សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៣ ខែឧសភានេះ
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំប្រចាំឆ្នាំជាមួយអ្នកសារព័ត៌មាននៅកម្ពុជាលើកទី៧ សម្រាប់ឆ្នាំ២០២៥ ដែលមានអ្នកចូលរួមសរុបប្រមាណ ៥ ០០០នាក់ រួមមានសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួង-ស្ថាប័នអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងក្រុមការងារព័ត៌មាននិងសាធារណមតិ អ្នកសារព័ត៌មាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា ក៏ដូចជាអ្នកផលិតមាតិកា និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម (Social Media Influencers)។
ជំនួបមហាគ្រួសារអ្នកសារព័ត៌មាននេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងប្រចក្សនូវការយកចិត្តទុកដាក់ខ្ពស់ និងការគិតគូរពីសុខទុក្ខអ្នកសារព័ត៌មាន អាជីពនិងអ្នកប្រកបអាជីពក្នុងវិស័យសារព័ត៌មាននិងសោតទស្សន៍ទាំងអស់របស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី លោក ជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ជំនួបនេះក៏ជាការបន្តថែរក្សាបាននូវកេរតំណែលនៃភាពជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ពិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី ៧ នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសដែលកម្ពុជារស់ក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តពីបិតាស្ថាបនិកស ន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនោះវិស័យសារព័ត៌មាននៅកម្ពុជាក៏មានការរីកចម្រើន មានសណ្តាប់ធ្នាប់ និងលំហនៃសេរីភាពសារព័ត៌មានកាន់តែរីកធំប្រកបដោយការទទួលខុសត្រូវ និងការគោរពក្រមសីលធម៌ វិជ្ជាជីវៈ សេរីភាពសារព័ត៌មានកាន់តែមានភាពប្រសើរឡើង។
នៅក្នុងគោលបំណងបន្តរួមចំណែកការពារសន្តិភាព ស្ថេរភាព និងសន្តិសុខ រួមជាមួយការលើកស្ទួយសិទិ្ធសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិ និងការបើកទូលាយក្នុងការផ្តល់ ព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីរបបសារព័ត៌មាន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មានបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយបានដាក់ចេញនូវផែនការ និងសកម្មភាពស្តីពីការពង្រឹងការគ្រប់គ្រង តាមបទដ្ឋានច្បាប់និងបច្ចេកទេស ការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន និងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។ ក្នុងដំណាក់កាលចុងក្រោយនេះ ក្រសួងព័ត៌មានបានធ្វើការតាមដានយ៉ាងហ្មត់ចត់លើការវិវឌ្ឍ និងឥទ្ធិពលនៃការធ្វើបរិវត្តកម្មបញ្ញាសិប្បនិមិត្ត ក្នុងវិស័យព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាវាយតម្លៃលើផលប៉ះពាល់វិជ្ជមាននិងអវិជ្ជមាននៃបញ្ញាសប្បនិមិត្តមកលើសារព័ត៌មាន។
វិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានការវិវត្តគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងដំណាក់កាលនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលបាននាំមកនូវប្រព័ន្ធផ្សព្វផ្សាយជំនាន់ថ្មី ដូចជាបញ្ញាសិប្បនិមិត្ត និងការចាប់ផ្តើមនៃប្រព័ន្ធផ្សព្វផ្សាយជំនាន់ទី ៥ (5G) ជាដើម។ ក្នុងដំណាក់កាលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ដើម្បីជំរុញសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយ អាទិភាពការងារដែលក្រសួងព័ត៌មានបានបន្តផ្តោតលើរួមមាន៖ ទី១. ការផ្លាស់ប្តូរប្រព័ន្ធផ្សាយពីអាណាឡូកទៅឌីជីថល ដោយស្របតាមការប្តេជ្ញា ចិត្តរួមរបស់អាស៊ាន។ ការជំរុញប្រព័ន្ធផ្សាយតាមឌីជីថល នឹងលើកកម្ពស់នូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋផងដែរ។ ទី២.ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងពង្រីកវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលឿន រហ័សទាន់សភាពការណ៍។ទី៣. ការលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនប្រសិទ្ធភាពនិងគុណភាពនៃការផ្សព្វផ្សាយ ដោយផ្តោតលើការគាំទ្រផ្នែកច្បាប់ និងការកសាងនិងអភិវឌ្ឍសមត្ថភាព។ ទី៤. ការរៀបចំបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសម្រាប់លើកកម្ពស់ការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងសមិទ្ធផល។ ទី៥. ការកសាងនិងអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីនិងអ្នកប្រកបអាជីព ក្នុងវិស័យព័ត៌មាននិងសោទស្សន៍ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុង វិស័យសារព័ត៌មាន។ ទី៦. ការផលិតមាតិកា និងខ្លឹមសារ ដើម្បីកសាងទំនុកចិត្ត និងទាក់ទាញការគាំទ្រពីសាធារណជន។ ទី៧.
ការធានាបាននូវសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ដោយបង្ការ ទប់ស្កាត់ និងលុបបំបាត់ដំណឹងក្លែងក្លាយ ព័ត៌មានបំភាន់ និងព័ត៌មានបំភ្លៃបំផ្លើស ព័ត៌មានមិនពិត ដោយផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និង លឿនរហ័សជូនដល់ពលរដ្ឋតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ។
សូមបញ្ជាក់ថា តាមរយៈការសិក្សាដោយផ្អែកលើមូលដ្ឋាន និងវិធីសាស្ត្រស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់ក្រសួងព័ត៌មាន និងតាមរយៈការផ្តល់ចម្លើយលើការស្ទង់មតិអ្នកសារព័ត៌មាន ចំនួន ៨១,៤ ភាគរយបានវាយតម្លៃថា ស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជាឆ្នាំ ២០២៥មានភាពល្អប្រសើរ។ ភាពល្អប្រសើរដោយសារអ្នកសារព័ត៌មានសង្កេតលើការរៀបចំ សណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មានបានល្អ ឃើញកើនឡើងការគោរពអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ រួមនឹងវិធានការទាំងឡាយក្នុងការពង្រឹងសន្តិសុខព័ត៌មាន សិទ្ធិទទួលព័ត៌មាន គុណភាពព័ត៌មាននិងសុវត្ថិភាពព័ត៌មានមានប្រសិទ្ធភាពល្អ។ ជាមួយការពង្រឹងឡើងវិញលើសណ្តាប់ធ្នាប់សារព័ត៌មាន តាមរយៈការសិក្សាស្រាវជ្រាវរបស់ក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ១០០ ភាគរយ នៃចំនួនស្ទង់មតិ បានបញ្ជាក់ថា ការគោរពក្រមសីលធម៌និងវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺមានសារៈសំខាន់ ដោយត្រូវប្រកាន់ខ្ជាប់ក្នុងអាជីពជាអ្នកសារព័ត៌មាន៕