វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១ ឧសភា ២០២៥
MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំពិធីជួបជុំរវាង សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តិទៅដោយរលូន។
គួររម្លឹកថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ខែមករា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីបានអនុញ្ញាត ឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន អាចជជែកពិភាក្សា ដោយលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយដោះស្រាយ។
ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការ បញ្ចេញមតិនៅកម្ពុជាផងដែរ។ គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥នេះ ជំនួបរវាង អ្នកកសារព័ត៌មានជាមួយនាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៦លើករួចមកហើយ ប៉ុន្តែត្រូវខកខាន ធ្វើនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងអ្នកព័ត៌មានលើកទី៧ ឆ្នាំ២០២៥នេះ នឹងធ្វើឡើង នៅថ្ងៃ០៣ ខែឧសភា នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ (OCIC ) ដោយមាន អ្នកចូលរួមសរុបប្រមាណជា៥ពាន់នាក់៕