វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៥.០៥.២០២៥
លោក ម៉ុយ ប៊ុនលាភ ម្ចាស់សិប្បកម្ម ម៉ាច ម៉ុយ មានឆន្ទៈខ្ពស់ក្នុងការផលិតឧបករណ៍ភ្លេងខ្មែរ និងចែករំលែកចំណេះជំនាញដល់ក្មេងជំនាន់ក្រោយ ដើម្បីរួមគ្នាអភិរក្សឧបករណ៍ភ្លេងខ្មែរឱ្យបានគង់វង្ស ព្រោះការផលិតឧបករណ៍ភ្លេងនីមួយៗ ទាមទារឱ្យអ្នកផលិតត្រូវចេះជំនាញតពីដូនតា ត្រឹមត្រូវ គួបផ្សំនឹងការសិក្សាស្វែងយល់ច្បាស់លាស់ ដើម្បីប្រកាន់ខ្ជាប់នូវរចនាប័ទ្មនិងក្បួនខ្នាត ដែលបញ្ជាក់អំពីអត្តសញ្ញាណជាតិខ្មែរ ។
លោក ម៉ុយ ប៊ុនលាភ ម្ចាស់សិប្បកម្ម ម៉ាច ម៉ុយ សាខាទី២ ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រះស្រែ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ បានលើកឡើងថា សិប្បកម្មរបស់លោក មានផលិតឧបករណ៍ជាច្រើនប្រភេទ រួមមាន ៖ ស្គរតូច ស្គរធំ ស្គរសំភោរ ស្គរឆៃយ៉ាំ ទ្រខ្មែរ ទ្រសោ គង ឃ្មោះ ឈិង ស្រឡៃ ឃឹម តាខេ ចាប៉ីដងវែង រនាតឯក រនាតធុង គងជ័យ ស្គរជ័យ ដែលសុទ្ធសឹងតែជាឧបករណ៍តម្រូវក្នុងវង់ភ្លេងខ្មែរ ដូចជា ៖ របាំព្រះរាជ្យទ្រព្យ ពិណពាទ្យ មហោរី ឆៃយ៉ាំ វង់ភ្លេងប្រគំក្នុងពិធីសាសនា ការសម្ដែងរបាំ ពិធីបុណ្យទាន ពិធីមង្គលការ ជាដើម ។
លោកបានបន្តថា មុខរបរនេះលោកបានធ្វើបន្តពីឪពុករបស់លោក ដោយសារតែការស្រឡាញ់ និងមានគោលបំណងធំនោះ គឺចង់អភិរក្សភ្លេងខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយឱ្យបានស្គាល់ច្បាស់ថា ឧបករណ៍ទាំងនេះ គឺជារបស់ដូនតាខ្មែរយើងដែលបានបន្សល់ទុកតាំងពីបុរាណកាលមក ។
« នៅពេលដែលយើងកើតមកឃើញឧបករណ៍ទាំងនេះហើយ ដូច្នេះនៅពេលដែលយើងឃើញជារៀងរាល់ថ្ងៃគឺយើងស្រឡាញ់និងចង់ធ្វើឧបករណ៍ទាំងអស់នេះ ហើយបើទោះបីជាចង់ដកចេញការរកមុខរបរអ្វីផ្សេងនោះ ក៏ធ្លាប់បានគិតដែរ ប៉ុន្តែនៅតែដក់ជាប់ជាមួយនឹងការធ្វើឧបករណ៍ភ្លេងទាំងនេះ ណាមួយគឺគិតឃើញថាបើសិនជាខ្ញុំមិនទៅរៀនធ្វើឧបករណ៍ទាំងនេះទេនោះ អាចទៅជំនាន់ក្រោយៗទៀត នឹងបាត់ពីរបៀបនៃការធ្វើឧបករណ៍ភ្លេងខ្មែរ ដោយសារតែបច្ចុប្បន្ននេះឧបករណ៍ភ្លេងខ្មែរសឹងតែគ្មានអ្នកធ្វើ ហើយរហូតទៅដល់ផ្លាស់ប្តូរបច្ចេកទេសនៃការធ្វើ ខុសពីបច្ចេកទេសបុរាណទៀតផង ដូច្នេះក៏នឹកឃើញថាចង់គាស់រំលើងបច្ចេកទេសពីបុរាណមកវិញឱ្យបានខ្លះដែរ មិនឱ្យបាត់ទាំងស្រុងនោះទេ ។ ហើយសម្រាប់ខ្ញុំផ្ទាល់ គឺគិតឃើញថាឧបករណ៍ភ្លេងខ្មែរក៏ដូចឧបករណ៍បរទេសដែរ ប៉ុន្តែឧបករណ៍ភ្លេងខ្មែរមានរសជាតិផ្អែមជាងបរទេស ត្រង់ថា ខ្មែរមានភាពសម្បូរបែបជាង ដូច្នេះគួរណាតែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមលើកស្ទួយ អភិរក្ស ហើយមិនត្រឹមតែអភិរក្សទេ គឺយើងថែមទាំងអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពឧបករណ៍តន្ត្រីខ្មែរទៅកាន់បរទេសឱ្យបានស្គាល់កាន់តែច្បាស់ » ។
សព្វថ្ងៃនេះ សម្រាប់សិប្បកម្ម ម៉ាច ម៉ុយ ក៏ទទួលបានសិទ្ធិពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលសិស្សពីបច្ចេកទេសនៃការផលិតឧបករណ៍ភ្លេងខ្មែរជាច្រើនប្រភេទ ដោយមានទាំងថវិកាឧបត្ថម្ភដល់សិស្សដែលចូលមកសិក្សាថែមទៀតផង ។ ក្នុងនោះ លោកក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់សិក្សាពីឧបករណ៍ភ្លេងខ្មែរបុរាណ អាចមកចូលរួមចុះឈ្មោះនៅក្នុងសិប្បកម្ម ម៉ាច់ ម៉ុយ បាន ដើម្បីរួមគ្នាបន្តអភិរក្សឧបករណ៍ភ្លេងខ្មែរឱ្យបានគង់វង្ស ៕