វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥
រដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី០៥ខែ ឧសភា ឆ្នាំ២០២៥ បានរៀបចំធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល របស់រដ្ឋបាលខេត្តសៀមរាប ជូនដល់សាស្រ្តាចារ្យ និស្សិត នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ចំនួន ៩០នាក់ ក្រោមអធិបតីភាព លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។
លោក ឌី រ៉ាដូ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល របស់រដ្ឋបាលខេត្តសៀមរាបនេះ គឺជាការបើកចំហនិងផ្ដល់កាលានុវត្តភាពថ្មីមួយដល់សមណនិសិ្សត និង ប្អូនៗនិស្សិត ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីការគ្រប់គ្រងការងាររដ្ឋបាលជាក់ស្តែងនៅខេត្តសៀមរាប ក្នុងការឆ្លុះបញ្ចាំងការអនុវត្តនឹងទ្រឹស្តី ។ លោកអភិបាលរងខេត្ត បានបន្ថែមថា លើសពីនេះទៅទៀត កម្មវិធីនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពធនធានមនុស្សឲ្យមានសមត្ថភាពបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបន្តថា ការធ្វើបទបង្ហាញចែករំលែកលើប្រធានបទពាក់ព័ន្ធ ទៅនឹងការសិក្សា របស់និសិ្សតទាំងអស់ ក្នុងការទទួលបាននូវបទពិសោធន៍នានា ក្នុងការអនុវត្តការងារជាក់ស្តែងរបស់ខេត្ត ។ ដូចនេះ រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតនឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ល្អៗ តាមការរំពឹងទុក និង ស្របតាមគោលបំណងនៃទស្សនកិច្ចសិក្សានៅលើទឹកដីប្រវត្តិសាស្ត្រនេះ ។
សូមជម្រាបថា បទបង្ហាញ ចែករំលែកបទពិសោធន៍លើការងារគ្រប់គ្រងរដ្ឋបាល របស់រដ្ឋបាលខេត្តសៀមរាបនេះ វាគ្មិនបានធ្វើបទបង្ហាញអំពីរបៀបរបប នៃការគ្រប់គ្រងឯកសារ និង ចរាចរលិខិតនានាទៅតាមទីចាត់ការ និង អង្គភាពបានល្អ និង អំពីនិតិវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និង នីតិវិធីនិងដំណើរការគ្រប់គ្រង នៃការផ្តល់សេវាសាធារណៈរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត និង តួនាទី ភារកិច្ច លើវិធីសាស្ត្រ សម្រុះសម្រួល ដោះស្រាយនូវរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ តាមរយៈការិយាល័យប្រជាពលរដ្ឋខេត្តជាដើម៕