបានផ្សព្វផ្សាយក្នុង សន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ស្ថានភាពសេរីភាព សារព័ត៌មាន និងសណ្ដាប់ធ្នាប់សារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ។ នេះជាលទ្ធផលចេញពីការសិក្សាវាស់វែងតាមបែបវិទ្យាសាស្ត្រ និងដោយការស្ទង់មតិក្នុងចំណោម អ្នកសារព័ត៌មាននៅទូទាំងប្រទេសកម្ពុជា ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ ដែលក្រសួងព័ត៌មានបានដឹកនាំរៀបចំនិងចងក្រង ក្នុងក្របខណ្ឌនៃការធ្វើបច្ចុប្បន្នភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មាន ទូទាំងប្រទេសដែលបានចូលរួម បានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អ ប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ៩,២% បានឆ្លើយថា សេរីភាពសារព័ត៌មានមាន ស្ថានភាពល្អបំផុត។ ការស្ទង់មតិនេះ ត្រូវបានរៀបចំឡើងក្នុង ក្របខណ្ឌនៃការសិក្សាលើកទី២ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន ដោយបានអនុវត្តវិធីសាស្ត្រសិក្សា ស្រាវជ្រាវ តាមបែបវិទ្យាសាស្ត្រ និងដោយឈរលើទិន្នន័យគោល (baseline data) ឆ្នាំ២០២៤ របស់កម្ពុជាជាមូលដ្ឋានក្នុងការវាស់វែង។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកបង្ហាញ ពីលទ្ធផលនៃការសិក្សានិងទិដ្ឋភាពពាក់ព័ន្ធនឹងការវិវត្តធំៗ ក្នុងចំណោមវឌ្ឍនភាពវិស័យព័ត៌មាននិងសោតទស្សន៍សំខាន់ៗ ផ្សេងទៀតគិតចាប់ពីឆ្នាំ២០២៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៥។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ ថា៖ «សេរីភាពសារព័ត៌មានជាកាតាលីករមួយដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបាន ធានាដោយ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្ត ជាធរមានផ្សេងទៀត។ក្នុងបរិបទនេះ ការវាស់វែងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានសារៈ សំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងអំពីលំហ សេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងសិទ្ធិទទួលបាន ព័ត៌មាន។ តាមរយៈការសិក្សានេះ យើងបានបង្ហាញដល់ ពិភពលោកឱ្យបានឃើញពីភាពជាម្ចាស់របស់ កម្ពុជាលើការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ ហើយអ្នកសារព័ត៌មាននិងអ្នកពាក់ព័ន្ធ បានសម្ដែងឆន្ទៈ ការបញ្ចេញមតិ និងបំពេញតួនាទីក្នុងការរួមចំណែកលើកកម្ពស់សេរីភាពសារព័ត៌មាន កម្ពុជាយ៉ាងពិតប្រាកដ»៕