វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០២.០៥.២០២៥
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា ជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ផងនិងដោយប្រយោលផង ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋាន ។
ក្នុងពិធីចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានឥតសំណងចំនួន១,១២លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដល់សហគមន៍កសិកម្មទំនើបស្វាយចន្ទីនៅខេត្តកំពង់ធំ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការផ្ដល់ហិរញ្ញប្បទានពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានេះ គឺសម្រាប់ជួយឱ្យសហគមន៍ចេះធ្វើការជាមួយគ្នា ដូច្នេះប្រសិនបើសហគមន៍នីមួយៗត្រូវការបណ្ដាក់ទុន គឺជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីដែលគាំទ្រថវិកាហិរញ្ញប្បទានដោយធនាគារពិភពលោក នឹងមានជាទុនបំពេញបន្ថែម៤០ភាគរយ លើការវិនិយោគរបស់សហគមន៍ ដែលនេះគឺជាវិធីសាស្ត្រក្នុងការលើកទឹកចិត្តទៅដល់ប្រជាកសិករ ដែលមានផែនការច្បាស់លាស់ ។
« នេះគឺជាវិធីសាស្ត្រក្នុងការលើកទឹកចិត្តទៅដល់កសិករ ដែលចង់រៀបចំទៅជាសហគមន៍មួយ ដែលមានគោលដៅ មានផែនការវិនិយោគ ផែនការអាជីវកម្មពិតប្រាកដ ដូច្នេះនៅពេលដែលក្រសួងកសិកម្ម បានឃើញពីការអនុវត្តការងារក៏ដូចជាការដាក់ចេញនូវផែនការច្បាស់លាស់របស់សហគមន៍កសិកម្មនោះ គឺក្រសួងកសិកម្មនឹងជួយជ្រោមជ្រែងទៅដល់ពួកគាត់ »។
លោកស្រី ស៊ិន ចន្ទី កសិករសមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ដែលបានចូលរួមក្នុងពិធីចុះកិច្ចព្រមព្រៀងទទួលហិរញ្ញប្បទានឥតសំណង ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងតែយកចិត្តទុកដាក់ទៅលើសហគមន៍កសិកម្មទាំងអស់ ធ្វើយ៉ាងណាជួយទៅដល់ប្រជាកសិករឱ្យមានជំនាញ បច្ចេកទេស ក៏ដូចជាមានទីផ្សារច្បាស់លាស់ ធ្វើឱ្យជីវភាពរបស់ប្រជាកសិករមានភាពល្អប្រសើរជាងមុនច្រើន ។
« សម្រាប់ខ្ញុំគឺ អរគុណហើយមានអារម្មណ៍ថាសប្បាយរីករាយដែលបានគម្រោងពិពិធកម្មកសិកម្មកម្ពុជានេះជួយទៅដល់ពួកខ្ញុំ ហើយបានធ្វើឱ្យពួកខ្ញុំមានជីវភាពល្អប្រសើរបានមួយកម្រិត ហើយក៏សូមអរគុណទៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអ្នកពាក់ព័ន្ធ ដទៃទៀត ដែលបានយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើកសិករនៅក្នុងសហគមន៍ គឺបានធ្វើឱ្យយើងទទួលបានផលប្រយោជន៍ច្រើន ហើយធ្វើបែបនេះគឺជួយទៅដល់កសិករដែលមានជីវភាពខ្វះខាត » ។
ជាមួយគ្នានេះដែរ លោក ញូង ធីម ប្រធានសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង ក៏បានលើកឡើងថា ការចុះកិច្ចព្រមព្រៀងនឹងផ្ដល់អត្ថប្រយោជន៍៣សំខាន់ដល់កសិករ ដូចជា ៖ ទី១-កសិករកាត់បន្ថយការចំណាយធ្វើដំណើរផ្លូវឆ្ងាយ ទី២-កសិករលែងពិបាកចល័តពីចម្ការមួយទៅចម្ការមួយ ឬពីភូមិមួយទៅភូមិមួយ និងទី ៣ កសិករក្នុងសហគមន៍អាចប្រមូលស្វាយចន្ទីពេលចុះថ្លៃ មកហាលរួមឱ្យស្ងួតរួចលក់នៅពេលឡើងថ្លៃវិញ ៕