វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៥.០៥.២០២៥
រដ្ឋមន្ត្រីកសិកម្ម ថ្លែងថា ការចុះកិច្ចសន្យាផលិតកម្មកសិកម្មតាំងពីដើមរដូវ នឹងធ្វើឱ្យអ្នកទិញនិងអ្នកផលិត ទទួលបានអត្ថប្រយោជន៍រៀងៗខ្លួន ព្រោះមានការធានាអំពីតម្លៃច្បាស់លាស់លើបរិមាណ និងគុណភាពផលិតផលកសិកម្ម ។
ក្នុងពិធីចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវ រវាងសហគមន៍កសិកម្មទំនើបចំនួន២នៅខេត្តកំពង់ធំ ជាមួយក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប និងក្រុមហ៊ុន BRM AGRO CO.,LTD កាលពី ពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការរៀបចំនិងផ្ដួចផ្ដើមជំរុញឱ្យមានការបង្កើតទៅជាសហគមន៍កសិកម្មទំនើប គឺផ្តល់ជូនគ្រប់ប្រភេទដំណាំកសិកម្មទាំងអស់ ដូចជា ៖ ស្រូវ ស្វាយចន្ទី និងបន្លែ ព្រោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចង់ជួយឱ្យដំណាំរបស់ប្រជាកសិករ មានទីផ្សារល្អប្រសើរ ខណៈដែលបច្ចុប្បន្ននេះ ប្រជាកសិករមានលទ្ធភាពក្នុងការដាំដុះដំណាំបានយ៉ាងច្រើនប្រភេទ ដែលធ្វើឱ្យតម្លៃដំណាំកសិកម្មមានការប្រកួតប្រជែង ។ ដូច្នេះ ដើម្បីធ្វើយ៉ាងណាឱ្យដំណាំរបស់ប្រជាកសិករមានតម្លៃនិងមានគុណភាពល្អ គឺទាមទារឱ្យមានការរៀបចំតាំងពីមុនពេលចាប់ផ្តើមដាំដុះដំណាំ ដោយត្រូវមានការគិតគូរតាំងពីប្រភេទពូជដំណាំ បច្ចេកទេស ទីផ្សារ បរិមាណ និងគុណភាព ។
ឯកឧត្តមបានបន្តថា សម្រាប់ការធានានូវស្ថិរភាពថ្លៃ គឺមិនមែនរាជរដ្ឋាភិបាលឬក្រសួងកសិកម្ម ត្រូវធានាដោយយកថវិកាទៅទិញ នោះទេ គឺជាការធានាដល់ការរៀបចំឱ្យមានជាទីផ្សារទុកជាមុន ដែលរបៀបនេះគឺអាចរក្សាស្ថិរភាពថ្លៃ មិនមែនឃើញដំណាំណាមួយមានតម្លៃថោក ហើយយកថវិការដ្ឋទៅទិញ រួចយកទៅចែកជូនប្រជាជនវិញនោះទេ ដោយសារទំនិញគឺមានច្រើនប្រភេទ ។ ដូច្នេះហើយការរៀបចំឱ្យត្រូវទៅតាមទីផ្សារ គឺត្រូវរៀបចំតាំងពីដើមរដូវ ដោយមានផែនការជាក់លាក់ត្រូវជាមួយនឹងទីផ្សារ ដែលទាំងនេះគឺជាកិច្ចការងាររបស់ក្រសួងកសិកម្ម សម្រាប់ជួយទៅដល់ប្រជាកសិករ ។
ជាមួយគ្នានេះ សម្រាប់អ្នកវិនិយោគ ក៏ក្រសួងកសិកម្ម ប្រមូលបញ្ចូលទៅក្នុងខ្សែចង្វាក់តម្លៃជាមួយគ្នាផងដែរ ដើម្បីឱ្យគាត់អាចប្រមូលទិញដំណាំពីសហគមន៍ ដែលសមាជិកសហគមន៍ផលិតបាន ស្របតាមស្តង់ដារ គុណភាព ដែលអ្នកប្រមូលទិញចង់បាន ។
« ដូច្នេះរបៀបទាំងអស់នេះគឺចំណេញទាំងអស់គ្នា ហើយយើងពង្រឹងខ្សែចង្វាក់តម្លៃផលិតកម្មនេះឯង ទើបយើងអាចរក្សាទីផ្សារ និងស្ថិរភាពថ្លៃ ដើម្បីចំណេញទាំងអស់គ្នា ជាជាងការធ្វើដាច់ដោយដុំ ដាច់ដោយឡែករៀងៗខ្លួន ហើយទីចុងបញ្ចប់មិនអាចតភ្ជាប់ទៅទីផ្សារបាន ហើយមានការបារម្ភថា ទំនិញធ្លាក់ថ្លៃ ទាំងនេះមិនមែនជារឿងធ្លាក់ថ្លៃអ្វីនោះទេ គឺមកពីការផលិតមិនចំទីផ្សារ បើសិនជាយើងចង់ផលិតចំទីផ្សារ គឺយើងត្រូវរៀបចំផែនការឱ្យបានពីដើមរដូវតែម្ដង ដូច្នេះការចូលរួមរបស់អ្នកផលិតនិងអ្នកទិញគឺពិតជាសំខាន់ណាស់ ចូលរួមពីដើមរដូវរួមគ្នាគិតជាមួយគ្នា ដើម្បីអនុវត្តផែនការដែលបានដាក់ចេញ ដូច្នេះទើបអាចធានាទីផ្សារបាន ហើយសម្រាប់កសិករដែលបានចូលរួមនៅក្នុងសហគមន៍ គឺមិនមានការព្រួយបារម្ភទៅនឹងរឿងទីផ្សារនោះទេ ព្រោះដឹងថា មានការធានាតាំងពីដើមរដូវតែម្ដង» ។
សូមបញ្ជាក់ថា ពិធីចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវ រវាងសហគមន៍កសិកម្មទំនើបចំនួន២នៅខេត្តកំពង់ធំ ជាមួយក្រុមខ្មែរហ៊្វូតគ្រុប និងក្រុមហ៊ុន BRM AGRO CO.,LTD ដែលគិតជាប្រាក់ប្រមាណ៤,៥លានដុល្លារនេះ ធ្វើឡើងក្នុងគោលបំណងផ្គត់ផ្គង់ និងទិញលក់ស្រូវចម្រុះចំនួន១៨៥០០ តោន លើផ្ទៃដីទំហំ ៣២០០ហិកតា ។ រយៈពេលផលិតកម្មនៃកិច្ចសន្យា គិត ចាប់ពីខែមេសា រហូតដល់ខែសីហា ឆ្នាំ២០២៥ ធ្វើឡើងសម្រាប់ពូជស្រូវ៤ប្រភេទ គឺ ស្រូវសែនក្រអូប ស្រូវស្រងែស្រាល ស្រូវអូអឹម៥៤៥១ និងស្រូវអូអឹម៤៩០០ ។ លក្ខខណ្ឌថ្លៃត្រូវបានរៀបចំឡើងក្រោមរូបភាពថ្លៃថេរផង និងថ្លៃប្រែប្រួលទៅតាមទីផ្សារជាក់ស្តែង តែមានការធានាក្នុងកម្រិតអប្បបរិមាផងដែរ ៕