វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៣ ឧសភា ២០២៥
MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មាននឹងរៀបចំច្បាប់ចាំបាច់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាព និងបង្កើនសមត្ថភាពស្ថាប័នព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងបែបនេះនៅក្នុងពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ នៅល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្រសួងព័ត៌មាននឹងត្រូវរៀបចំច្បាប់ចាំបាច់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាព និងបង្កើនសមត្ថភាពស្ថាប័នព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្រសួងព័ត៌មាន ដោយបន្តជំរុញការផ្លាស់ប្តូរការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាឌីជីថល ជំរុញការអភិរក្សការផ្សាយតាមវិទ្យុ និងការបង្កើនសមត្ថភាពអ្នកសារព័ត៌មាន។ ក្នុងន័យនេះ ក្រសួងព័ត៌មាននឹងត្រូវរៀបចំច្បាប់ចាំបាច់ និងលិខិតបទដ្ឋានគតិយុត្តមួយចំនួន រួមមាន៖ ការពិនិត្យឡើងវិញច្បាប់ស្តីពីរបបសារព័ត៌មាន; ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសោតទស្សន៍;រៀបចំគោលនយោបាយអភិវឌ្ឍន៍ទូរទស្សន៍ឌីជីថលកម្ពុជា និង រៀបចំគោលនយោបាយធនធានមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បន្ដទៀតថា ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព វិជ្ជាជីវៈអ្នកសារព័ត៌មាន និង ហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មានបានយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពព័ត៌មាន តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងអ្នកសារព័ត៌មាន, ពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ និងការជំរុញនិងលើកទឹកចិត្តឱ្យការផលិតខ្លឹមសារសម្រាប់ការផ្សព្វផ្សាយឈរលើមូលដ្ឋានការពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងប្រកបដោយចំណេះដឹង។ ក្នុងឆ្នាំ២០២៤កន្លងទៅ និងនៅដើមឆ្នាំ២០២៥ នេះ ក្រោមកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្រសួងព័ត៌មានបានបន្តរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លីសំខាន់ៗ ដល់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការធ្វើសេចក្តីរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការពង្រឹងតួនាទីអ្នកនាំពាក្យសម្រាប់មន្ត្រីព័ត៌មាន។ ក្នុងគោលដៅលើកកម្ពស់សណ្តាប់ធ្នាប់សារព័ត៌មានក្រសួងព័ត៌មានបានបន្តជំរុញដល់សមាគមអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់លើការកសាង និងអភិវឌ្ឍសមត្ថភាពដល់អ្នកសារព័ត៌មានដែលជាសមាជិករបស់ខ្លួន ដោយក្រសួងព័ត៌មានផ្តល់ជំនួយផ្នែកបច្ចេកទេស វាគ្មិនជំនាញ ដើម្បីពង្រឹងសមត្ថភាព ការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ សូមជម្រាបថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ក្រសួងព័ត៌មានបានចេញប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មាន សមាគមសារព័ត៌មានអនុវត្ត ដោយក្នុងនោះក្រសួងព័ត៌មានបានបោះពុម្ពកូនសៀវភៅ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានចំនួន២ ម៉ឺនក្បាល ដើម្បីចែកជូនដោយឥតគិតថ្លៃដល់អ្នកសារព័ត៌មាន សមាគមសារព័ត៌មាន ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីការពារសុវត្ថិភាពអ្នកសារព័ត៌មានពេលចុះបំពេញការងារយកព័ត៌មាន, ក្រសួងព័ត៌មាន បានសហការជាមួយអង្គការយូណេស្កូ ចែកអាវកាក់សារព័ត៌មានដល់អ្នកសារព័ត៌មានជាច្រើននាក់។ ក្រសួងព័ត៌មានក៏បានជំរុញការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម ការបង្កើតមាតិកា និងការផ្សព្វផ្សាយដោយការទទួលខុសត្រូវ មិនតែប៉ុណ្ណោះ ក្រសួងព័ត៌មានក៏បានចេញសេចក្តីណែនាំតម្រង់ទិស នានាដល់អ្នកសារព័ត៌មាន កុំបង្កើតមាតិកាព័ត៌មានដោយប្រើប្រាស់វិធីសាស្ត្រ ហ្វ្រេងដែលប៉ះពាល់ដល់ សិទ្ធិនិងសេចក្តីថ្លៃថ្នីរ និងបង្កើតភាពឈឺចាប់ដល់អ្នកដទៃ, ហាមឃាត់ការធ្វើបទសម្ភាសមនុស្សមាន វិបល្លាសស្មារតី អ្នកស្រវឹងស្រា ដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន និងអ្នកបែកថ្នាំ ដើម្បីចៀសវាងការ បង្កើតឱ្យមានការយល់ច្រឡំក្នុងសង្គម៕