វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៥ ៥ ២៥
អន្តរជាតិ៖ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាបទឈប់បាញ់មួយជាមួយរុស្ស៉ី អាចធ្វើឡើងនៅពេលណាក៏បានហើយបានអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវដាក់សម្ពាធជាអតិបរមាលើទីក្រុងមូស្គូឱ្យអនុវត្តតាម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការលើកឡើងរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានរួមមួយជាមួយប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Petr Pavel។ មេដឹកនាំអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថាលុះត្រាតែបង្កើនការដាក់សម្ពាធ បើពុំដូច្នោះទេ លោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចាត់វិធានការសកម្មភាពជាក់ស្ដែងដើម្បីបិទបញ្ចប់សង្រ្គាមទេ។ យើងជឿជាក់ថាបើមិនមានការបង្កើនដាក់ សម្ពាធទេ នោះរុស្ស៉ីនឹងមិនចាត់វិធានការជាក់ស្ដែងដើម្បីបិទបញ្ចប់សង្រ្គាមឡើយ។ ថ្ងៃនេះគឺជាថ្ងៃទី៥៤ ដែលរុស្ស៉ីមិនអើពើនឹងសំណើបទឈប់បាញ់ពេញលេញមួយរបស់សហរដ្ឋអាម៉េរិក។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។ លោកបន្ថែមទៀតថា “យើងជឿថាបទឈប់បាញ់មួយអាចធ្វើនៅពេលណាក៏បាន ឬអាចនៅថ្ងៃនេះក៏ថាបាន ហើយបទឈប់បាញ់នេះនឹងមានរយៈពេលយ៉ាងហោច ៣០ថ្ងៃ ដើម្បីទុកឱកាសពិតប្រាកដដល់ការទូត”។ គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនលោក ពូទីន បានប្រកាសពីបទឈប់បាញ់រយៈពេល៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា នាឱកាសនៃការរៀបចំពិធីរំលឹកខួបលើកទី៨០ នៃទិវាជ័យជម្នះរបស់អតីតសហភាពសូវៀត នៅក្នុងសង្រ្គាមលោកលើកទី២ លើរបបណាហ្ស៉ីអាល្លឺម៉ង់។ ប៉ុន្តែ លោក ហ្សេលេនស្គី បានច្រានចោលបទឈប់បាញ់នេះ ដោយលោកចង់ឱ្យរុស្ស៉ីទទួលយកដោយគ្មានលក្ខខណ្ឌនូវបទឈប់បាញ់យ៉ាងហោច ៣០ថ្ងៃដែលស្នើឡើងដោយសហរដ្ឋអាម៉េរិកកាលពីខែមីនា៕