វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០១ ០៥ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ខេត្តតាកែវ ជាខេត្តទី៦ ហើយ ដែលបានបញ្ចប់នៅក្នុងការវាស់វែង ចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ ដែលកិច្ចការងារនេះ ត្រូវបានជំរុញដល់ការធានា ជាកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋជាម្ចាស់ដី ។
កន្លងទៅសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ខេត្តកំពង់ចាម ក្លាយជាខេត្តដំបូងគេនៅកម្ពុជា ដែលបានបញ្ចប់ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ រហូតមកដល់ពេលនេះ មានខេត្តជាបន្តបន្ទាប់ ដូចជា ខេត្តកែប ខេត្តកំពង់ស្ពឺ ក៏ត្រូវបានប្រកាសបិទបញ្ជប់ដូចគ្នា ។
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការ និងធ្វើការ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី សង្ឃឹមថា ការដោះស្រាយនូវផល ប៉ះពាល់ និងវិវាទ នឹងត្រូវបានកាត់បន្ថយ កាន់តែប្រសើរជាងនេះ តាមរយៈការវាស់វែងច្បាស់លាស់ ដែលនឹងជួយឱ្យប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធិ កាន់តែច្បាស់លាស់ លែងមានទំនាស់ ជាមួយអ្នកជិតខាង និងអាចលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា ដោយសារប្រព័ន្ធបញ្ហាដីធ្លី លែងកើតមានបន្តទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា "ល្ងាចនេះ ឯកឧត្តម សាយ សំអាល់ ត្រូវទៅចែកជាង ៥ពាន់បណ្ណ នៅខេត្តព្រះសីហនុ ហើយថ្ងៃមុននៅតាកែវ អត់បានប្រកាស តាកែវដូចបញ្ចប់ដែរ ទៅម្សិលមិញអត់បានប្រកាស ឥឡូវប្រកាសតែម្តងឱ្យ ដូច្នេះជាខេត្តទី៦ហើយ ដែលបញ្ចប់នៅក្នុងការ វាស់វែង ចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ ចុះបញ្ជីហើយអស់មានទំនាស់ហើយ យើងចេញទៅហើយ ប្រើប្រាស់ ចឹងកិច្ចការងារ គឺជាកញ្ចប់តែម្តង នៅក្នុងការធានានូវសិទ្ធិ និងកម្មសិទ្ធិស្របច្បាប់របស់ ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាការធានានូវលំនឹងនិងភាពច្បាស់លាស់នៃការវិនិយោគ"៕