វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០២.០៥.២០២៥
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងថា តាមរយៈជំនួយបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ FAO និងកញ្ចប់ថវិកាពីសហភាពអឺរ៉ុប បានជួយឱ្យសហគមន៍ស្រីចឹក មានសមត្ថភាពកាន់តែល្អប្រសើរលើការងារអភិរក្សសហគមន៍នេសាទ បើទោះបីជាគម្រោង CAPFISH-Capture នេះ នឹងបញ្ចប់ចុងឆ្នាំ២០២៥នេះក៏ដោយ ។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រោមការផ្ដល់នូវជំនួយបច្ចេកទេសពី FAO និងកញ្ចប់ថវិកាពីសហភាពអឺរ៉ុប សហគមន៍នេសាទស្រីចឹក ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានអភិវឌ្ឍខ្លួនលើសមត្ថភាព ពង្រីកសក្ដានុពលរបស់សហគមន៍ ជាពិសេសការចូលរួមបង្ក្រាបបទល្មើសនេសាទ ដែលនាំឱ្យកំណើនជលផលទឹកសាប ហាក់កើនឡើងជាងកាលពីពេលកន្លងមក។
លោកជំទាវ បានបន្តថា សហគមន៍ក៏មានលទ្ធភាពសន្សំប្រាក់រក្សាទុកក្នុងធនាគារ ដើម្បីយកការប្រាក់មកបង្វែរធ្វើកិច្ចទ្រទ្រង់សហគមន៍ ដូចជា ៖ ការល្បាត ការបង្ក្រាបបទល្មើសនេសាទនានា ការដាំដើមឈើឡើងវិញ ជាដើម ។
លោកជំទាវ បានបន្តទៀតថា សមិទ្ធផលទាំងអស់នេះដែល
អាចកើតឡើងបាន គឺតាមរយៈការគាំទ្របច្ចេកទេស ការណែនាំ ការបណ្ដុះបណ្ដាលពីសំណាក់អង្គការដៃគូ ដែលអនុវត្តផ្ទាល់ដោយ FAO រួមសហការជាមួយរដ្ឋបាលជលផល ។
« ទន្ទឹមគ្នានេះនាងខ្ញុំក៏សូមកោតសរសើរ និងលើកទឹកចិត្តចំពោះសហគមន៍ចំពោះអ្វីដែលបានធ្វើកន្លងមក និងសូមបន្តធ្វើជាបន្តទៀត បើទោះបីជាគម្រោងនេះត្រូវបិទបញ្ចប់នៅក្នុងឆ្នាំ២០២៥នេះក៏ដោយ ហើយនៅក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏អរគុណទៅដល់ការសហការរបស់អង្គការ និងការគាំទ្រថវិកាពីសហភាពអឺរ៉ុបហើយយើងសង្ឃឹមថា បើទោះបីជាគម្រោងនេះត្រូវបានបិទបញ្ចប់ ដែលបានឧបត្ថម្ភទៅលើសហគមន៍នេសាទចំនួន២៥០នៅទូទាំងប្រទេស ដូច្នេះយើងសង្ឃឹមថា ទៅថ្ងៃអនាគត នឹងមានគម្រោងថ្មីៗបន្ថែមទៀត ដែលសហភាពអឺរ៉ុបអាចនឹងពិចារណាជួយគាំទ្រដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសសហគមន៍មូលដ្ឋានឱ្យមានសមត្ថភាពកាន់តែរីកចម្រើនឡើង និងមានភាពធន់ មិនត្រឹមតែអាចជួយបណ្ដុះបណ្ដាលគាត់ដោយខ្លួនឯងទេ ប៉ុន្តែជួយឱ្យគាត់អាចជួយសហគមន៍របស់ខ្លួនឯង មានភាពរីកចម្រើនទៅមុខបន្ថែមទៀត » ។
សូមបញ្ជាក់ថា តាមរយៈកម្មវិធី CAPFISH-Capture អង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបន្ថែមដល់រដ្ឋបាលជលផល ក្នុងការអនុវត្តសកម្មភាព ដែលបានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០១៩ រហូតដល់ខែធ្នូ ឆ្នាំ២០២៥ ដើម្បីគាំទ្រដល់ការគ្រប់គ្រងអភិរក្ស និងការអភិវឌ្ឍធនធានជលផល ។ ការគាំទ្ររបស់ FAO, CAPFISH-Capture បានបង្កើតនូវគំនិតផ្តួចផ្តើម និងការកសាងសមត្ថភាពដល់មន្ត្រីរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងគណៈកម្មការ សមាជិកសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ដើម្បីធានានូវការប្រើប្រាស់ធនធានជលផល ប្រកបដោយការទទួលខុសត្រូវ មានសមភាពនិងនិរន្តរភាព ៕