វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០២ ០៥ ២៥
ភ្នំពេញ៖ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អប់រំចាប់ផ្តើមពីពេលស្ត្រីមានផ្ទៃពោះ កុមារ និងយុវជន ដើម្បីកសាងធនធានមនុស្សនៅកម្ពុជាឱ្យល្អ និងមានគុណភាពក្នុងការចូលអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ក្នុងឱកាសអនុញ្ញាតឱ្យលោកបណ្ឌិត Ock Soo Park ស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញថា បញ្ហាពាក់ព័ន្ធនឹងយុវជន គឺជាបញ្ហាធំ ដោយហេតុថា ដើម្បីមានធនធានមនុស្សល្អ គឺការយកចិត្តទុកដាក់ត្រូវចាប់ផ្តើមពីកុមារ និងយុវជន។ ចំពោះកម្ពុជា សម្តេចតេជោ បានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ គឺចាប់ផ្តើមតាំងពីដំបូង ពោលគឺចាប់ពីពេលស្ត្រីមានផ្ទៃពោះ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់គោលនយោបាយឧបត្ថម្ភនានា រហូតដល់ពេលក្មេងអាយុ២ឆ្នាំ។ ដល់ពេលវ័យចូលរៀន ការគិតគូរយកចិត្តទុកដាក់ ក៏ត្រូវបានផ្តោតទៅលើការរៀបចំមត្តេយ្យសាលា ដែលមានលក្ខណៈសមរម្យ និងការថែទាំដល់ក្មេងៗ ដូចជានៅតាមបណ្តារោងចក្រ ដើម្បីអនុញ្ញាតឱ្យឪពុកម្តាយមានពេលបំពេញការងារ។
សម្តេចតេជោ ក៏បានបន្ថែមថា ជាមួយនឹងកំណើនប្រជាជនកម្ពុជា ទោះបីជាអត្រាកំណើនមានការថមថយចុះ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យអប់រំ តាមរយៈការបន្តសាងសង់សាលារៀន ដែលពីមុនការសិក្សារៀនសូត្រ គឺពឹងផ្អែកទៅលើទីវត្តអារាម ហើយអគារសិក្សាក៏ពុំមានគ្រប់គ្រាន់នៅតាមបណ្តាស្រុក-ខេត្ត។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបង្កឱកាសឱ្យកុមារ យុវជន និងយុវតីទទួលបានការសិក្សា សម្តេចបានគូសរំលេចថា ពីមុន កូនសិស្សដើររកសាលា តែបច្ចុប្បន្ន សាលាដើររកកូនសិស្ស។ បន្ថែមពីលើនេះ សម្តេចបានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈយុវជន ១លាន៥សែននាក់ ដើម្បីជាធនធានរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ជាមួយគ្នានេះ សម្ដេចក៏បានសង្កេតឃើញអំពីការធ្វើសកម្មភាពជាច្រើនរបស់អង្គការ IYF នៅកម្ពុជា និងក្នុងស្មារតីនេះ សម្តេចសង្ឃឹមថា អង្គការ IYF នឹងបន្តរួមចំណែកជាមួយកម្ពុជា ដើម្បីបោះជំហានទៅមុខជាមួយគ្នាបន្តទៀត។
នៅក្នុងឱកាសជំនួបនេះ លោកបណ្ឌិត Ock Soo Park បានជម្រាបជូនអំពីសកម្មភាពរបស់អង្គការ IYF ដែលមានប្រតិបត្តិការទាំងនៅកម្ពុជា និងតាមបណ្តាប្រទេសនានានៅលើពិភពលោក ដែលអង្គការនេះ មានទិសដៅអប់រំបណ្តុះបណ្តាលយុវជន។
លោកបានបន្តលើកឡើងថា នៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ប្រទេសណាក៏មានបញ្ហាយុវជនដែរ។ ដូចនេះ ការអប់រំបណ្តុះបណ្តាលយុវជន មានសារៈសំខាន់ណាស់ ដើម្បីឱ្យក្លាយជាធនធានមនុស្សដ៏ល្អនៅប្រទេសនីមួយៗ។
នៅក្នុងន័យនេះ លោកបណ្ឌិត Ock Soo Park បានលើកឡើងដោយការប្តេជ្ញាចិត្តថា អង្គការ IYF នឹងបន្តធ្វើសកម្មភាពអប់រំយុវជនកម្ពុជា និងជាមួយគ្នានេះ បានសម្តែងនូវអំណរគុណចំពោះសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រសកម្មភាពរបស់ IYF កន្លងមកផងដែរ៕