វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥
MC. អ្នកស្រីម៉េង សៀវភីង មកពីគ្រួសារក្រីក្រនៃតំបន់បឹងទន្លេសាប ស្ថិតនៅព្រំទល់រវាងខេត្តបាត់ដំបងនិងសៀមរាបបាន ចែករំលែកបទពិសោធការតស៊ូរៀនសូត្រ ដោយផ្តើមចេញពីអតីតសិស្សិស្នាក់នៅអន្តេវាសិកដ្ឋានម្នាក់ រហូតសម្រេចក្តីស្រមៃក្លាយជាគ្រូបង្រៀន មកជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងមូលដ្ឋានខ្លួនវិញ។
អ្នកស្រី ម៉េង សៀវភីង មានអាយុជាង៣០ឆ្នាំ បច្ចុប្បន្នជាគ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ផ្តើមចេញពីអតីតសិស្សស្នាក់នៅអន្តេវាសិកដ្ឋាននៃវិទ្យាល័យអង្គរខេត្តសៀមរាប តាមរយៈការជួយទំនុកបំរុងពីអង្គការមូលនិធិទំពាំងស្នងឫស្សី ដើម្បីបន្តការសិក្សាថ្នាក់វិទ្សាល័យនោះ បានខិតខំតស៊ូរៀនសូត្រដល់បញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបន្តការសិក្សា រហូតបានក្លាយជាគ្រូបង្រៀនម្នាក់ ត្រឡប់មកបង្រៀនក្នុងមូលដ្ឋានវិញ ដើម្បីចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្នុងតំបន់ឱ្យបានប្រសើរឡើង។
អ្នកគ្រូបន្តថា ដោយសារជីវភាពក្រីក្រផង សាលារៀននៅឆ្ងាយផង ស្ទើរតែសម្រេច បោះបង់ចោលការសិក្សាត្រឹមថ្នាក់អនុវិទ្យាល័យទៅហើយ ដោយសារមានទីលំនៅលើផ្ទៃទឹក តំបន់បឹងទន្លេសាប ដែលឆ្ងាយពីសាលារៀន ពិបាកធ្វើដំណើរទៅមកជារៀងរាល់ថ្ងៃផង អ្នកគ្រូសៀវភីង បានទទួលការជំរុញលើកទឹកពីឪពុកម្តាយ រួមទាំងការប្តេជ្ញាចិត្តពុះពាររបស់ខ្លួន បន្តស្នាក់នៅអន្តេវាសិកដ្ឋានជាទីកន្លែង មានសិស្សស្រីមកពីគ្រប់ទិសទី រស់នៅជាបណ្តុំ ដើម្បីបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ អ្នកគ្រូបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបានសម្រេចក្តីសុបិនរបស់ខ្លួន ដែលតែងស្រមៃកាលវ័យកុមារ។
ការរស់នៅពាក្យថាអង្គការគឺផ្តល់បទពិសោធច្រើនណាស់ ខ្ញុំជាមនុស្សម្នាក់អត់ដែលទៅឆ្ងាយផ្ទះទេ ដល់ពេលឆ្ងាយផ្ទះទី១នឹកផ្ទះ មួយទៀតយើងជាស្រីអត់ស្គាល់គេស្គាល់ឯង ប៉ុន្តែនៅតែមានការកក់ក្តៅពីអ្នកគ្រប់គ្រង គាត់តែងតែមួយសប្តាហ៍អីគាត់ប្រជុំម្តង គាត់តែងឱ្យយើងសម្លឹងមើលគោលដៅ រៀបចំផែនការខ្លួនឯង យើងឈានជើងចេញពីភូមិហើយកូនឯងធ្វើម៉េចឱ្យសម្រេចក្តីសុបិន ដល់អីចឹងយើងចេះតែព្យាយាមទៅបង ហើយការលំបាកវាតែងតែមានដែរ។ ក្តីសុបិនរបស់ខ្ញុំកាលពីខ្ញុំនៅតូចៗ ពេលមករៀនពេលខ្លះគ្រូអត់មក កាលជំនាន់ខ្ញុំរៀនគ្រូសុទ្ធតែប្រុសអត់មានស្រីទេ ហើយគាត់នៅឆ្ងាយៗណាស់ ដល់អីចឹងខ្ញុំគិតថា បើសិនជាខ្ញុំអនាគតខ្ញុំធ្វើគ្រូ ខ្ញុំនឹងមកបង្រៀននៅហ្នឹងវិញ។
បើតាមអ្នកគ្រូ ម៉េង សៀវភីង បានបញ្ជាក់ថា មកដល់បច្ចុប្បន្នបើទោះបីមានការអភិវឌ្ឍរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ មាតាបិតាក៏បានយល់ដឹងពីតម្លៃនៃការសិក្សា បានជំរុញកូនៗទាំងប្រុសស្រី ឱ្យខិតខំរៀនសូត្របានប្រសើរជាងមុន ប៉ុន្តែក្នុងមូលដ្ឋាននេះ សាលារៀនមានត្រឹមកម្រិតអនុវិទ្យាល័យប៉ុណ្ណោះ ដូច្នេះក្នុងនាមប្រជាពលរដ្ឋមូលដ្ឋានអ្នកគ្រូ ចង់ឱ្យមានការបង្កើតសាលាកម្រិតវិទ្យាល័យនៅក្បែរៗនោះដើម្បីសម្រួលដល់ការសិក្សារបស់ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប៕