វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២ ៥ ២០២៥
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា សេរីភាពសារព័ត៌មានកម្ពុជា មិនឋិតនៅលើបបូរមាត់របស់បុគ្គល ឬក្រុមណាមួយទេ ជាពិសេសសកម្មភាពដែលមានចរិត និងរបៀបវារៈនយោបាយ ចំពោះមន្ត្រីរបស់កម្ពុជា គឺមិនមែនអង្គុយស្រមើស្រមៃធ្វើរបាយការណ៍ឱ្យក្លាយជាកំហុសនោះទេ។
របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ជារបាយការណ៍មួយដែលខ្មែរ និយាយដោយខ្លួនឯង មិនមែនបរទេសមកនិយាយជំនួសនោះទេ។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីការផ្សព្វផ្សាយរបាយការណ៍ «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥»កាលពីពេលថ្មីៗនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្ពុជាជានិច្ចកាលតែងតែរងនូវភាពអយុត្តិធម៌ពីរបាយការណ៍អង្គការអន្តរជាតិមួយចំនួន ដែលចេញផ្សាយទាក់ទងទៅនឹងស្ថានភាពសិទ្ធិមនុស្ស សេរីភាពការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន កម្ពុជាចាំបាច់ ត្រូវបានរបាយការណ៍មួយដែលឆ្លុះបញ្ចាំងពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីបង្ហាញស្ថានភាពសេរីភាពសារព័ត៌មានក្នុងប្រទេសរបស់ខ្លួន។
ឯកឧត្តម បានបន្តថា អ្នកដែលវាយតម្លៃ ឬលើកឡើងពីសេរីភាពសារព័ត៌មាននៅកម្ពុជា គឺមិនគ្រាន់តែនៅលើបបូរមាត់ទេ តែការពិតប្រហែលគ្មានមានឯកសារ ឬភស្តុតាងណាមួយបញ្ជាក់ឱ្យច្បាស់ ដូចអ្វីដែលក្រសួងព័ត៌មានបានធ្វើផង តែអាចត្រឹមតែអង្គុយសរសេរស្រមើស្រមៃ ហើយវាយតម្លៃជុំវិញគ្នាឯងតែ២ ឬ៣នាក់ នោះគឺជា
រឿងកំហុសឆ្គង។
ឯកឧត្តម បានបន្តទៀតថា កម្ពុជាជារើយៗ ត្រូវបានបរទេស និងក្រុមជនមួយចំនួនតូចដែលទទួលបានជំនួយពីម្ចាស់ជំនួយរបស់ខ្លួន សរសេរវាយប្រហារ លាបពណ៌ នៅក្នុងកម្រិតនៃរបៀបវារៈនយោបាយរបស់ពួកគេ ក៏ប៉ុន្តែ កម្ពុជា គឺរបស់កម្ពុជា។ កម្ពុជាពិត គឺប្រជាជននៅក្នុងប្រទេសបានដឹងច្បាស់លាស់នៃស្ថានភាពពិតរបស់ខ្លួន។
ឯកឧត្តម បានបញ្ជាក់ថា ស្ថានភាពពិតនៃសេរីភាពសារព័ត៌មាននៅកម្ពុជា គឺស្ថិតនៅក្នុងរបាយការណ៍ តែមិនមែនស្ថិតនៅលើបបូរមាត់ របស់មន្ត្រីរដ្ឋាភិបាល និយាយតាមតែចិត្តចង់នោះទេ របាយការណ៍ដែលចេញដោយក្រសួងព័ត៌មាន គឺឈរនៅលើការពិត ឈរនៅលើវិធីសាស្ត្រវិទ្យាសាស្ត្រ និងឈរលើមូលដ្ឋាននៃចម្លើយដែលផ្តល់ពីអ្នកសារព័ត៌មាន ដែលត្រូវបានជ្រើសរើសយ៉ាងពិតប្រាកដ ពីតំណាងអ្នកសារព័ត៌មានទូទាំងប្រទេស បានឆ្លើយនឹងកម្រងសំណួរស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជា សម្រាប់ឆ្នាំ២០២៥ ហើយលទ្ធផលដែលបានមកនេះ គឺជាលទ្ធផលពិតប្រាកដ ដែលកម្ពុជាត្រូវតែមានរបាយការណ៍ខ្លួនឯង។
ឯកឧត្តម បានបន្ថែមថា មិនត្រូវរង់ ចាំពឹងលើជំនួយបរទេសនោះទេ ពីព្រោះប្រជាពលរដ្ឋ និងមន្ត្រីខ្មែរ គឺត្រូវរួមគ្នាកសាងកម្ពុជា ឱ្យទៅជាប្រទេសដែលមានមោទនភាព ជាសង្គមរស់រវើក ប្រជាជនមានសមត្ថភាព។ ជាក់ស្តែងតាមរយៈរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥ ដែលស្រាវជ្រាវ ចងក្រងដោយមន្ត្រីខ្មែរ វាជាមោទនភាព។ ក្រសួងព័ត៌មាន គឺមិនមានអ្នកជំនាញការ ឬទីប្រឹក្សាជាជនជាតិបរទេសមកជួយលើការងារផ្នែកព័ត៌មាន និងសោតទស្សន៍នោះទេ ពោលគឺមន្ត្រីខ្មែរបានប្រឹងប្រែងធ្វើការងារដោយខ្លួនឯង ដូច្នេះ ចំណុចនេះបានបង្ហាញពីសមត្ថភាពពេញលេញរបស់មន្ត្រីខ្មែរ ដែលទទួលបានការបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌនៃដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ដែលបានផ្តល់ឱកាសដល់កូនខ្មែរអាចសិក្សាស្រាវជ្រាវ រហូតយកចំណេះដឹងទាំងនេះមកបម្រើប្រជាជន និងប្រទេសជាតិ។
ជាមួយគ្នានេះ ចំពោះកិច្ចការស្ទង់មតិនេះ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បញ្ជាក់ថា ធ្វើឡើងដោយមន្ត្រីរបស់ក្រសួងព័ត៌មានផ្ទាល់ ខណៈដែលអ្នករៀបចំធ្វើកិច្ចការងារទាំងនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ដោយមិនចាំបាច់មានជំនួយពីបរទេសនោះទេ។ របាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥» គឺជាការផ្តោតទៅលើអ្វីដែលជាស្ថានភាពពិតប្រាកដ នៅក្នុងប្រទេសកម្ពុជា ខណៈដែលកម្ពុជាគឺមានរបៀបរបប នៃការគ្រប់គ្រងរបស់កម្ពុជា មិនអាចធ្វើការប្រៀបធៀបកម្ពុជា ទៅបណ្តាប្រទេសផ្សេងៗ ហើយមានតែប្រជាជនកម្ពុជា ជាពិសេសអ្នកសារព័ត៌មាន ស្ថិតក្នុងវិស័យព័ត៌មាន ដឹងច្បាស់ តាមរយៈការស្ទង់មតិរកឃើញថា មានរហូតទៅដល់ ៨១.០៤% បាននិយាយថា សេរីភាពសារព័ត៌មាន នៅកម្ពុជាមានភាពល្អប្រសើរ៕