វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី៥ ឧសភា ២៥
អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន PTI បានរាយការណ៍ដោយដកស្រង់ប្រភពនៅក្នុងរដ្ឋាភិបាលថា រដ្ឋមន្ត្រីការពារជាតិឥណ្ឌាប្រហែលជាមិនចូលរួមក្នុងក្បួនដង្ហែជ័យជម្នះនៅទីក្រុងមូស្គូក្នុងឆ្នាំនេះតាមការគ្រោងទុកនោះទេ ដែលអាចទៅរួចដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោកនឹងចូលរួមជំនួសវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ យោងតាមប្រភព ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែភាពតានតឹងកាន់តែខ្លាំងឡើងរវាងឥណ្ឌា និងប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏សាហាវនៅទីក្រុងទេសចរណ៍ដ៏ពេញនិយមប៉ាហាលហ្គាម និងកាស្មៀរ ដែលមានមនុស្ស ២៦នាក់ត្រូវបានស្លាប់។ កាលពីថ្ងៃទី២២ ខែមេសា ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើអ្នកទេសចរនៅទីក្រុងប៉ាហាលហ្គាម ភាគខាងជើងប្រទេសឥណ្ឌា ដោយបានសម្លាប់ជនជាតិឥណ្ឌា ២៦នាក់ និងភ្ញៀវទេសចរម្នាក់មកពីប្រទេសនេប៉ាល់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ គួរបញ្ជាក់ថា ការអញ្ជើញចូលរួមក្បួនដង្ហែជ័យជម្នះក្នុងទីក្រុងមូស្គូនេះ ត្រូវបានផ្ញើជូននាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។ លោក ឌីមីទ្រី ប៉េសកូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់អ្នកសារព័ត៌មានថា លោក Modi នឹងមិនអាចចូលរួមបានទេ ហើយប្រទេសនេះនឹងត្រូវបានតំណាងនៅក្នុងព្រឹត្តិការណ៍ដោយមន្ត្រីផ្សេងទៀត៕