វិទ្យុជាតិកម្ពុជា ០៦ ០៥ ២០២៥
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប របាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ និងរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការដំឡើងឋានន្តរស័ក្តិ និងថ្នាក់សម្រាប់អ្នករាជការ គ.ជ.ប ឆ្នាំ២០២៥។
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី៦ ខែឧសភានេះ អង្គប្រជុំ គ.ជ.ប បានកែសម្រួលខ្លឹមសារនៃកំណត់ហេតុលើចំណុចនីមួយៗ បន្ទាប់មកអង្គប្រជុំ គ.ជ.ប បានឯកភាព រួមមាន៖
១. របៀបវារៈទី១៖ បានឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
២. របៀបវារៈទី២៖ បានពិនិត្យកែសម្រួល និងសម្រេចលើរបាយការណ៍ស្តីពីការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមនៃខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដែលមានចំនួន ១៦ ទំព័រ មានឧបសម្ព័ន្ធចំនួន ១០។
៣. របៀបវារៈទី៣៖ បានសម្រេចលើរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការដំឡើងឋានន្តរស័ក្តិ និងដំឡើងថ្នាក់សម្រាប់អ្នករាជការ គ.ជ.ប ចំនួន ១៨២ រូបសម្រាប់ឆ្នាំ២០២៥ រួមមានដូចខាងក្រោម៖
ក. ដំឡើងឋានន្តរស័ក្តិមានចំនួន ២១ រូប៖
• ដំឡើងឋានន្តរស័ក្តិពីអនុមន្ត្រី ក.៣.១ ទៅ ក.២.៤ មានចំនួន ១១ រូប។
• ដំឡើងឋានន្តរស័ក្តិពីវរមន្ត្រី ក.២.១ ទៅ ក.១.៦ មានចំនួន ១០ រូប។
ខ. ដំឡើងថ្នាក់មានចំនួន ១៦១ រូប៖
• ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់មានចំនួន ៣១ រូប។
• ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិវរមន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់មានចំនួន ៣០ រូប។
• ដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិអនុមន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់មានចំនួន ៩០ រូប។
• ដំឡើងថ្នាក់មន្ត្រីនៃក្របខណ្ឌមន្ត្រីបោះឆ្នោតបឋមមានចំនួន១០ រូប។
ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍ថា បន្ទាប់ពីឯកឧត្តមចុះពិនិត្យមើលការងារចុះឈ្មោះបោះឆ្នោតនៅតាមសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ រួមទាំងព័ត៌មានដែលទទួលបាន ឯកឧត្តមបានវាយតម្លៃថា តួលេខអ្នកមកចុះឈ្មោះបោះឆ្នោត និងតួលេខអ្នកមកធ្វើទិន្នន័យជីវមាត្រក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ គឺនៅទាបនៅឡើយ ដូចនេះ ឯកឧត្តមប្រធាន គ.ជ.ប បានណែនាំដល់ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ត្រូវរិះរកវិធីជំរុញការងារនេះជាបន្តទៀតដើម្បីឱ្យការចុះឈ្មោះបោះឆ្នោត រួមទាំងការធ្វើទិន្នន័យជីវមាត្រសម្រេចបានតាមផែនការ គឺត្រូវណែនាំទៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត បន្ថែមទៀត ឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងឱ្យកាន់តែទូលំទូលាយ។ ជាពិសេសទៅទៀតគឺការធ្វើទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោត (ដែលភាសាសាមញ្ញ គឺថតរូបថ្មី និងផ្តិតមេដៃឡើងវិញ) សម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦៕