វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ អង្គការអន្តរជាតិជាច្រើនបានកែប្រែការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ពួកគេសម្រាប់ប្រទេសឥណ្ឌូនេស៊ី ដោយឆ្លុះបញ្ចាំងពីការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មសកល និងបញ្ហាប្រឈមសារពើពន្ធក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ នៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកក្នុងខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើន GDP ពិតប្រាកដរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២៥ ពី ៥,១% ទៅ ៤,៧% ដោយរក្សាការប៉ាន់ប្រមាណនេះសម្រាប់ឆ្នាំ២០២៦ នឹងក៏បានកែសម្រួលការព្យាករណ៍អតិផរណារបស់ខ្លួនចុះមកត្រឹម ១,៧%។ ការកែតម្រូវនេះត្រូវបានសន្មតថាដោយសារតែភាពមិនប្រាកដប្រជានៃពាណិជ្ជកម្មសកល រួមទាំងពន្ធគយដែលមានសក្តានុពលរបស់សហរដ្ឋអាម៉េរិករហូតដល់ ៣២% លើការនាំចេញសំខាន់ៗរបស់ឥណ្ឌូនេស៊ីដូចជាអេឡិចត្រូនិក វាយនភ័ណ្ឌ និងស្បែកជើងជាដើម។ ដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជាសេដ្ឋកិច្ចទាំងក្នុងស្រុក និងពិភពលោក ធនាគារឥណ្ឌូនេស៊ី (BI) បានសម្រេចចិត្តរក្សាអត្រាការប្រាក់សំខាន់ៗរបស់ខ្លួនឱ្យនៅដដែល គឺនៅកម្រិត ៥,៧៥% ដើម្បីគាំទ្រប្រាក់រូពៀដែលកំពុងធ្លាក់ចុះ។ ទោះជាយ៉ាងណាក៏ដោយ BI ក៏បានបន្ទាបការព្យាករណ៍កំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ២០២៥ មកនៅប្រហែល ៤,៨% ដែលធ្លាក់ចុះពីការព្យាករណ៍ពីមុន។ ធនាគារបានបញ្ជាក់បន្ថែមថា ខ្លួនអាចនឹងកាត់ បន្ថយអត្រាការប្រាក់ចំនួន ២៥ ចំណុចក្នុងត្រីមាសបន្ទាប់ដើម្បីជួយ
ជំរុញកំណើន៕