វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ ក្រសួងបច្ចេកវិទ្យា និងគមនាគមន៍របស់ប្រទេសឡាវបានបើកកិច្ចប្រជុំមួយដើម្បីពិនិត្យវឌ្ឍនភាព និងពិភាក្សាអំពីផែនការសម្រាប់ការអភិវឌ្ឍវិស័យទូរគមនាគមន៍ទំនើប និងបច្ចេកវិទ្យាព័ត៌មានដែលមានសុវត្ថិភាពលើគ្រប់វិស័យ ចាប់ពីថ្នាក់កណ្តាលដល់មូលដ្ឋាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើយោងតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា កិច្ចប្រជុំដែលធ្វើឡើងនៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ បានដឹកនាំដោយរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា និងទំនាក់ទំនងឡាវ ក៏មានការចូលរួមពីបុគ្គលិកសំខាន់ៗមកពីទូទាំងប្រទេសផងដែរ។ ក្នុងកិច្ចប្រជុំនេះ ក្រសួងក៏បានគូសបញ្ជាក់ពីផែនការអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២៦-២០៣០ ដោយផ្តោតលើការប្រើប្រាស់ការស្រាវជ្រាវ និងការច្នៃប្រឌិតបច្ចេកវិទ្យាដើម្បីធ្វើពិពិធកម្មផលិតផល លើកកម្ពស់ការប្រកួតប្រជែង និងអភិវឌ្ឍធនធានមនុស្សឌីជីថលដែលមានជំនាញ។ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើអាទិភាពសំខាន់ៗចំនួនបួនសម្រាប់អនាគត រួមមាន ការបង្កើតរដ្ឋឌីជីថល ការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល គាំទ្រការចាប់ផ្តើមអាជីវកម្ម និងប្រព័ន្ធអេកូឌីជីថល និងការអភិវឌ្ឍជំនាញឌីជីថល ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ថវិកាជាតិ និងគាំទ្រកំណើនសេដ្ឋកិច្ចសង្គម។ គួរបញ្ជាក់ថា កិច្ចប្រជុំក៏បានរួមបញ្ចូលផងដែរនូវការផ្លាស់ប្តូរគំនិតប្រកប ដោយផលិតភាព ដើម្បីកំណត់ដំណោះស្រាយសម្រាប់អនាគត៕